ពីនេះ ពីនោះ
អាស្រមអ្នកតាជ័យសង្គ្រាម ទីដែលអ្នកនេសាទ ផាន់ សុភឿន បានពន្លែងត្រីគល់រាំង ពីរក្បាលទម្ងន់សរុប ២៣០គីឡក្រាម អ្នកនេសាទដែលមានជំនឿ យកស្រាបៀរទៅថ្វាយអ្នកតាជ័យសង្គ្រាម
× អាស្រមអ្នកតាជ័យសង្គ្រាម ស្ថិតនៅប្រ៉បមាត់ច្រាំងនៃបឹងទន្លេសាប ក្បែរភូមិបណ្តែតទឹក កំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមអ្នកនេសាទដែលមានជំនឿ តែងតែមកបន់ស្រន់សុំសេចក្តីសុខ សម្រាប់រាល់ពេលដែលពួកគេចេញទៅនេសាទត្រីក្នុងបឹងទន្លសាប។ យោងតាមសម្តីរបស់លោក ផាន់ សុភឿន បានឲ្យដឹងថា អ្នកតាជ័យសង្គ្រាម គឺជាមេទ័ពផ្កាយបួនម្នាក់ និងជាម្ចាស់ទឹកម្ចាស់ដី ថែរក្សាទីស្ថាននៅទីនោះ។ ដោយសារតែមានជំនឿលើអ្នកតាជ័យសង្គ្រាម ក្រុមអ្នកនេសាទ បានរួមគ្នាបរិច្ចាកប្រាក់ផ្ទាល់ខ្លួន សាងសង់អាស្រមថ្វាយអ្នកតាជ័យសង្គ្រាមនេះឡើង ដោយអស់ថវិកាសរុប ជិតមួយម៉ឺនដុល្លាអាមេរិក។
អាស្រមអ្នកតាជ័យសង្គ្រាម មើលពីបឹងទន្លេសាប
ទិដ្ឋភាពនៃជណ្តើរឡើងអាស្រមអ្នកតាជ័យសង្គ្រាម
ទិដ្ឋភាពភូមិបណ្តែតទឹកកំពង់លួង មើលពីអាស្រមអ្នកតាជ័យសង្គ្រាម
គួររំលឹកថា អ្នកនេសាទ ផាន់ សុភឿន អាយុ ៣៥ ឆ្នាំ ជាអ្នកនេសាទ រស់នៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជាឪពុកដែលមានកូនប្រាំនាក់ក្នុងបន្ទុក ស្រីបីនាក់ ប្រុសពីរនាក់ លោក ផាន់ សុភឿន គឺជាអ្នកនេសាទគំរូម្នាក់ ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងភូមិ និងសហគមន៍ ក៏ដូចជាក្នុងសង្គមជាតិផងដែរ។
ក្នុងរដូវនេសាទឆ្នាំ ២០១៧ កន្លងទៅនេះ សុភឿន ធ្លាប់ចាប់បានត្រី គល់រាំង ចំនួនពីរក្បាល ដោយឧបករណ៍នេសាទ «លបឡុក» ដែលគាត់ដាក់ក្នុងបឹងទន្លេសាប។ សុភឿន បានបញ្ជាក់ថា ត្រីគល់រាំង ដែលគាត់ចាប់បាន ឈ្មោលទម្ងន់១១០គីឡូក្រាម មានពណ៌ទង់ដែងខ្ចី និងញីទម្ងន់១៣០គីឡូក្រាម មានពណ៌ក្រហមក្រម៉ៅ។ ដោយធ្លាប់ទទួលបានការផ្សព្វផ្សាយពីខាងរដ្ឋបាលជលផលថា ត្រីគល់រាំង ជាត្រីកម្រ និងជិតផុតពូជ ហើយក៏ជាត្រីតំណាងឲ្យអត្តសញ្ញាណជាតិកម្ពុជាផងនោះ ក្រោយចាប់បានភ្លាម ផាន់ សុភឿន ក៏បានរាយការណ៍ ទៅខណ្ឌរដ្ឋបាលជលផលប្រចាំស្រុកក្រគរ រួចក៏ធ្វើពិធី ដុតធូប បាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខ រួចព្រលែងចូលទៅក្នុងទន្លេវិញ។
លោក ផាន់ សុភឿន មានប្រសាសន៍ថា៖ «ត្រីគល់រាំង គឺជាប្រភេទត្រី ដែលឈ្មួញហ៊ានឲ្យតម្លៃខ្ពស់។ ក្នុងត្រីមួយក្បាលទម្ងន់៥០គីឡូ ឈ្មួញហ៊ានឲ្យតម្លៃចាប់ពី ៥០-៧០ដុល្លារទៅ ក្នុងមួយគីឡូក្រាម។ បើទម្ងន់ត្រីមួយក្បាល ១០០គីឡូក្រាមឡើងទៅ ឈ្មួញក៏ហ៊ានឲ្យតម្លៃ ថ្លៃជាង១០០ ទៅ ១៥០ដុល្លារ ក្នុងមួយគីឡូក្រាមដែរ។ ករណីដូចខ្ញុំអ៊ីចឹង ដែលបាប់បានត្រីគល់រាំងពីរក្បាល ទម្ងន់សរុប ២៤០គីឡូក្រាម បើខ្ញុំលក់ឲ្យឈ្មួញ ខ្ញុំនឹងទទួលបានប្រាក់ជាងពីរម៉ឺនដុល្លារ»។
លោកមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំមិនហ៊ានលក់ដូរត្រីប្រភេទនេះទេ ព្រោះខ្ញុំមានជំនឿយ៉ាងមុតមាំថា ត្រីគល់រាំង និងត្រីរាជ ក្រៅពីជាប្រភេទត្រីរងគ្រោះជិតផុតពូជ និងជាអត្តសញ្ញាណជាតិកម្ពុជា វាក៏ជាប្រភេទត្រីធំ ដែលពពួកអារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដី តាមថែរក្សាផងដែរ។ ដូច្នេះ ទោះបីឈ្មួញហ៊ានឲ្យតម្លៃខ្ពស់យ៉ាងណា ក៏ខ្ញុំមិនហ៊ានលក់ដូរដែរ ព្រោះប្រាក់ទាំងនោះ មិនអាចដោះស្រាយបញ្ហា ឬគ្រោះអកុសល ដែលកើតចេញពីការលក់ដូរត្រីនោះ មកលើគ្រួសារខ្ញុំបានទេ។ សេចក្តីសុខក្នុងគ្រួសារខ្ញុំសំខាន់ជាង និងមានតម្លៃជាង។ ម្យ៉ាងទៀត បើខ្ញុំលក់វា ស្មើនឹងខ្ញុំលក់អត្តសញ្ញាណជាតិកម្ពុជាអ៊ីចឹងដែរ»។
ជាស្ត្រីមេផ្ទះ ជាម្តាយ និងជាប្រពន្ធដ៏ល្អម្នាក់ អ្នកស្រីឆែម ស្រីណែត អាយុ៣១ឆ្នាំ បានយល់ស្របគ្រប់សកម្មភាព និងកិច្ចការជួយសង្គមទាំងឡាយ ដែលលោក ផាន់ សុភឿន ជាប្តី បានធ្វើ និងបានចូលរួម។ អ្នកស្រី ស្រីណែត មានប្រសាសន៍ថា៖ «ខ្ញុំគាំទ្រគ្រប់សកម្មភាពរបស់គាត់។ ខ្ញុំមិនចង់បានប្រាក់ដែលបានមកពីការលក់ដូរត្រីទាំងនោះទេ»។
យោងតាម គេហទំព័រ
https://km.wikipedia.org/wiki/ត្រីគល់រាំង អត្តសញ្ញាណជាតិនៃកម្ពុជា មានដូចជា៖ ទង់ជាតិកម្ពុជា, ព្រះឆាយាល័ក្ខកម្ពុជា (ព្រះសិង្ហា), បទនគររាជ (ភ្លេងជាតិ), ប្រាសាទអង្គរវត្ត, ផ្ការំដួល, ដើមត្នោត, ចេកពងមាន់, ត្រីគល់រាំង, សត្វត្រយ៉ង, អណ្ដើកហ្លួង និង គោព្រៃ។
ត្រីគល់រាំង មានឈ្មោះវិទ្យាសាស្ត្រ (Catlocarpio siamensis) និងឈ្មោះជាភាសាអង់គ្លេស giant barb ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Critically Endangered)ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះជិតផុតពូជធ្ងន់ធ្ងរ។ ត្រីប្រភេទនេះ ត្រូវបានគេគិតថា ការអភិវឌ្ឍន៍ទំបន់វារិអគ្គិសនី នៅដងទន្លេមេ ក្នុងទន្លេមេគង្គ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទឆក់ដោយចរន្តអគ្គិសនី ការចាប់កូនត្រីធ្វើពាណិជ្ជកម្ម ក្នុងរដូវត្រីពង-កូន អាចនឹងធ្វើឲ្យមានការថយចុះចំនួនត្រី ដែលនៅសេសសល់នេះបន្ថែមទៀត។
(អត្ថបទៈ Chhut Chheana រូបភាពៈ Phanara Thach / USAID Wonders of the Mekong).
© រក្សាសិទ្ធិដោយ thmeythmey.com