ជាតិ
កម្ពុជា ថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី ស្របតាម​លទ្ធិប្រជាធិបតេយ្យ
19, Mar 2018 , 3:38 pm        
រូបភាព
លោក វ៉្លាឌីមៀ ពូទីន កំពុងបោះឆ្នោត (រូបភាព៖ AFP)
លោក វ៉្លាឌីមៀ ពូទីន កំពុងបោះឆ្នោត (រូបភាព៖ AFP)
​ភ្នំពេញ​៖ កម្ពុជា គាំទ្រ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រុស្ស៊ី ដែល​ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ តាមរយៈ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី កាលពី​ថ្ងៃទី​១៨ មីនា លោក វ៉្លាឌឺ​មៀ ពូ​ទីន ដែលជា​ប្រធានាធិបតី​បច្ចុប្បន្ន បានទទួល​សំឡេងគាំទ្រ​ច្រើន​លើសលប់ សម្រាប់​ការដឹកនាំ​ប្រទេស​បន្តទៀត​។



​គណប្រតិភូ​កម្ពុជា ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅក្នុង​ប្រទេស​រុស្ស៊ី បាន​ទទួលស្គាល់ថា ដំណើរការ​បោះឆ្នោត នៅតាម​ការិយាល័យ ដែល​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​រុស្ស៊ី រៀបចំ​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ ការទទួលខុសត្រូវ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ដែល​ប្រព្រឹត្តទៅ​ស្របតាម​បរិយាកាស​ស្ងប់ស្ងាត់​។​

​គណប្រតិភូ​កម្ពុជា បាន​អះអាងថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៃ​សហព័ន្ធរុស្ស៊ី មាន​សេរី​យុត្តិធម៌ និង​តម្លាភាព ស្របតាម​ច្បាប់បោះឆ្នោត និង​ច្បាប់​ពាក់ព័ន្ធ​នានា​របស់​សហព័ន្ធរុស្ស៊ី​។ សេចក្តី​ថ្លែង​ការរួម​របស់​តំណាង​កម្ពុជា ពី​ព្រឹទ្ធសភា រដ្ឋសភា និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត ដែល​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​រុស្ស៊ី កាលពី​ថ្ងៃទី​១៨ មីនា បាន​អត្ថា​ធិបតេយ្យ​ដូច្នេះ​ថា​៖«​តាម​ការសង្កេត​របស់​គណៈប្រតិភូ ការបើក​ការិយាល័យ​បោះឆ្នោត ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត មាន​កម្រិត​បទដ្ឋាន​អន្តរជាតិ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​»​។​

​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី បាន​បង្ហាញថា លោក វ៉្លាឌឺ​មៀ ពូ​ទីន ដែលជា​ប្រធានាធិបតី​បច្ចុប្បន្ន បានទទួល​សំឡេងគាំទ្រ​ពី​ប្រជាជន​ចំនួន ៧៦,៦ ភាគរយ ហើយ​ជា​សំឡេងគាំទ្រ​ច្រើនជាងគេ ក្នុងចំណោម​បេក្ខជន​ឈ្មោះ ៨​នាក់​។ តាមរយៈ​លទ្ធផល​គាំទ្រ​នេះ លោក ពូ​ទីន នឹងត្រូវ​ដឹកនាំ​ប្រទេស​រយៈពេល​៦​ឆ្នាំ​បន្តទៀត​(២០១៨ ដល់​២០២៤) ស្របតាម​រដ្ឋធម្មនុញ្ញ​រុស្ស៊ី ។ គួរ​បញ្ជាក់ថា លោក វ្ល៉ា​ឌឺ​មៀ ពូ​ទីន ជាប់ឆ្នោត​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី លើកដំបូង​នៅ​ឆ្នាំ​២០០០ ដល់ ២០០៤ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៤ ដល់​២០០៨ (​ដោយសារ​ច្បាប់​នៅ​រុស្ស៊ី​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រធានាធិបតី​កាន់តំណែង​បានត្រឹមតែ​២​អាណត្តិ​) ពោលគឺ​ឆ្នាំ​២០០៨​ដល់​២០១២ លោក ឌី​មី​ទ្រី ម៉េ​ដ​ម៉េ​ដេ​វ ឡើងកាន់តំណែង​ប្រធានាធិបតី​។ ហើយ​ឆ្នាំ​២០១២ ដល់​២០១៨ (​ច្បាប់​រុស្ស៊ី កែប្រែ​ឲ្យ​ប្រធានាធិបតី​កាន់តំណែង​បាន​៦​ឆ្នាំ​វិញ​) ទើប​លោក ពូ​ទីន ជាប់ឆ្នោត​កាន់តំណែង​ប្រធានាធិបតី​ជា​លើក​ទី​៣ មុននឹង​បន្ត​ឈ្នះ​អាណត្តិ​ប្រធានាធិបតី​លើក​ទី​៤​របស់ខ្លួន​នេះ ៕


Tag:
 បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​
  ពូ​ទីន​
 ​ កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com