រដ្ឋ​ខាតបង់​ថវិកា​ប្រមាណ ៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
ជាតិ
រថយន្ត
រដ្ឋ​ខាតបង់​ថវិកា​ប្រមាណ ៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
19, Mar 2018 , 8:59 pm        
រូបភាព
​សៀមរាប​៖ គ្រោះថ្នាក់​ចរាចរណ៍ ជា​បញ្ហា​ប្រឈម ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​បំផុត​។ តាម​របាយការណ៍​រប​ស់​ស្នងការ​នគរបាលជាតិ ជា​រៀងរាល់ថ្ងៃ​មាន​មនុស្ស​ស្លាប់​៥ និង​របួស​ជា​មធ្យម ១៥​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។



​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» នៅ​សណ្ឋាគារ មហាសណ្ឋាគារ​អង្គរ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨​ថា ជា​រៀងរាល់ថ្ងៃ មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៥​នាក់ និង​របួស ១៥​នាក់​។
អត្ថបទទាក់ទង


​តាម​ការលើកឡើង​រប​ស់លោក​រដ្ឋមន្ត្រី ក្នុងចំណោម​អ្នកស្លាប់​មាន ៧០% ធ្វើដំណើរ​ដោយ​ម៉ូតូ ហើយ​ក្នុង ៧០%​នោះ​ទៀត ៨០%​ដែល​មិន​ពាក់មួក​សុវត្ថិភាព​។ លោក​រដ្ឋមន្ត្រី បានស្នើ​ដល់​អ្នកដំណើរ​ទាំងអស់ ត្រូវធ្វើ​ដំណើរ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន កុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង កុំ​បើកបរ​លើស​ល្បឿន​កំណត់ ត្រូវ​ពាក់មួក​សុវត្ថិភាព និង​មិនត្រូវ​ប្រើប្រាស់​ថ្នាក់​ញៀន​ជាដើម​។​ល​។​



​អ្វីដែល​កក់​សម្គាល់​នោះ តាម​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល គ្រោះថ្នាក់​ចរាចរណ៍​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន ប្រមាណ ៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ លោក​បន្ថែមថា បញ្ហា​នេះ​ក្រៅពី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងនោះ​ក៏​បន្សល់ទុក​នូវ​កុមារកំព្រា និង​ស្ត្រី​មេម៉ាយ​ផងដែរ​។

​តាម​លោក​រដ្ឋមន្ត្រី ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ក្រសួង​សាធារណការ​បាន​ផលិត​វីដេអូ​ចំនួន​៣ ដើម្បី​អប់រំ​សាធារណជន ក្រៅពីនេះ​ក៏មាន​ការចុះ​ផ្សព្វផ្សាយ​នៅតាម​សាលារៀន និង​តាម​រោងចក្រ​ជាដើម​។

​គួ​រម្លឹកថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ឆ្នាំ​២០១៧ បាន​ចែក​មួកសុវត្ថិភាព​ចំនួន ៣​ម៉ឺន ទៅដល់​សិស្សានុសិស្ស ហើយ​គ្រោង​ចែក ៧​ម៉ឺន​មួក​ទៀត​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ក្រៅពីនេះ ក៏​គ្រោង​ចែក​ក្រដាស​ផ្លាត ១​លាន​សន្លឹក ចែក​ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​កាលពី​ឆ្នាំ​២០១៧ បាន​ចែក​ចំនួន ៣​លាន​៤​សែន​សន្លឹក​ទូទាំងប្រទេស​៕


Tag:
 ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com