ជាតិ
សហជីព ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ព​ន្លឿ​ន​ដំណោះស្រាយ​កម្មករ ខណៈ​ពួកគេ​កំពុង​ប្រឈម​បញ្ហា​ជីវភាព​
19, Mar 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្មករ​រោងចក្រ​អ៊ី​ហ្វា ជាច្រើន​នាក់ បាន​ជួបជុំគ្នា​នៅមុខ​រោងចក្រ​អស់​រយៈពេល​មួយខែ​ហើយ ដើម្បី​រង់ចាំ​ដំណោះស្រាយ​របស់​រដ្ឋាភិបាល លើ​បញ្ហា​ថៅកែ​រោងចក្រ​រត់ចោល​។ សហជីព និង​កម្មករ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ព​ន្លឿ​ន​ដំណោះស្រាយ​កម្មករ ខណៈ​ពួកគេ​ត្រូវការ​ប្រាក់​បង់ថ្លៃ​ផ្ទះជួល និង​ខ្វះខាត​ក្នុង​ជីវភាព​។​



​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​១​ខែ​ហើយ ដែល​កម្មករ​រោងចក្រ​អ៊ី​ហ្វា ហ្គា​មែន កំពុង​រង់ចាំ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​និយាយថា សហជីព​លោក​បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ការងារ​និង​គណៈកម្មការ​ការងារ​លើ​បញ្ហា​កម្មករ​រោងចក្រ​នេះហើយ ប៉ុន្តែ​មិនទាន់​ឃើញ​ដំណោះស្រាយ​ពី​ខាង​រដ្ឋាភិបាល​វិញ​នៅឡើយ​ទេ​។ បើតាម​លោក ប៉ាវ ស៊ីណា ការយឺតយ៉ាវ​របស់​អា​ជ្ញា​ធរ​ក្នុងការ​ដោះស្រាយ​បញ្ហា​កម្មករ នឹងធ្វើ​ឲ្យ​ពួកគេ​ប្រឈមមុខ​បញ្ហា​ជីវភាព និង​គ្មាន​ប្រាក់​បង់ថ្លៃ​ជួល​ផ្ទះ​ជាដើម​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​បាន​តាមដាន​បញ្ហា​នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« យើង​គ្រាន់តែ​ឮថា រដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ជួយ​ដោះស្រាយ​បញ្ហា​កម្មករ មុននឹង​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លក់​សម្ភារ​ឡៃ​ឡុង​រោងចក្រ​វិញ ប៉ុន្តែ​មកដល់ពេលនេះ អត់​ទាន់​មាន​ដំណោះស្រាយ​ជូន​កម្មករ​ទេ​។ ហើយ​យើង​កំពុង​រង់ចាំ​មើល​ដំណោះស្រាយ​ពី​គណៈកម្មការ​ការងារ​លើ​ការដោះស្រាយ​តាមច្បាប់​។ ហើយ​ជាធម្មតា​បើ​អាជ្ញាធរ​យឺតយ៉ាវ ច្បាស់​ណាស់​កម្មករ​និង​គ្មាន​ប្រាក់​បង់ថ្លៃ​ផ្ទះ ហើយ​ប្រាកដជា​ម្ចាស់​ផ្ទះជួល​ដេញ​ចេញពីផ្ទះ​«​។​

​កម្មករ​ដែល​រងគ្រោះ​ដោយសារ​ថៅកែ​រោងចក្រ​អ៊ី​ហ្វា​រត់ចោល​នេះ បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​ជីវភាព​របស់​ពួកគេ ដោយសារ​ការយឺតយ៉ាវ​នៃ​ការបញ្ចប់​វិវាទ​នេះ​។ កម្មករ​ទាំងនោះ បានលើកឡើង​ពី​ផល​លំបាក​ខ្លួន​ថា ពួកគេ​គ្មាន​ប្រាក់​សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ ,​គ្មាន​ប្រាក់​សងបំណុល​ធនាគារ ហើយ​ខ្លះទៀត​ត្រូវ​ម្ចាស់ផ្ទះ​បណ្តេញ​ចេញពី​បន្ទប់​ជួល​ជាដើម​។ ជាមួយគ្នានេះ​លោក ប៉ាវ ស៊ីណា ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ដំណោះស្រាយ​ជូន​កម្មករ​ទាំងនោះ ដើម្បី​កុំ​ឲ្យ​ពួកគេ​ជួប​ផល​លំបាក​ដល់​ជីវភាព ស្របតាម​គោលនយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​ដំណោះស្រាយ​កម្មករ​នេះឡើយ​។​

​កន្លងមក​ប្រមុខ​រដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​ដោះស្រាយ​បញ្ហា​កម្មករ ដែល​ត្រូវបាន​ថៅកែ​រោងចក្រ​រត់ចោល ឲ្យ​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​ជួប​បញ្ហា​ជីវភាព​។ កាលពី​ចុងខែ​កុម្ភៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ក្រសួង​ការងារ​យក​ថវិកា​បុរេប្រទាន​ជាង ៤​លាន​ដុល្លារ​អាមេរិក ដោះស្រាយ​សំណង​ជូន​កម្មករ​ជាង​៤​ពាន់​នាក់​នៅ​រោងចក្រ​ចំនួន ៩ ដែល​ត្រូវ​ថៅកែ​រោងចក្រ​រត់ចោល​។

​ក្រោយពី​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​កម្មករ​ហើយ ទ្រព្យសម្បត្តិ​រោងចក្រ​ដែល​នៅ​សេសសល់​នោះ ក្រសួង​ការងារ អាច​ដោះស្រាយ​តាម​នីតិវិធី ដោយ​ការដាក់​លក់ឡៃ​ឡុង​រោងចក្រ​ជាដើម​។ ក្រសួង​ការងារ​ក៏ត្រូវ​ទទួលខុសត្រូវរ​ក​ការងារ​ឲ្យ​កម្មករ​ទាំងនោះ​ផងដែរ​។ នេះ​បើតាម​ដំណោះស្រាយ​របស់​សម្ដេច ហ៊ុន សែន​៕



Tag:
 កម្មករ​
 ​សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com