អន្តរជាតិ
អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ខែមេសា​
20, Mar 2018 , 9:54 am        
រូបភាព
យោធាអាមេរិក និងកូរ៉េខាងត្បូងក្នុងសមយុទ្ធកន្លងមក (រូបភាព៖ CGTN)
យោធាអាមេរិក និងកូរ៉េខាងត្បូងក្នុងសមយុទ្ធកន្លងមក (រូបភាព៖ CGTN)
​អាមេរិក និង​កូរ៉េខាងត្បូង នឹងធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ​នៅ​ដើមខែ​មេសា​ខាងមុខ បន្ទាប់ពី​ពន្យារពេល​ដោយសារ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ងា​នៅ​ខែកុម្ភៈ និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា​ក្នុង​ខែមីនា​នេះ​។ នៅ​ថ្ងៃទី​២០ ខែមីនា ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ប្រកាសថា សមយុទ្ធ Key Resolve និង Foal Eagle នឹងមាន​ទំហំ​ដូច​ឆ្នាំ​កន្លងទៅ​ដែរ​។ ជា​ទម្លាប់ កូរ៉េខាងជើង​តែង​បង្ហាញ​ការខឹង​សម្បារ​នឹង​សមយុទ្ធ​នេះ និង​ចាត់ទុកជា​ការត្រៀម​ឈ្លានពាន​ខ្លួន​។​



​ក្រោយ​ការពន្យារពេល​មួយខែ​មក សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា​រវាង​យោធា​អាមេរិក និង​កូរ៉េខាងត្បូង នឹង​ចាប់ផ្ដើម​ឡើងវិញ​នៅ​ថ្ងៃទី​១ ខែមេសា​ខាងមុខ​។ សមយុទ្ធ​នេះ​ធ្វើឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង ជាមួយ​អាមេរិក និង​កូរ៉េខាងត្បូង ហាក់​ប្រសើរឡើង​រហូតដល់​មាន​គម្រោង​រៀបចំ​ជំនួប​មេដឹកនាំ​កំពូល​ទៀតផង​។ សមយុទ្ធ​រួមគ្នា​នៅ​ឧបទ្វីប​កូរ៉េ​លើក​នេះ រំពឹងថា នឹង​បញ្ចប់​នៅ​ដំណាច់​ខែឧសភា​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua សម​យុ​ទ្ Foal Eagle ដែលជា​លំ​ហាត់​លើ​ទីលាន​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែមេសា ឯ​សមយុទ្ធ Key Resolve ដែលជា​ការហ្វឹកហាត់​គ្រប់គ្រង​ស្ថានការណ៍​ក្រោយ​វិបត្តិ​នឹងធ្វើ​រយៈពេល​ពេល​ពីរ​សប្ដាហ៍ និង​បញ្ចប់​នៅ​ថ្ងៃទី​២៣ ខែមេសា​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បញ្ជាក់ថា សមយុទ្ធ​ទាំងពីរ​នេះ​មាន​ទ្រង់ទ្រាយ​ដូច​សមយុទ្ធ​លើក​មុនៗ​ដែរ​។​

​ទាហាន​អាមេរិក​ប្រហែល​២៣៧០០​នាក់ និង​ទាហាន​កូរ៉េខាងត្បូង​៣​សែន​នាក់ នឹងចូលរួម​ក្នុង​សមយុទ្ធ​ដ៏​ធំ​ទាំងពីរ​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Christopher Logan ។ អ្នកនាំពាក្យ​រូបនេះ​បន្តថា សមយុទ្ធ​របស់​យោធា​អាមេរិក និង​កូរ៉េខាងត្បូង មាន​លក្ខណៈ​ការពារ​ខ្លួន​សុទ្ធសាធ និង​គ្មាន​ហេតុផល​ណា​ដែល​កូរ៉េខាងជើង​ត្រូវ​ចាត់ទុក​លំ​ហាត់​នេះ​ជាការ​បង្កហេតុ​ឡើយ​។

​ជុំវិញ​សមយុទ្ធ​នេះដែរ យោធា​កូរ៉េខាងត្បូង​ក៏​បញ្ជាក់​ពី​ការជូនដំណឹង​ទៅ​ឲ្យ​កូរ៉េខាងជើង​ពី​សំណាក់​ទីបញ្ជាការ​អង្គការសហប្រជាជាតិ​ផងដែរ​។ ចំណែកឯ​គណៈកម្មការ​ត្រួតពិនិត្យ​របស់​ប្រទេស​អព្យាក្រឹត​ដែលមាន​នាទី​តាមដាន​ការអនុវត្ត​បទ​ឈប់​បាញ់​ឆ្នាំ​១៩៥៣ ក៏​នឹង​អង្កេត​សមយុទ្ធ​រួមគ្នា​របស់​ទាហាន​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ដើម្បី​ធានាថា សមយុទ្ធ​ទាំងពីរ​នេះ​គោរព​តាម​បទ​ឈប់​បាញ់​ដែល​បញ្ចប់សង្គ្រាម​កូរ៉េ​។​

​បើតាម​គម្រោង​នេះ កាលបរិច្ឆេទ​សមយុទ្ធ​ត្រូវ​រៀបចំ​ស្របពេល​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​គ្រោង​ធ្វើ​នៅ​ដំណាច់​ខែមេសា​នៅ​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។ លោក គីម ជុង​អ៊ុន ក៏​គ្រោង​ជួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ចុងខែ​ឧសភា​ផងដែរ​។ សមយុទ្ធ​នេះ អាចជា​ការធ្វើសម្បទាន​របស់​កូរ៉េខាងជើង​សម្រាប់​ជំនួប​កំពូល​មេ​ដឹ​នាំ​ទាំងបី​៕   


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com