អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ស៊ី ជិន​ភីង ៖ គម្រោង​អភិវឌ្ឍ​របស់​ចិន​នៅ​បរទេស​មិនបាន​គំរាម​ប្រទេស​ណា​ឡើយ
20, Mar 2018 , 1:21 pm        
រូបភាព
លោក ស៊ី ជិនភីង ថ្លែងក្នុង​ពិធីបិទ​កិច្ចប្រ​ជុំសភា​ប្រជាជន (រូបភាព៖ AFP)
លោក ស៊ី ជិនភីង ថ្លែងក្នុង​ពិធីបិទ​កិច្ចប្រ​ជុំសភា​ប្រជាជន (រូបភាព៖ AFP)
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ទាត់ចោល​ការចោទប្រកាន់​លើ​គម្រោង​អភិវឌ្ឍ​របស់​ចិន​នៅឯ​បរទេស ដែល​ប្រទេស​ខ្លះ​អះអាងថា ជាការ​គំរាមកំហែង​លើ​អធិបតេយ្យ​ប្រទេស​ទទួល​ជំនួយ​ចិន​។ លោក ស៊ី ជិន​ភីង និយាយថា គម្រោង​របស់​ចិន​មិនបាន​គំរាមកំហែង​ប្រទេស​ណា​ឡើយ​។ ទោះជា​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ណា គេ​អាច​យល់ថា លោក​ចង់​សំដៅ​អាមេរិក ដែល​រិះគន់​គម្រោង​របស់​ចិន​នៅលើ​ពិភពលោក ជាពិសេស​នៅ​អាហ្វ្រិក​។​

 
​នាឱកាស​ថ្លែង​សុន្ទរកថា​បិទ​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​២០ ខែមីនា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​និយាយ​ការពារ​គម្រោង​អភិវឌ្ឍ​របស់​នៅ​បរទេស ខណៈ​មានការ​ព្រួយបារម្ភ​ពី​ប្រទេស​មួយចំនួន​ថា គម្រោង​របស់​ចិន​បង្ក​ផលប៉ះពាល់​ដល់​ប្រទេស​ផ្សេង​។ តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ចិន​បាន​ជះ​លុយ​រាប់ពាន់​លាន​ដុល្លារ​លើ​ជំនួយ និង​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ដើម្បី​ភ្ជាប់​អាស៊ី អាហ្វ្រិក អឺរ៉ុប និង​តំបន់​ផ្សេងទៀត​។​
 
​យ៉ាងណាមិញ បស្ចិមប្រទេស ជាពិសេស​អាមេរិក បាន​រិះគន់​គម្រោង​មាន​ទំហំ​ទឹកប្រាក់​ខ្ទង់ពាន់​លាន​ដុល្លារ​នេះ​។ ជាក់ស្ដែង​នៅ​អាហ្វ្រិក អាមេរិក​បាន​ហៅ​ការផ្ដល់​ជំនួយ​របស​ចិន គឺជា​លើកទឹកចិត្ត​ឲ្យ​រដ្ឋ​អាហ្វ្រិក​ពឹងផ្អែក​លើ​ប្រទេស​ផ្សេង ហើយ​ចុងក្រោយ​ត្រូវ​ជំពាក់​គេ​វ័ណ្ឌក​។ លើសពីនេះ អាមេរិក​ក៏​ចោទ​ទៀតថា ជំនួយ ឬ​គម្រោង​អភិវឌ្ឍ​របស់​ចិន បាន​គំរាមកំហែង​អធិបតេយ្យ​របស់​ប្រទេស​ខ្ចីលុយ​របស់ខ្លួន​ទៀតផង​។​
 
​ចំពោះមុខ​សមាជិកសភា​ជិត​បី​ពាន់​នាក់ លោក ស៊ី ជិន​ភីង ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី​ពីរ​ប្រកាសថា គម្រោង​អភិវឌ្ឍ​របស់​ចិន​នៅ​បរទេស មិនមែនជា​ការគំរាមកំហែង​ប្រទេស​ណា​ឡើយ​។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​នោះ លោក​ប្រធានាធិបតី​ចិន​បញ្ជាក់ថា មានតែ​ប្រទេស​ដែល​ចូលចិត្ត​គំរាមកំហែង​គេ​ប៉ុណ្ណោះ ទើប​មើលឃើញ​ចិន​ជាការ​គំរាមកំហែង​លើ​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ជាមួយគ្នា​នោះដែរ លោក ស៊ី ជិន​ភីង ក៏​ប្រកាស​ពី​ការត្រៀមខ្លួន​របស់​ចិន​ក្នុងការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​បង្ហូរឈាម​ដើម្បី​កាន់កាប់​តំណែង​សក្តិសម​នៅលើ​ឆាក​អន្តរជាតិ​។ គោលដៅ​របស់លោក ស៊ី គឺ​ដឹកនាំ​ចិន​ឲ្យ​ក្លាយជា​មហាអំណាច​ពិភពលោក​ឡើងវិញ ក្រោយ​ការធ្លាក់ចុះ​អានុភាព​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់ខ្លួន​កាលពី​ប៉ុន្មាន​សតវត្សរ៍​មុន​។ លោក ស៊ី បាន​ព្រមាន​កម្ទេច​រាល់​ការប៉ុនប៉ង​បំបែកបំបាក់​ចិន​ជា​ចម្រៀក​ដូច​អតីតកាល​។​
 
​ក្នុង​ដំណើ​ទៅកាន់​កៅអី​មហាអំណាច​ពិភពលោក​នោះ លោក ស៊ី បានដាក់​ចេញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ដែលជា​គម្រោង​ដ៏​ធំ​មិន​ធ្លាប់មាន​។ តាមរយៈ​គម្រោង​នេះ ចិន​បាន​ពង្រីក​តួនាទី​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក និង​បាន​អូសទាញ​ប្រទេស​ជាច្រើន​នៅ​អាស៊ី អាហ្វ្រិក និង​នៅឯ​អាមេរិក​ឡាទីន​ឲ្យ​ក្លាយជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ទៀតផង​៕ 

Tag:
 ចិន​
  អាមេរិក​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com