អន្តរជាតិ
រមាសសឈ្មោលពូជខាងជើងដែលមានតែមួយគត់ បាត់បង់ជីវិតក្នុងអាយុ៤៥ឆ្នាំ រមាសសឈ្មោះ Sudan បង្ហាញវត្តមាននៅការប្រកួត Cricket មួយកាលពីឆ្នាំ២០១៧ ប៉ុន្តែវាបានបាត់បង់ជីវិតហើយក្នុងអាយុ៤៥ឆ្នាំ។ រូបថត AFP
× សត្វរមាសសឈ្មោលពូជខាងជើង (Male Northern White Rhino) ចុងក្រោយតែមួយគត់លើពិភពលោក បានបាត់បង់ជីវិតក្នុងអាយុ៤៥ឆ្នាំ នៅក្នុងប្រទេសកេនយ៉ា។ នេះបើតាមការអះអាងរបស់ក្រុមអ្នកចិញ្ចឹម កាលពីថ្ងៃអង្គារ ដោយបច្ចុប្បន្ន ពូជរមាសសខាងជើង នៅសល់តែញីពីរក្បាលទៀតប៉ុណ្ណោះ។
ក្រុមអភិរក្ស Ol Pejeta Conservancy រមាសស ដែលមានឈ្មោះថា «Sudan» នោះ បានបង់ជីវិតដោយសារភាពចាស់ជរា និងជំងឺជាច្រើន។ កន្លងមក វាត្រូវបានចិញ្ចឹមបីបាច់ និងថែរក្សា យ៉ាងយកចិត្តទុកដាក់បំផុត។
មរណភាពរបស់ Sudan បានបង្ហាញពីការផុតជីវិតនៃរមាសសពូជខាងជើង ប៉ុន្តែបច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រ បានទាញយកសេនេទិចរបស់វា ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាបង្កកំណើតក្នុងកែវ (in-vitro fertilization/IVF) ក្នុងគោលបំណងទប់ស្កាត់ការវិនាសផុតពូជរបស់សត្វប្រភេទនេះ។
យោងតាម AFP រមាសសខាងជើង ធ្លាប់មាននៅអ៊ូហ្គង់ដា សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ និងឆាត ប៉ុន្តែវាត្រូវរង់ការបាញ់សម្លាប់រង្គាលកាលពីអំឡុងឆ្នាំ១៩៧០ និង៨០ ដោយសារតម្រូវការឪសថបុរណបែបចិន នៅអាស៊ី ទាំងមូល។
ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ រមាសសខាងជើង ចន្លោះពី២០ ទៅ៣០ក្បាល ត្រូវបានសម្លាប់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ចុងក្រោយបំផុត គេរកឃើញអំបូរសត្វនេះ សល់តែ៤ក្បាលគត់ ដែលក្នុងនោះ មានឈ្មោល២ និងញី២ នៅសួនសត្វ Dvur Kralove Zoo នៅសាធារណរដ្ឋឆេក បន្ទាប់មក ត្រូវបានផ្ទេរទៅកាន់ Ol Pejeta ប្រទេសកេនយ៉ា។
រមាសសមួយក្បាលទៀត ដែលមានឈ្មោះ Suni បានបាត់បង់ជីវិតកាលពីខែតុលា ឆ្នាំ២០១៤ កន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com