អន្តរជាតិ
UN អំពាវនាវរកជំនួយប្រមាណ ១ ប៊ីលានដុល្លារ ដើម្បីស្រោចស្រង់អាយុជីវិត «រ៉ូហ៊ីងយ៉ា»
× អង្គការសហប្រជាជាតិ កំពុងតែបន្តយុទ្ធនាការស្វែងរកជំនួយ និងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីស្រោចស្រង់និងបំពេញតម្រូវរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបម៉ឺននាក់ ដែលកំពុងតែស្នាក់នៅបណ្តោះអាសន្នក្នុងជំរំ នៃប្រទេសបង់ក្លាដែស ។ អង្គការសហប្រជាជាតិ ក៏បានថ្លែងអរគុណរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ចំពោះការបើកចិត្ត និងអំពើមនុស្សធម៌ទៅលើក្រុមជនភៀសខ្លួនអភ័ព្វទាំងនោះផងដែរ ។
«ដើម្បីអាចបំពេញនូវសេចក្តីត្រូវការបន្ទាន់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៩០ ម៉ឺននាក់ និងជនងាយរងគ្រោះបង់ក្លាដែសប្រមាណ ៣០ ម៉ឺននាក់ ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ កំពុងតែអំពាវនាវរកជំនួយចំនួន ៩៥១ លានដុល្លារ » ។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិនាចុងសប្តាហ៍មុន ។
តាមប្រភពព័ត៌មានដដែល លោក Filippo Grandi មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានពណ៌នាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា គឺជាបញ្ហា ដែលមានហនិភ័យបំផុត និងក៏ជាបញ្ហាដែលមិនសូវមានការអើពើពីបណ្តាសហគមន៍អន្តរជាតិ ។
លោក បន្តទៀតថា ដំណោះស្រាយលើវិបត្តិនេះ ត្រូវពឹងផ្អែកខ្លាំងលើផ្ទៃក្នុងមីយ៉ាន់ម៉ា ហើយលក្ខខណ្ឌ នានា ក៏ត្រូវតែបង្កើតឡើង ដោយធានាថា ជនភៀសខ្លួនអាចត្រលប់ទៅផ្ទះរបស់ពួកគេវិញ ក៏ប៉ុន្តែរឿងចាំបាច់ ដែលត្រូវធ្វើពេលនេះ គឺជាយើងត្រូវអំពាវរកជំនួយបន្ទាន់ និងក្នុងចំនួនច្រើនបំផុត ។
គួររម្លឹកផងដែរថា ក្រោយមានការប៉ះទង្គិចប្រដាប់អាវុធរវាងអាជ្ញាធរមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅក្នុងរដ្ឋរ៉ាខាន មានជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា រាប់សិបម៉ឺននាក់ បានភៀសខ្លួនទៅបង់ក្លាដែសជាមួយនឹងការភ័យខ្លាចពីការធ្វើបាបពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា ។ ខណៈកំពុងតែរស់នៅក្នុងជំរំដែលមានមជ្ឈដ្ឋានមិនសូវល្អស្រាប់នោះ ពួកគេ កំពុងតែប្រឈមនឹងបញ្ហាទឹកជំនន់ ក៏ដូចជាបាក់ស្រុតដីផងដែរ ។
កន្លងមកក្រៅភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួន ក៏មានប្រទេសអាស៊ានមួយចំនួន ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃជាដើមនោះ បានចេញមុខដើម្បីស្រោចស្រង់ស្ថានភាពរបស់ពួកគេក្នុងគ្រាបណ្តោះអាសន្នផងដែរ ។ ហើយអាស៊ានខ្លួនឯងផ្ទាល់ ក៏មានជំនួយខ្លះដែរសម្រាប់ជួយក្រុមជនភៀសខ្លួនទាំងនោះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com