ជាតិ
លោក ស៊ឹម សៀងប៉ាវ៖ ភាសាបារាំងនៅតែសំខាន់សម្រាប់អ្នកសិក្សាវ័យក្មេង
× «អ្វីដែលមិនច្បាស់មិនមែនជាភាសាបារាំងនោះឡើយ» (Ce qui n’est pas claire, n’est pas français)។ ការលើកឡើងរបស់លោក Antoine de Rivarol អ្នកនិពន្ធបារាំងកាលពីសម័យបដិវត្តន៍ (១៧៨៩-១៧៩៩) ត្រូវបានលោក ស៊ឹម សៀងប៉ាវ មើលឃើញថា មានតម្លៃរហូតមកដល់បច្ចុប្បន្ននេះ។
លោក ស៊ឹម សៀងប៉ាវ បច្ចុប្បន្នដែលឈានដល់អាយុ៧៥ឆ្នាំ ជាអតីតប្រធានដេប៉ាតឺម៉ង់សិក្សាភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស នៅតែមើលឃើញពីគុណតម្លៃភាសាបារាំងក្នុងផ្នែកទំនាក់ទំនង និងស្រាវជ្រាវ បើទោះបីជាឥទ្ធិពលរបស់វានៅកម្ពុជា ថយចុះពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។
ក្នុងបទសម្ភាសជាមួយថ្មីៗ នៃឱកាសនៃការប្រារព្ធទិវាអន្តរជាតិបណ្តាប្រទេសនិយាយភាសាបារាំងថ្ងៃទី២០ ខែមីនា អតីតសាស្ត្រាចារ្យភាសាបារាំងរូបនេះ រំពឹងថា ការសិក្សាភាសាបារាំងគួរតែត្រូវបានពង្រឹងឡើងវិញ ពីព្រោះកម្ពុជាធ្លាប់ជាប្រទេសនិយាយភាសាបារាំង ហើយភាសាបារាំងជួយឲ្យកម្ពុជាមានទំនាក់ទំនងកាន់តែទូលាយលើឆាកអន្តរជាតិ។
«កម្ពុជាជាសមាជិកអាស៊ាន ដូច្នេះការសិក្សាភាសាអង់គ្លេសពិតជាមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែបើយុវជនខ្មែរចេះភាសាបារាំង និងភាសាផ្សេងទៀត ដូចជាចិន ជប៉ុន និងកូរ៉េ ជាដើមនោះ នឹងនាំឲ្យពួកគេមានជម្រើសកាន់តែទូលាយ»។ នេះជាការលើកឡើងរបស់ លោក ស៊ឹម សៀងប៉ាវ។
លោកបានបន្ថែមថា៖ «ចំណេះដឹងលើភាសាមួយនាំយើងមានមិត្តភក្តិពីវប្បធម៌មួយទៀត កាន់តែច្រើន។ ចំពោះភាសាបារាំង ឯកសារប្រវត្តិសាស្ត្រ វប្បធម៌ ច្បាប់ និងពេទ្យ មានសម្បូរបែបខ្លាំងណាស់ ដូច្នេះ បណ្តាអ្នកសិក្សាវ័យក្មេងមិនត្រូវមើលរំលងនោះឡើយ»។
អ្នកអភិរក្សភាសាបារាំងរូបនេះ ចង់ឃើញការបំផុសបំផុលការសិក្សាភាសាបារាំងចាប់ពីកម្រិតបឋមសិក្សា និងមានការបង្កើតបណ្ណាល័យ និងការប្រកួតប្រជែងផ្សេងៗលើភាសាមួយនេះ។ លោកបានកត់សម្គាល់ថា អ្នកចេះភាសាបារាំងនៅតែជាម្រើសអាទិភាពរបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា។
បន្ថែមពីលើនេះ លោក ស៊ឹម សៀងប៉ាវ រីករាយដែលបានឃើញអតីតកូនសិស្សភាសាបារាំងរបស់ខ្លួនមានការងារ និងតំណែងខ្ពង់ខ្ពស់នៅតាមស្ថាប័នរដ្ឋ និងឯកជន ដែលក្នុងនោះមានមន្ត្រីរដ្ឋាភិបាល ចៅក្រម គ្រូបង្រៀន អ្នកសារព័ត៌មាន ទេសចរណ៍ បកប្រែ ផងដែរ៕
Tag:
ភាសាបារាំង
ស៊ឹម សៀងប៉ាវ
© រក្សាសិទ្ធិដោយ thmeythmey.com