កីឡាអន្តរជាតិ
អន្តរជាតិ
Balotelli ឡើងជើង ខណៈអ៊ីតាលីចំហទ្វារចាំស្វាគមន៍
× លោក Luigi Di Biagio អ្នកចាត់ការទូទៅបណ្តោះអាសន្នក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីតាលីបាននិយាយថាទ្វារនៅតែបើកចំហសម្រាប់ខ្សែប្រយុទ្ធ Mario Balotelli ដែលត្រូវបានគេមើលរំលងសម្រាប់ការប្រកួតមិត្តភាពនៅខែនេះ បើទោះបីជាបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Nice នៃក្របខណ្ឌ Ligue 1 របស់បារាំង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Balotelli ខ្សែប្រយុទ្ធសញ្ជាតិអ៊ិតាលី វ័យ២៧ឆ្នាំ បានស៊ុតបាល់បញ្ចូលទីចំនួន ២២ គ្រាប់ហើយក្នុងការបង្ហាញខ្លួនឲ្យ Nice ៣១ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ក្នុងរដូវកាលនេះ។
Di Biagio បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯជំរំហ្វឹកហាត់របស់ជម្រើសជាតិអ៊ីតាលីនៅឯក្រៅក្រុង Florence ថា៖«ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីគឺសំខាន់ណាស់សម្រាប់ខ្សែប្រយុទ្ធដោយមិនចាំបាច់គិតពីរបៀបលេងនោះទេ។ ខ្ញុំបានពិនិត្យមើល និងសម្រេចចិត្តហើយ... ខ្ញុំនឹងបន្តតាមមើលគាត់ (Balotelli) ហើយទ្វារនៅតែបើកសម្រាប់គាត់ជានិច្ច»។
អតីតខ្សែប្រយុទ្ធ Inter Milan និងManchester City រូបនេះ មិនត្រូវបានជ្រើសរើសឲ្យជាប់ក្រុមជម្រើសជាតិអ៊ីតាលីចាប់តាំងពី World Cup ឆ្នាំ២០១៤ នៅប្រេស៊ីលមកម្លេះ។
អ៊ីតាលី នឹងជួបអាហ្សង់ទីននៅថ្ងៃសុក្រទី២៣ ខែមីនានេះសម្រាប់ការប្រកូតមិត្តភាពអន្តរជាតិ មុនប៉ះអង់គ្លេសនៅឯកីឡដ្ឋាន Wembley នៅ៤ថ្ងៃបន្ទាប់។ នេះជាការប្រកួតលើកដំបូងរបស់ពួកគេផងដែរចាប់តាំងពីខែវិច្ឆិកាមក ក្រោយបរាជ័យក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីនៅឆ្នាំ២០១៨៕
Tag:
បាល់ទាត់
Mario Balotelli
Luigi Di Biagio
អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com