អន្តរជាតិ
សង្គ្រាម​ពាណិជ្ជកម្ម​? ចិន​ប្រាប់​អាមេរិក​ថា «​កុំ​ធ្វើ​អ្វី​តាម​អារម្មណ៍​»
20, Mar 2018 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ក្នុងសន្និសីទសារព័ត៌មាននៅវិមានប្រជាជន (រូបភាព៖ Xinhua)
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ក្នុងសន្និសីទសារព័ត៌មាននៅវិមានប្រជាជន (រូបភាព៖ Xinhua)
​ក្រោយ​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ត្រៀម​ដំឡើង​ពន្ធ​ថ្មី​ទៀត តែ​គោលដៅ​លើក​នេះ​សំដៅលើ​ចិន​តែមួយ​ប៉ុណ្ណោះ​។ ចិន​ព្រមាន​ពី​ការ​ផ្ទុះឡើង​សង្គ្រាម​ពាណិជ្ជកម្ម បើ​អាមេរិក​ជម្នះ​ចាត់វិធានការ​មែន​នោះ​។ នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង បាន​ប្រាប់​ឲ្យ​អាមេរិក​ធ្វើ​អ្វី​ឲ្យ​មាន​ហេតុផល ព្រោះ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​គ្មាន​អ្នកណា​ឈ្នះ​ឡើយ​។



​លទ្ធភាព​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទុះឡើង បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោយ​អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​ដែកថែប និង​អាលុយមីញ៉ូម ហើយ​ប្រទេស​ដែល​រង​ផលប៉ះពាល់​គំរាម​ឆ្លើយតប​វិញ​។ ស្របពេល​នៃ​ការដំឡើង​ពន្ធ​លើ​ផលិតផល​ទាំងពីរ​នេះ អាមេរិក​ក៏មាន​ផែនការ​ដំឡើង​ពន្ធ​ដោយឡែក​មួយទៀត​ចំនួន​៦០​ពាន់​លាន​ដុល្លារ ដោយ​សំដៅ​ចិន​តែមួយគត់​ជុំវិញ​ករណី​ចិន​លួច​កម្មសិទ្ធិបញ្ញា​របស់​ខ្លួន​។​

​ជុំវិញ​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​ចិន លោក លី ខឹ​ឈាំ​ង បានស្នើ​ឲ្យ​អាមេរិក​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ ព្រោះ​បើ​សង្គ្រាម​ពាណិជ្ជកម្ម​កើតឡើង​មែន ចិន និង​អាមេរិក​ចាញ់​ដូចគ្នា​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​២០ ខែមីនា នាយករដ្ឋមន្ត្រី​ចិន​រូបនេះ​និយាយថា ភាគី​ទាំងសងខាង​គួរ​ធ្វើ​សកម្មភាព​ឲ្យ​មាន​ហេតុផល និង​មិន​ត្រូវធ្វើ​អ្វី​តាម​អារម្មណ៍​ឡើយ ដ្បិត​គ្មាន​នរណា​ឈ្នះ​ឡើយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។

​ដើមហេតុ​ដែល​នាំ​ឲ្យ​អាមេរិក​ចង់​ដំឡើង​ពន្ធ​នោះ ក៏​ព្រោះតែ​អាមេរិក​ចោទ​ចិន​ថា បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ផ្ទេរកម្មសិទ្ធិ​បញ្ញា​របស់​ខ្លួន​ទៅ​ឲ្យ​ចិន ជា​ថ្លៃ​រកស៊ី​នៅ​ទីនោះ​។ ឆ្លើយតប​រឿងនេះ អាមេរិក​ក៏​ដំឡើង​ពន្ធ​លើ​ផលិតផល​ដែល​ប្រើ​បច្ចេកវិទ្យា ផលិត​ប្រើប្រាស់​អេ​ឡិច​ត្រូ​និ​ច ផលិតផល​គមនាគមន៍ និង​ផលិតផល​ច្រើន​មុខ​ទៀត ដែល​ទទួល​ប្រយោជន៍​ពី​បច្ចេកវិទ្យា​អាមេរិក​។ ការដំឡើង​ពន្ធ​នេះ ក៏​ជា​ចំណាត់ការ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​ផងដែរ​។ 

​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ដល់​ទៅ​៣៧៣​ពាន់​លាន​ដុល្លារ​ក្នុងការ​រកស៊ី​ជាមួយ​ចិន ហើយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់​កាត់បន្ថយ​បរិមាណ​ឱនភាព​ដ៏​ធំ​នេះ​ឲ្យ​បាន​។ លោក លី ខឹ​ឈាំ​ង អះអាងថា ចិន​ក៏​មិន​ចង់ឃើញ​ឱនភាព​ពាណិជ្ជកម្ម​ឡើយ មិន​ថា​ជាមួយ​អាមេរិក ឬ​ប្រទេស​ណាមួយ​ឡើយ​។ អ្វីដែល​ចង់​ចិន​ឃើញ គឺ​តុល្យភាព​ពាណិជ្ជកម្ម ព្រោះ​បើ​មិន​ដូច្នោះ​ទេ ពាណិជ្ជកម្ម​ទ្វេភាគី​នឹងមិន​ស្ថិតស្ថេរ​ឡើយ​។​

​ទន្ទឹមនឹង​ការព្រមាន​ពី​គ្រោះថ្នាក់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក មេដឹកនាំ​ចិន​លំដាប់​ទី​ពីររូប​នេះ​ក៏​ប្រកាស​ពី​ការបើកចំហ​របស់​ចិន​ក្នុងការ​ស្វាគមន៍​រាល់​ក្រុមហ៊ុន​ទាំងអស់​ដែល​ចង់​រកស៊ី​លើទឹក​ដី​ចិន​។ អង្គុយ​អមដោយ​ឧបនាយករដ្ឋមន្ត្រី​ចំនួន​បួន​នាក់ លោក លី ខឹ​ឈាំ​ង បញ្ជាក់ថា ចិន​នឹង​បើកទ្វារ​ឲ្យ​កាន់តែ​ធំ​ទាំង​វិស័យ​សេវាកម្ម និង​ផលិតកម្ម ហើយ​វា​ជា​ឱកាស​សម្រាប់​អាមេរិក​។ លើសពីនោះ ចិន​នឹង​ការពារ​កម្មសិទ្ធិបញ្ញា​ឲ្យ​តឹង​រ៉ឺ​ង​បំផុត​៕


Tag:
 ​ចិន​
  អាមេរិក​
  សង្គ្រាម​ពាណិជ្ជកម្ម​
  លី ខឹ​ឈាំ​ង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com