ជាតិ
សង្គមជាតិ
ក្រុមហ៊ុនអាមេរិកមួយ សន្យាបន្តទិញទំនិញពីកម្ពុជា ដោយផ្អែកលើគោលនយោបាយរដ្ឋាភិបាល
× ភ្នំពេញ៖ ក្រុមហ៊ុនអាមេរិកមួយ សន្យាទិញទំនិញពីកម្ពុជាបន្តទៀត ក្រោយពីបានសិក្សាស្វែងយល់ពីលក្ខខណ្ឌការងារនិយោជិត តាមរយៈការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ការសន្យានេះ ធ្ចើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងលោក Bradford Van Voorhees អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន VF Corporation កាលពីថ្ងៃទី១៩ ខែមីនានេះ។
តាមរយៈជំនួបនេះ ភាគីទាំងពីរ បានលើកយកកង្វល់ និងបញ្ហាមួយចំនួន ដែលកើតឡើងកាលពីឆ្នាំ២០១៧នោះ មកដោះស្រាយរួមគ្នា មុននឹងបន្តសហការពាណិជ្ជកម្ម។ រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បាននិយាយថា បញ្ហានិងកង្វល់ទាំងនោះ ត្រូវបានភាគីទាំងពីរសម្របសម្រួលគ្នា ដោយលទ្ធផលផ្លែផ្កា ហើយបានផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនអាមេរិក VF Corporation សន្យាទិញទំនិញពីកម្ពុជាបន្តទៀត។
«អ្វីដែលធ្វើឲ្យក្រុមហ៊ុនVF Corporation កាន់តែពេញចិត្ត នឹងសន្យាយកកម្ពុជាជាដៃគូរបន្តទៀត គឺឃើញថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ទៅនឹងការអនុវត្តនូវលក្ខខណ្ឌការងារល្អ បង្កើតអោយមាននូវប្រភពទំនិញមួយដែលជាទំនិញស្អាតស្អំ គ្មានការកេងប្រវ័ញ្ចកំលាំងពលកម្ម សិទ្ធិសេរីភាពរបស់កម្មករ ការអនុវត្តសិទិ្ធសេរីភាពអង្គការវិជ្ជាជីវៈ សេរីភាពសហជីព»។ នេះបើតាមលោក អ៊ិត សំហេង។
បន្ថែមពីនេះ ភាគីទាំងពីរនឹងពិនិត្យរួមគ្នា លើគម្រោងមួយចំនួនទៀត ដែលទាក់ទងទៅនឹងបញ្ហាសុវត្ថិភាព នៃការធ្វើដំណើររបស់កម្មករ ,ការដោះស្រាយបញ្ហាដួលសន្លប់ជាដើម។ ជាពិសេសគោលការណ៍ផ្អែកលើការគោរពសិទ្ធិសេរីភាព សុខុមាលភាព និងកិច្ចគាំពារដល់កម្មករនិយោជិត។ ទាំងនេះជាចំណុចសំខាន់ ដែលក្រុមហ៊ុន VF Corporation ចង់ឃើញ និងសហការពាណិជ្ជកម្មជាមួយកម្ពុជា។
ត្រង់ចំណុចនេះលោក អ៊ិត សំហេង បានពន្យល់ថា៖«បញ្ហាដួលសន្លប់ និងគ្រោះថ្នាក់ចរចរណ៍ យើងមានគម្រោងមួយដែលអ្នកបញ្ជាទិញ ILO និងក្រសួងការងារ ដោយកែលំអឲ្យវាមានភាពប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករ។ ទាក់ទងទៅនឹងការដួលសន្លប់យើងបានបង្កើតនូវយន្តការមួយ ដោយមានកិច្ចសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល អង្គការILO ក៍ដូចជាអង្គការសុខភាពពិភពលោក (WHO) ដើម្បីរកនូវដំណោះស្រាយឆ្លើយតបអោយបានទាន់ពេលវេលានិងមានប្រសិទ្ធភាពថែមទៀតដើម្បីទប់ស្កាត់ករណីដួលសន្លប់នេះ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន VF ជាសារជីវកម្មដ៍ធំមួយរបស់សហរដ្ឋអាមេរិក ដែលបានទិញទំនិញជុំវិញពិភពលោកចន្លោះ ពី១២ពាន់លាន ទៅ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ កម្ពុជា គឺជាដៃគូរពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុននេះ ដែលមានរោងចក្រចំនួន២៨ ជាអ្នកផ្គត់ផ្គង់ទំនិញវាយនភណ្ឌ និងស្បែកជើង ហើយផ្តល់ការងារដល់កម្មករនិយោជិតខ្មែរប្រមាណ ៥៥,០០០នាក់ ។ក្រុមហ៊ុននេះ បានបញ្ជាទិញទំនិញពីកម្ពុជា ក្នុងទំហំទឹកប្រាក់ចន្លោះពី ៣៥០លាន ទៅ៤០០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមហ្វេសប៊ុកក្រសួងការងារ៕
Tag:
កម្មករនិយោជិត
អ៊ិត សំហេង
Bradford Van Voorhees
© រក្សាសិទ្ធិដោយ thmeythmey.com