សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​បន្ត​ចាប់​ជនបង្ក​ហិង្សា​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​
ជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​បន្ត​ចាប់​ជនបង្ក​ហិង្សា​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​
21, Mar 2018 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​ថ្ងៃទី​២១ មីនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ថ្កោលទោស​ជនបង្ក​ហិង្សា​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ទង្វើ​ប្រើ​ហិង្សា​លើ​អ្នកបើកបរ​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ ជា​រូបភាព​ឃោ​ឃៅ ដែល​នាំ​ឲ្យ​សង្គម​ខ្មែរ​ធ្លាក់ចុះ​ផ្នែក​សីលធម៌​យ៉ាងខ្លាំង​។​



​ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​លើកយក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មីៗ​នេះ ដែលមាន​ប្រជាពលរដ្ឋ​ជាច្រើន នាំគ្នា​ឡោមព័ទ្ធ​ចាប់​វាយដំ​លើ​អ្នកបើកបរ​ម្នាក់ ដែលមាន​ឈ្មោះថា ស៊ុយ សារ៉េត ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។ សម្ដេច យល់ថា ពលរដ្ឋ​មិនគួរ​នាំគ្នា​ព្រួត​វាយ​ទៅលើ​លោក ស៊ុយ សារ៉េត នោះទេ បើទោះជា​គាត់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​រត់​គេ​ខ្លួន​ក៏ដោយ ព្រោះ​ប្រទេស​មានច្បាប់ ដូច្នេះ​ពលរដ្ឋ​ត្រូវ​ទុក​ភារកិច្ច​ឲ្យ​អ្នកច្បាប់​អនុវត្ត​វិញ​។​
អត្ថបទទាក់ទង


​ជុំវិញ​ករណី​វាយ​លោក ស៊ុយ សារ៉េត សមត្ថកិច្ច​អះអាងថា បាន​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​ហិង្សា​២​នាក់​មកហើយ​។ បន្ថែម​ពីនេះ សម្ដេច ហ៊ុន សែន ក៏​បង្គាប់​ឲ្យ​សមត្ថកិច្ច​បន្ត​តាមរក​ចាប់ខ្លួន ជនបង្ក​ហិង្សា​បន្ថែមទៀត ដើម្បី​អនុវត្ត​តាមច្បាប់ កុំ​ឲ្យ​មាន​ទង្វើ​ក្រោមរូបភាព​ឃោ​ឃៅ​នេះ រីក​រាលដាល​នៅក្នុង​សង្គម​។​

​ក្រៅពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ប្រមុខ​រដ្ឋាភិបាល ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ប្រើ​ហិង្សា​ទៅ​ជនសង្ស័យ​ទាំងអស់ ដែល​ឡោម​ព័ន្ធ​ចាប់បាន មិន​ថា​ក្រុម​ចោរកម្ម លួច ប្លន់​និង​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ក្ដី ដោយ​ទុក​ឲ្យ​ច្បាប់​ជា​អ្នកសម្រេច​៕



Tag:
 ហ៊ុន សែន​
 ​ហិង្សា​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com