អន្តរជាតិ
លោក ត្រាំ ត្រៀមជួបលោក ពូទីន និយាយរឿងរត់ប្រណាំងសព្វាវុធ លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន នៅឯកិច្ចប្រជុំ APEC នៅវៀតណាម (រូបភាព៖ AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបជាមួយសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅពេលខាងមុខដើម្បីជជែកពីបញ្ហារត់ប្រណាំងសព្វាវុធ ដែលលោក ត្រាំ អះអាងថា បានចេញពីការគ្រប់គ្រង។ លោក ត្រាំ និងលោក ពូទីន បានជជែកគ្នាតាមទូរសព្ទនៅថ្ងៃទី២០ ខែមីនា ដោយប្រធានាធិបតីអាមេរិក បានសាទរសមភាគីរុស្ស៊ី ដែលជាប់ឆ្នោតជាប្រធានាធិបតីរយៈពេល៦ឆ្នាំទៀត។ និយាយរឿងប្រកួតប្រជែងសព្វាវុធនេះ លោក ត្រាំ បានព្រលយថា អាមេរិកមិនឲ្យនរណាតាមទាន់ខ្លួនឡើយ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្លាយជាមហាអំណាចបស្ចិមប្រទេសដំបូងគេ ដែលបានអបអរជោគជ័យរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី។ មេដឹកនាំអាមេរិក និងរុស្ស៊ី បានពិភាក្សាជាមួយគ្នាតាមទូរសព្ទលើបញ្ហាអន្តរជាតិជាច្រើន និងពីលទ្ធភាពជំនួបទ្វេភាគីផងដែរ។ ការជជែកនេះ ធ្វើឡើងពីរថ្ងៃក្រោយលោក ពូទីន ឈ្នះឆ្នោតជាប្រធានាធិបតីរុស្ស៊ីជាមួយនឹងសំឡេងគាំទ្រភ្លូកទឹកភ្លូកដី។
ប្រធានបទសំខាន់នៃជំនួបខាងមុខនេះ នឹងផ្ដោតលើទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធរវាងប្រទេសទាំងពីរ។ ជុំវិញបញ្ហានេះ ក្នុងសន្និសីទសារព័ត៌មានជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី២០ ខែមីនា លោក ត្រាំ និយាយថា លោកនឹងជួបជាមួយលោក ពូទីន នៅពេលមិនយូរខាងមុខនេះដើម្បីជជែកពីការរត់ប្រណាំងផ្នែកសព្វាវុធ ដែលបានទៅផុតពីការគ្រប់គ្រង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT ។
ទោះជាអះអាងថាការប្រណាំងប្រជែងសព្វាវុធទៅហួសពីការគ្រប់គ្រងក្ដី ប្រធានាធិបតីអាមេរិករូបនេះ ក៏បញ្ជាក់ជាថ្មីទៀតពីការប្ដេជ្ញាចិត្តក្នុងការបង្កើនការចំណាយសម្រាប់វិស័យយោធា សំដៅរក្សាតំណែងរបស់អាមេរិកជាប្រទេសដែលខ្លាំងជាងគេលើពិភភពលោក។ លោក ត្រាំ បានព្រលយពាក្យថា អាមេរិកមិនអនុញ្ញាតឲ្យអ្នកណាអាចតាមទាន់អ្វីដែលអាមេរិកមានឡើយ។
ការបារម្ភពីការកើតឡើងម្ដងទៀតនៃការប្រកួតផ្នែកសព្វាវុធ គឺជារឿងគួរឲ្យបារម្ភ ខណៈអាមេរិក និងរុស្ស៊ីបានពង្រឹងវិស័យយោធារបស់ខ្លួនជាលំដាប់។ សព្វថ្ងៃ អាមេរិកជាប្រទេសដែលចំណាយលើវិស័យយោធាធំជាងគេរបស់ពិភពលោក គឺមានទំហំដល់ទៅ៧០០ពាន់លានដុល្លារឯណោះ។ ចំនួននេះច្រើនជាងការចំណាយរបស់រុស្ស៊ី ចិន បារាំង ឥណ្ឌា បូកបញ្ចូលគ្នាទៅទៀត។ ឯរុស្ស៊ីប្រឺងប្រែងអភិវឌ្ឍសព្វាវុធទំនើបថ្មីៗជាច្រើនដែរ។
នៅដើមខែមីនានេះ លោក ពូទីន បានប្រកាសពីការអភិវឌ្ឍអាវុធ មីស៊ីលដែលអាចទម្លុះខែលការពារអាមេរិក និងនាវាមុជទឹកគ្មានអ្នកបើកជាដើម។ យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ីបដិសេធរួចស្រេចថា នេះជាមិនមែនជាការចាប់ផ្ដើមការប្រណាំងប្រជែងសព្វាវុធម្ដងទៀតឡើយ ប៉ុន្តែជាការបង្ហាញសាច់ដុំធ្វើឲ្យគេញញើត៕
Tag:
រុស្ស៊ី
អាមេរិក
វ្ល៉ាឌីមៀ ពូទីន
ដូណាល់ ត្រាំ
Arm Race
© រក្សាសិទ្ធិដោយ thmeythmey.com