ជាតិ
គ.ជ.ប​៖ ទោះជា​ចំនួន​ពលរដ្ឋ​បោះឆ្នោត​ក្រោម​៥០​ភាគរយ ក៏​ចាត់​ទុកជាបានការ​
21, Mar 2018 , 11:35 am        
រូបភាព
​ភ្នំពេញ​៖ ទោះជា​ចំនួន​ពលរដ្ឋ ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឆ្លើយតប​ទៅនឹង​ក្តី​ព្រួយបារម្ភ​របស់​មជ្ឈដ្ឋាន​ទូទៅ ដែល​ប្រកាស​មិន​ទទួលលទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​។​



​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ចាប់ផ្ដើម​ដំណើរ​ការទទួល​ពាក្យ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ មេសា​ខាងមុខនេះ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ មើលឃើញថា បើ​ការបោះឆ្នោត​ខាងមុខ គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ចូលរួម​ប្រកួតប្រជែង​ទេនោះ ពលរដ្ឋ​ដែល​គាំទ្រ​គណបក្សប្រឆាំង នឹង​អវត្តមាន​បោះឆ្នោត​ច្រើន​ ពោលគឺ​ចំនួន​អ្នកបោះឆ្នោត​នឹង​ថយចុះ ហើយ​វា​ក៏​បង្ហាញ​រូបភាព​អាក្រក់​ដល់​អន្ត​រ​ជាតិ​ផងដែរ​។​

​ផ្ទុយ​ពី​ការលើកឡើង​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​និយាយថា ការថយចុះ​ចំនួន​អ្នកបោះឆ្នោត​ខាងមុខ មិនមែនជា​បញ្ហា​ចោទ ដែល​ប៉ះពាល់​ដល់​ការជ្រើសរើស​តំណាងរាស្ត្រ​ឡើយ​។ អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា ច្បាប់បោះឆ្នោត​នៅ​កម្ពុជា មិនបាន​កំណត់​ពី​ចំនួន​អ្នកបោះឆ្នោត​ទេ ។ ត្រង់​ន័យ​នេះ​លោក ហង្ស ពុទ្ធា បាន​និយាយថា បើទោះជា​ចំនួន​ពលរដ្ឋ ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​វា​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ច្បាប់បោះឆ្នោត​នេះ​មិនមាន​ចែងថា ទាល់តែ​ពលរដ្ឋ​បោះឆ្នោត​ប៉ុន្មាន​ភាគរយ នៃ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី ទើប​ចាត់​ទុកជាបានការ​នោះទេ​។ និយាយ​រួម​ដំណើការ​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព តាមច្បាប់​ទាំងអស់​។ ដូច្នេះ​បើ​ពលរដ្ឋ​សម្រេចចិត្ត​ចូលរួម ឬ​មិន​ចូលរួម​ជា​សិទ្ធិ​របស់​ពួកគាត់​។ ក្នុងករណី​ណាក៏ដោយ​ទោះ​អ្នកបោះឆ្នោត​ក្រោម​៥០​ភាគរយ ឬ​លើ​៥០​ភាគរយ គឺ​ចាត់ទុកជា​បានការ​ទាំង​អស់​»​។​

​កន្លងមក​ប្រទេស​ផ្ដល់ជំនួយ​ដល់​ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត បានប្រកាស​ជាមុន​ថា ពួកគេ​មិន​ទទួលស្គាល់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​កម្ពុជា​ឡើយ បើ់សិនជា​គ្មាន​វត្តមាន​អតីត​គណបក្សប្រឆាំង​ចូលរួម​។ បណ្ដា​ប្រទេស​ទាំងនោះ រិះគន់ថា ការបោះឆ្នោត​នៅ​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅដោយ​គ្មាន​តម្លាភាព សេរី និង​យុត្តិធម៌​ឡើយ​។​

​ជាការ​ឆ្លើយតប​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា គ​.​ជ​.​ប មិន​ខ្វល់​ពី​បរទេស​ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នេះឡើយ ព្រោះ​កម្ពុជា មាន​ឯករាជ្យ​និង​អធិបតេយ្យ​ត្រឹមត្រូវ​។ លោក ហង្ស ពុទ្ធា ប្ដេជ្ញា​ថា គជប នឹង​រៀបចំ​ការបោះឆ្នោត​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ស្របតាម​ច្បាប់បោះឆ្នោត​ក​ម្ពុ​ជា​។​



Tag:
 គជប​
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com