ជាតិ
គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​៤​ផ្តោតលើ​ការជួសជុល​ប្រាសាទព្រះវិហារ
21, Mar 2018 , 2:01 pm        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការអភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ បាន​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​៤​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ កិច្ចប្រជុំ​នេះ​ផ្តោតលើ​ការងារ​ជួសជុល​ប្រាសាទព្រះវិហារ និង​មួយផ្នែក​ទៀត​នៅ​ប្រាសាទ​កោះ​កេរ​។​



​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក​បណ្ឌិត គឹម សេ​តារា មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​សំខាន់ ផ្តោតលើ​ការ​សហប្រតិបត្តិការ ពិសេស​សហប្រធាន​ប្រទេស​ចិន និង​ឥណ្ឌា ដែល​បាន​សន្យា​ជួយ​ជួសជុល​ប្រាសាទព្រះវិហារ និង​មួយផ្នែក​ទៀត​នៅ​ប្រាសាទ​កោះ​កេរ​។ ដូច្នេះ​កិច្ចប្រជុំ​នៅពេលនេះ ផ្តោតលើ​ការងារ​រៀបចំ​គោលនយោបាយ និង​សហប្រតិបត្តិការ​ជាសំខាន់​។​

​បញ្ហា​ប្រាសាទព្រះវិហារ ជា​ចំណុច​សំខាន់​ដែល​នឹង​ជជែក​ក្នុង​កិច្ចប្រជុំ​នៅពេលនេះ​។ តាម​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្រៅពី​បញ្ហា​ប្រាសាទ​ដែល​ចាស់​ទ្រុឌទ្រោម​ហើយ​នោះ នៅ​ព្រះវិហារ​មាន​បញ្ហា​បរិស្ថាន​មួយទៀត​ដែល​ទាមទារ​ឱ្យ​យកចិត្តទុកដាក់​ផងដែរ​។ ដោយសារ​នៅ​តំបន់ភ្នំ ខែវស្សា​មាន​បញ្ហា​ទឹក​ហូរ​ច្រោះ​ដី​ខ្លាំង និង​ខែប្រាំង មាន​ភ្លើង​ឆេះ​ព្រៃ​ជាដើម​។​

​មានប្រសាសន៍​ក្នុង​ពិធី​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​៤ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​មានឱកាស​បង្ហាញ​ពី​ការងារ​សំខាន់ៗ​ដែល​ភាគី​ពាក់ព័ន្ធ បាន​បំពេញ​នាពេល​កន្លងមក ដើម្បី​ការងារ​ជួសជុល និង​អភិរក្ស​នៅ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ​។ លោកស្រី​បន្ថែមថា កិច្ចប្រជុំ​លើក​ទី​៤​នេះ ស​បញ្ជាក់ថា​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​ព្រះវិហារ កំពុង​ដំណើរការបាន​ត្រឹមត្រូវ ហើយ​លោកជំទាវ​សង្ឃឹមថា ឆាប់ៗ​ខាងមុខនេះ​នឹង​អាច​ពង្រីក​សកម្មភាព​ការងារ​ជួសជុល​បន្ថែមទៀត​នៅ​ប្រាសាទព្រះវិហារ និង​តំបន់​កោះ​កេរ​។​

​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ មានការ​ចូលរួម​ជា​អធិបតីភាព​ពី​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា សហប្រធាន​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ មាន​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា តំណាង​ទូត ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ រួម​និង​មន្ត្រីរាជការ​សរុប​ប្រមាណ​ជាង ១០០​នាក់​។​

​គួរ​បញ្ជាក់ថា នៅ​ប្រាសាទព្រះវិហារ​មាន​តួ​ចំនួន​៥ ដែល​តួ​ទាំងនោះ​មាន​ភាព​ទ្រុឌទ្រោម​។ កន្លងមក​ភាគី​ចិន ធ្លាប់បាន​សន្យា​ជួសជុល​តួ​ទី​១ ទី​២ និង​ទី​៣ ចំណែក​ភាគី​ឥណ្ឌា សន្យា​ជួយ​ជួសជុល​តួ​ទី​៥ និង​ជណ្ដើរ​ខាងជើង និង​ផ្នែក​ខ្លះ​នៃ​តួ​ទី​១ ដែល​សហប្រតិបត្តិការ​ជាមួយ​ភាគី​ចិន​។ ចំណែក​តួ​ទី​៤ ប្រទេស​រុស្ស៊ី សន្យា​ជួយ​ជួសជុល​ផងដែរ​។ បណ្ឌិត គឹម សេ​តារា មាន​សុទិដ្ឋិនិយម​ថា ពេល​អន្តរជាតិ និង​អ្នកជំនាញ​ខ្មែរ រួមគ្នា​ធ្វើ​ការងារ​ទាំងនេះ​រួមគ្នា នោះ​អាច​សង្គ្រោះ​ប្រាសាទបុរាណ​ខ្មែរ​ទាន់ពេលវេលា​៕


Tag:
 អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com