កីឡាជាតិ
ជាតិ
មិត្តភាព​អន្តរជាតិ​៖ កម្ពុជា​ប៉ះ​ឡាវ​នៅក្នុង​ទីក្រុង​វៀងចន្ទន៍​នា​វេលា​ម៉ោង​៦​ល្ងាច​នេះ​
21, Mar 2018 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ឡាវ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ពុធ ទី​២១ ខែមីនា នេះ នៅ​កីឡដ្ឋាន KM16 ក្នុង​ក្រុង​វៀងចន្ទន៍​។​



​កម្ពុជា ប្រើប្រាស់​ជំនួប​មិត្តភាព​នេះ នៅមុន​ដំណើរ​ទៅកាន់​ក្រុង Dushanbe ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន ដើម្បី​ប្រកួត​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងជំនួប​បង្គ្រប់កិច្ច​ពូ​ល C នៃ​ព្រឹត្តិការណ៍ AFC Asian Cup 2019 ។ ចំពោះ​ការ​ប៉ះគ្នា​ជាមួយ​ក្រុម​ឡាវ កម្ពុជា បាន​យកឈ្នះ ២-១ នា​ជំនួប AFF Suzuki Cup ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន លោក ប្រាក់ សុវណ្ណារ៉ា មាន​កីឡាករ​២៣​នាក់​ក្នុង​បញ្ជី​របស់ខ្លួន ដោយមាន​៣​រូប ត្រូវបាន​កោះហៅ​ឡើងវិញ និង​៥​រូប​ជា​កីឡាករ​ចំណូល​ថ្មី​។ ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី​, ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន និង​ខ្សែការពារ ហុង ផេង ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឡើងវិញ ក្រោយ​អវត្តមាន​មួយរយៈ​កន្លងមក​។ ហុង ផេង បាន​អវត្តមាន​ក្នុង​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០១៦ ក្រោយ​រូបគេ​រងរបួស​ក្បាលជង្គង់​ក្នុងជំនួប​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​នា​អំឡុង​ខែសីហា​។​

​ចំណែក​កីឡាករ ឃួន ឡា​បូ​រ៉ាវី និង​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន បាន​អវត្តមាន​ក្នុង​ជម្រើសជាតិ​ចំនួន​ពីរ​ប្រកួត​រួមមាន​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​សិង្ហ​បុរី និង​ជំនួប​ជើង​ទី​២​ជាមួយ​ក្រុម​ហ្ស៊​កដា​នី​ក្នុង​វគ្គ​ជម្រុះ AFC Asian Cup ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា ដែល​ចូល​ដឹកនាំ​ជំនួស​លោក Leonardo Vitorino​។​

​ក្រៅពី​កីឡាករ ធា​រី ចន្ថា​ប៊ី​ន កីឡាករ​កម្ពុជា​ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​រួមមាន ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏​ស្ថិតក្នុង​ជម្រើស​ទាំង​២៣​នាក់​របស់លោក ប្រាក់ សុវណ្ណារ៉ា ដែរ​។ 

​តែ​យ៉ាងណា ក្នុង​ជម្រើស​២៣​នាក់​របស់លោក ប្រាក់ សុវណ្ណារ៉ា គេ​ក៏​សង្កេតឃើញ​មាន​កីឡាករ​ចំណូល​ថ្មី​៥​រូប​ផងដែរ​រួមមាន​កីឡាករ សុខ ហៀ​ង​, អ៊ុក សុវណ្ណ​, សេត រ៉​ហ្ស៊ី​ប​, យ៉ើ សា​ហ្វី និង​កីឡាករ ម៉ាត់ នូ​រុណ​។

​កីឡាករ​ទាំងនោះ​រួមមាន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​, ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង​, ធា​រី ចន្ថា​ប៊ី​ន​, ឃួន ឡា​បូ​រ៉ាវី​, ស៊ូ យ៉ា​ទី​, ហូ​យ ផល្លី​ន​, នេន សុធា​រ័ត្ន​, សឿ​យ វិសាល​, ហុង ផេង​, សឿត បារាំង​, ស៊ិន កក្កដា​, រស់ សំអឿន​, សុះ ស៊ូ​ហា​ណា​, ឆេង ម៉េង​, អោម ឧ​ត្ត​ម​, កែវ សុខ​សិលា​, អ៊​ន ចាន់​ប៉ូ​លីន​, សុខ ហៀ​ង​, អ៊ុក សុវណ្ណ​, សេត រ៉​ហ្ស៊ី​ប​, យ៉ើ សា​ហ្វី និង​កីឡាករ ម៉ាត់ នូ​រុណ​៕

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​
  ប្រាក់ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com