ជាតិ
ភាសា​បារាំង​ថយឥទ្ធិពល​នៅ​កម្ពុជា តែ​មិន​ស្លាប់​ឡើយ​
21, Mar 2018 , 3:53 pm        
រូបភាព
Parlez-vous français ? ជា​ពាក្យ​ដែល​មនុស្ស​ខ្មែរ​ភាគច្រើន​អាច​និយាយ​រត់មាត់ ទោះ​ពួកគេ​មិនអាច​និយាយ​លើសពីនេះ​ក៏ដោយ​។ ជាទូទៅ អ្នកប្រើប្រាស់​ឃ្លា​សំណួរ​នេះ ច្រើនតែ​មិនអាច​និយាយ​ភាសា​បារាំង​បាន​ច្រើន ប៉ុន្តែ​គេ​សួរ​របៀប​លេងសើច​ទៅកាន់​មនុស្ស​ម្នាក់ទៀត​ដែល​គេ​ដឹងថា ជា​អ្នក​និយាយ​ភាសា​បារាំង​បាន​ច្រើន ឬ​យ៉ាង​ប៉ិនប្រសប់​នោះ​។ នេះ​បង្ហាញថា ភាសា​បារាំង​បាន​មាន​វត្តមាន​ទូលំទូលាយ​នៅ​កម្ពុជា រហូតដល់​វា​ថមថយ​វត្តមាន និង​ឥទ្ធិពល​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ប៉ុន្តែ​ភាសា​បារាំង​នៅតែមាន​តម្លៃ និង​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អ្នក​ដែល​បាន​សិក្សា​ភាសា​នេះ​។



​អ្នកការពារ​ភាសា​បារាំង​បានចេញ​មុខ​ពន្យល់ និង​បង្ហាញ​ផ្លែផ្កា​ជាច្រើន​។ មុនដំបូង​គេ គឺ​អ្នកស្រី​ឯកអគ្គរដ្ឋទូត​បារាំង អេ​វ៉ា ង្វៀន ប៊ី​ញ (Eva Nguyen Binh) ដែល​អះអាងថា ចាប់តាំងពី​ថ្ងៃ​ដែល​អ្នកស្រី​មកដល់​កម្ពុជា អ្នកស្រី​បាន​ជួប​អ្នក​និយាយ​ភាសា​បារាំង​យ៉ាងច្រើន ហើយ​ពូកែៗ​។ ហើយ​បើសិនជា​អ្នកស្រី​បាន​ជួប​យុវជន​ដែល​និយាយ​ភាសា​បារាំង​នោះ អ្នកស្រី​ក៏​មិន​ឆ្ងល់​ឡើយ ពីព្រោះ​ប្រទេស​បារាំង​របស់​អ្នកស្រី នៅតែ​ជា​ប្រទេស​បរទេស​លំដាប់ថ្នាក់​ទី​ពីរ​បន្ទាប់ពី​ប្រទេស​ថៃ ដែល​ទទួល​និស្សិត​ខ្មែរ​ទៅ​បន្ត​ការសិក្សា​នោះ​។​

​អ្នកស្រី​ឯកអគ្គរដ្ឋទូត​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖«​អស់​រយៈពេល​ប្រហែល​២០​ឆ្នាំ​មកហើយ ក្នុង​មួយឆ្នាំៗ និស្សិត​កម្ពុជា​ប្រមាណ​៦០០​នាក់​ចេញទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ​ថា្នក់​បណ្ឌិត ហើយ​មួយចំនួន​សិក្សា​នៅ​សាលា​ល្បីៗ ដូចជា​សាលា​ពហុបច្ចេកទេស​ជាដើម​។ ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំនេះ ប្រទេស​បារាំង​បាន​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​កម្រិត​ខ្ពស់ជាង​៦ ០០០​នាក់​។ បច្ចុប្បន្ន ពួកគេ​កំពុង​កាន់តំណែង​ធំៗ​នៅតាម​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន​»​។​

​ទោះ​យ៉ាងនេះ​ក៏ដោយ ក្នុងនាម​ជា​អ្នក​ប្រាកដនិយម ប្រធាន​បេសកកម្ម​ការទូត​របស់​ប្រទេស​បារាំង​ទទួលស្គាល់​ការធ្លាក់ចុះ​នៃ​ចំនួន​អ្នក​និយាយ​ភាសា​បារាំង ហើយ​ថា​ភាសា​បារាំង​ដែល​បច្ចុប្បន្ន​មាន​ចំនួន​អ្នក​និយាយ​២៧៤​លាន​នាក់ បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដោយសារតែ​ការបើក​ទូលាយ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ដែល​ត្រូវ​សម្រប​ខ្លួន​ទៅតាម​បរិបទ​របស់ខ្លួន​ដែរ​។​

​លោក ស៊ឹម សៀង​ប៉ាវ អតីត​ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​បារាំង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏មាន​ហេតុផល​ដែល​បង្ហាញថា ភាសា​បារាំង​មិន​ស្លាប់​ពី​កម្ពុជា​ឡើយ​។ សម្រាប់​លោក​សាស្ត្រាចារ្យ​ដែលមាន​អាយុ​ជាង​៧០​ឆ្នាំ​ហើយ​នៅពេលនេះ ក្រុមហ៊ុន​របស់​ប្រទេស​បារាំង​ជាច្រើន​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន​។ លោក​បន្ថែមថា លើសពីនេះ​ទៀត​ការងារ​ជាច្រើន​ទៀត​ក៏​ត្រូវការ​អ្នកចេះ​ភាសា​បារាំង​ដោយ​ចៀស​មិនបាន​ដូចជា មគ្គ​ទេស​ក៏​ទេសចរណ៍ អ្នកបកប្រែ​ជា​សំណេ និង​អ្នកបកប្រែ​ផ្ទាល់មាត់​នៅតាម​កិច្ចប្រជុំ​នានា​ជាដើម​។ «​មហាវិទ្យាល័យ​ភាសា​បារាំង​បាន​បណ្តុះបណ្តាល​និស្សិត​ខ្មែរ​ជាច្រើន​ផ្នែក​សារព័ត៌មាន ទេសចរណ៍ អ្នកបកប្រែ និង​ជំនាញ​គ្រូបង្រៀន​ភាសា​បារាំង​។ ពួកគេ​បានធ្វើការ​នៅក្នុង​វិស័យ​ឯកជន​ផង និង​រដ្ឋ​ផង​។ ដោយសារ​ភាសា​បារាំង ពួកគេ​ក៏បាន​កាន់កាប់​តំណែង និង​តួនាទី​សំខាន់ៗ​»​។ នេះ​ជាការ​ពន្យល់​របស់លោក ស៊ឹម សៀង​ប៉ាវ ដែលជា​អ្នក​ស្រឡាញ់​ភាសា​បារាំង​ដ៏​ខ្លាំងក្លា​។​

​ចំណែកឯ​លោក ព្យ៊ែ​រ ហ្ស៊ី​ឡេ​ត (Pierre Gillette) ដែលជា​អតីត​និពន្ធ​នាយ​កាសែត​ភាសា​បារាំង​កំ​បូដ​ស័​រ​ដ៏​មាន​វិជ្ជាជីវៈ លោក​មើលឃើញថា មាន​លទ្ធផល​ជាក់ស្តែង​ជាច្រើន​បានកើត​មាននៅ​ប្រទេស​កម្ពុជា ដូចជា​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ តាមរយៈ​ប្រទេស​បារាំង និង​សមាគម​ប្រទេស​និយាយ​ភាសា​បារាំង​។ ប៉ុន្តែ​អ្នកកាសែត​ជនជាតិ​បារាំង​រូបនេះ ក៏បាន​មើលឃើញ​ពី​ការ​ថមថយ​ចុះ​នៃ​ឥទ្ធិពល​ភាសា​បារាំង​នៅ​កម្ពុជា​ដែរ ហើយ​លោក​ចង់ឃើញ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ប្រើប្រាស់​មធ្យោបាយ​នានា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ភាសា​បារាំង​លេចធ្លោ​ឡើងវិញ​នៅ​កម្ពុជា​។ លោក ហ្ស៊ី​ឡេ​ត យល់ឃើញថា ការបាត់បង់​សារព័ត៌មាន​ជា​ភាសា​បារាំង​នៅ​កម្ពុជា មានតែ​ធ្វើ​ឲ្យ​ការធ្លាក់ចុះ​ប្រជាប្រិយភាព​ភាសា​បារាំង​តែប៉ុណ្ណោះ​៕


Tag:
 ភាសា​បារាំង Francophonie
  Eva Nguyen Binh
  Sim Sieng Pav
  Pierre Gillette
© រក្សាសិទ្ធិដោយ thmeythmey.com