ពីនេះ ពីនោះ
ត្រីឆ្មាក្រពើ ធ្វើដំណើរពីតំបន់ដីសណ្តទន្លេមេគង្គ ដល់ល្បាក់ខោន ព្រំដែនកម្ពុជា-ឡាវ រូបភាពៈ Phanara Thach / USAID Wonders of the Mekong (ត្រីឆ្មាក្រពើ)
× ត្រីឆ្មាក្រពើ មានឈ្មោះវិទ្យាសាស្ត្រ (Lycothrissa crocodilus) និងឈ្មោះជាភាសាអង់គ្លេស Sabretoothed thryssa ជាប្រភេទត្រីដែលចាប់កំណើតនៅក្នុងតំបន់ទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) និង ចូលមករស់នៅក្នុងតំបន់ទឹកសាប ដូចជាទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប បឹងទន្លេសាប ព្រមទាំង អូរ ស្ទឹង ព្រែកជាដើម។ ត្រីឆ្មាក្រពើ មានដងខ្លួនអតិបរមាប្រវែង ៣០ស.ម ។ វាស៊ីពពួកសត្វល្អិត ខ្ចៅ ខ្ចង កំពឹស និងកូនត្រីល្អិតជាអាហារ។
ត្រីឆ្មាក្រពើ មិនមែនជាប្រភេទត្រីធ្វើចរាចរផ្លាស់ទីទេ ប៉ុន្តែ គេឃើញវាធ្វើចរាចរផ្លាស់ទីចូលមកតាមដងទន្លេមេគង្គ ពីតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម ទៅដល់ល្បាក់ខោន ខ្សែទឹកខាងលើទន្លេមេគង្គ ក្នុងរដូវប្រាំង ចាប់ពីខែតុលា ដល់ ខែមិនា និងត្រឡប់ចុះមកខ្សែទឹកខាងក្រោមវិញ ក្នុងរដូវភ្លៀងមូសុងវស្សា ចាប់ពីខែ ឧសភា ដល់ខែកក្កដា។ ការធ្វើចរាចរផ្លាស់ទីនេះ ត្រូវបានគេរាយការណ៍ថា ដោយសារតែកម្រិតទឹកថយចុះ ឬកើនឡើងខ្ពស់នៅក្នុងតំបន់ទឹកភ្លាវ។ ត្រីឆ្មាក្រពើ ត្រូវបានគេកត់ត្រាចូលក្នុង បញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះតិចតួច ដែលអាចនឹងឈានដល់ការផុតពូជ។ បញ្ហាប្រឈមចំពោះត្រីឆ្មាក្រពើ ដូចជាត្រូវបានរងផល់ប៉ះពាល់ខ្លះចំពោះពួកវាដោយតំបន់ ប៉ុន្តែមិនមែនទូទៅទេ ដូច្នេះ យើងត្រូវការព័ត៌មានបន្ថែមទៀត។
ដោយៈ Chhut Chheana រូបភាពៈ Phanara Thach / USAID Wonders of the Mekong © រក្សាសិទ្ធិដោយ thmeythmey.com