រដ្ឋាភិបាល សន្យា​ជួយ​រៀបចំ​ផ្សារ​ច្បារអំពៅ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល សន្យា​ជួយ​រៀបចំ​ផ្សារ​ច្បារអំពៅ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​
21, Mar 2018 , 4:12 pm        
រូបភាព
រូបពីហ្វេស ប៊ុក លោក ម៉េត មាសភក្តី
រូបពីហ្វេស ប៊ុក លោក ម៉េត មាសភក្តី
​ភ្នំពេញ​៖ ក្រោយពី​ឃើញ​ការអំពាវនាវ​របស់​អា​ជីវ​ករ​ផ្សារ​ច្បារអំពៅ ដែល​រង​ការខាតបង់​ដោយសារ​អគ្គិភ័យ​នោះ ប្រមុខ​រដ្ឋាភិបាល បាន​សន្យា​ជួយ​រៀបចំ​ទីតាំង​ខូចខាត​នេះ​ឡើងវិញ ដើម្បី​សម្រួល​ដល់​ទុក្ខលំបាក​របស់​ពួកគេ​។​



​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ចុះ​ជួប​អាជីវករ​ផ្សារ​ច្បារអំពៅ ដើម្បី​ប្រាប់​ឲ្យ​ពួកគេ​អត់ធ្មត់ និង​ទ្រាំ​ការលំបាក​បន្តិច​សិន ព្រោះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ជួយ​សាងសង់​ឡើងវិញ នៅ​ទីតាំង​ខូចខាត​របស់​អាជីវករ ។ បើតាម​លោក ឃួ​ង ស្រេង ការចំណាយ​លើ​ការសាងសង់​នេះ គឺ​រដ្ឋាភិបាល​ជា​អ្នកចំណាយ​ទាំងស្រុង​។​



​បន្ថែម​ពីលើ​នេះ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េ​ត មាស​ភក្តី បាន​និយាយថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កំពុង​ព​ន្លឿ​ន​ការសម្អាត​សំណល់​ពី​អ​គី្គ​ភ័យ និង​រួសរាន់​រៀបចំ​ផ្សារ​ឡើងវិញ ដើម្បី​ឲ្យ​អាជីវករ​ឆាប់​បាន​ចូល​លក់ដូរ កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​អាជីវករ​ទាំងនោះ តាមរយៈ​ការសាងសង់​ឡើងវិញ នូវ​ដំបូល​ផ្សារ​ដែល​បាន​ខូចខាត ,​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បណ្ដាញ​លូ​ជុំវិញ​ផ្សារ និង​ចាក់សាប​ក្នុង​បរិវេណ​ផ្សារ​, អនុញ្ញាត​ឲ្យ​អាជីវករ​សាងសង់​តូប​ដោយ​ខ្លួនឯង តាម​ចំនួន​តូប​ដែល​ធ្លាប់មាន (​មិន​ឲ្យ​មានការ​លួច​បន្ថែម​តូប​លក់ដូរ​ឡើយ​) និង​សម្រួល​ការរៀបចំ​ឯកសា​រ​ផ្សេងៗ ដើម្បី​សាងសង់​ឲ្យ​បាន​ឆាប់រហ័ស និង​ឥតគិតថ្លៃ​ជាដើម​។​



​សូមបញ្ជាក់ថា ផ្សារ​ច្បារអំពៅ មាន​ចំនួន​សរុប​ជាង ១៥០០​តូប ដោយ​ក្នុងនោះ​ជាង ៦០០​តូប ត្រូវ​អគ្គិភ័យ​ឆាបឆេះ កាលពី​យប់​ថ្ងៃទី​១៥ ខែមីនា រហូត​ព្រឹក​ថ្ងៃទី​១៦ មីនា ដោយ​ក្រុម​ពន្លត់​អគ្គិភ័យ បាន​ប្រើប្រាស់​ឡានទឹក​អស់​ជាច្រើន​គ្រឿង​៕




Tag:
 ផ្សារ​ច្បារអំពៅ​
 ​ភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com