អន្តរជាតិ
ICC ៖ ទោះហ្វីលីពីន បញ្ចប់សមាជិកភាពពី ICC ក៏ដោយ នីតិវិធីស៊ើបអង្កេតនៅតែបន្តធ្វើ
× តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ជាលើកទីពីរពាក់ព័ន្ធនឹងការបញ្ចប់សមាជិកភាពហ្វីលីពីនពីតុលាការដោយរដ្ឋាភិបាល លោក រ៉ូឌ្រីហ្គោ ឌូទើតេ ។ តុលាការ ក៏បានបញ្ជាក់ពីការទទួលបានលិខិតជូនដំណឹងផ្លូវការ នៃការចាកចេញរបស់ហ្វីលីពីនផងដែរ ។
តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃ២០ មីនា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានអះអាងថា នៅថ្ងៃ១៩ មីនា តុលាការ បានទទួលការជូនដំណឹងផ្លូវការពីអគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការដាក់តម្កល់លិខិតជូនដំណឹងជាលក្ខលក្ខ័អក្សរដើម្បីដកខ្លួនចេញពីលក្ខន្តិកៈក្រុងរ៉ូម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិរបស់ហ្វីលីពីនហើយ ។
តាមរយៈសេចក្តីប្រកាសនោះ ខុសពីការចេញសេចក្តីថ្លែងការណ៍របស់ប្រធានមហាសន្និបាត តុលាការ មិនសុំឲ្យហ្វីលីពីន បន្តជាសមាជិកទៀតឡើយ ពោលគឺ ការចាកចេញពីលក្ខន្តិកៈក្រុងរ៉ូម គឺជាសិទ្ធិអធិបតេយ្យរដ្ឋភាគី ដែលបានកំណត់យ៉ាងច្បាស់នៅក្នុងមាត្រា ២១៧ នៃលក្ខន្តិកៈក្រុងរ៉ូម ។ ក៏ប៉ុន្តែ តុលាការ ក៏បានបញ្ជាក់ច្បាស់ដែរថា ការដកខ្លួននេះ មិនប៉ះពាល់ដល់នីតិវិធីនៃការស៊ើបអង្កេតលើ សង្គ្រាម គ្រឿងញៀនឡើយ ។
« រដ្ឋភាគីមួយ ដោយជូនដំណឹងជាលាយលក្ខ័អក្សរទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ អាចដកខ្លួនចេញពីច្បាប់លក្ខន្តិកៈនេះបាន ។ ការដកខ្លួនចេញនេះ មានប្រសិទ្ធភាពក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីថ្ងៃទទួលបានការជូនដំណឹងនោះ លើកលែងតែការជូនដំណឹងនោះ មានបញ្ជាក់កាលបរិច្ឆេទ ដែលយូរជាងរយៈពេលមួយឆ្នាំ » ។ នេះ គឺជាខ្លឹមសារដើម នៃមាត្រា១២៧ នៃលក្ខន្តិកៈក្រុងរ៉ូម ។
គួររម្លឹកជាថ្មីផងដែរថា ហ្វីលីពីន បានក្លាយជាហត្ថលេខី នៃច្បាប់លក្ខន្តិកៈក្រុងរ៉ូមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនៅឆ្នាំ២០១១ ។ ការដែលឈានដល់ ការដើរចេញរបស់ហ្វីលីពីន ពីតុលាការនេះ បន្ទាប់ពីរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅខែកុម្ភៈកន្លងទៅ បានប្រកាសបើកការពិនិត្យ និងវិនិច្ឆ័យបឋមចំពោះស្ថានភាព នៃសង្គ្រាមគ្រឿងញៀនរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដែលបានសម្លាប់ទាំងជនសង្ស័យ និងឈ្មួញគ្រឿងញៀនរាប់ពាន់នាក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com