ជាតិ
កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ទិវា​ចម្លាក់​ឈើ​ពិភពលោក ឆ្នាំ​២០១៨
21, Mar 2018 , 9:39 pm        
រូបភាព
រូបភាព៖ AKP
រូបភាព៖ AKP
​សៀមរាប​៖  កម្ពុជា បាន​ធ្វើជា​ម្ចាស់​រៀបចំ​ទិវា​ចម្លាក់​ឈើ ឆ្នាំ​២០១៨​នេះ ក្រោម​ប្រធានបទ «​ព្រៃឈើ និង​ជីវិត​»​។ នៅក្នុង​ទិវា​អន្តរជាតិ​នេះ មាន​ជាងឈើ ជាងចម្លាក់ តន្ត្រីករ និង​សិល្បករ​ប្រមាណ ១០០​ប្រទេស​ចូលរួម​។​



​ទិវា​ចម្លាក់​ឈើ​ពិភពលោក (World Woods Day) នៃ​មូលនិធិ​អង្គការ​សង្គម​វប្បធម៌​ឈើ​អន្ដរជាតិ ធ្វើឡើង​ក្នុង​គោលបំណង​បណ្ដុះបណ្តាល និង​អប់រំ​មនុស្ស នៅលើ​ពិភពលោក​ឱ្យ​ចេះ​ស្រឡាញ់ និង​ចូលរួម​ដាំ​ដើមឈើ ព្រោះថា​ដើមឈើ​ជា​ជីវិត​សម្រាប់​មនុស្សលោក​។



​លោក ស៊ុំ ឈុំ​ប៊ុន អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ទិវា​ចម្លាក់​ឈើ​នេះ មានការ​ចូលរួម​ពី​ជាងឈើ ជាងចម្លាក់ តន្ត្រីករ សិល្បករ និង​វាគ្មិន​ជាតិ និង​អន្ដរជាតិ ដែលមាន​បទពិសោធន៍ ហើយ​ពួកគេ​នឹង​ផ្តោតលើ​ការ​រចនា ការកែច្នៃ ការសម្ដែង ការបង្ហាញ​នូវ​ស្នាដៃ​ដ៏​វិចិត្រ​របស់ខ្លួន ស្តីពី​ការប្រើប្រាស់​ឈើ ដើម្បី​ជំរុញឱ្យមាន​ការស្រឡាញ់ ការចូលរួម​ថែរក្សា និង​ដាំ​ដើមឈើ​។ លោក​បន្ថែមថា អ្នកចូលរួម​ទាំងអស់​សរុប​ប្រមាណ ៥៥០​នាក់ ដែល​មកពី​បណ្តា​ប្រទេស​ប្រមាណ ១០០ នៅ​ជុំវិញ​ពិភពលោក​។​



​ថ្លែង​ក្នុង​ពិធី​នោះដែរ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា ទិវា​ចម្លាក់​ឈើ​នេះ នឹងផ្តល់​វិភាគទាន​ដ៏​មានតម្លៃ​សម្រាប់​សង្គមជាតិ និង​វឌ្ឍនភាព​នៃ​ព្រៃឈើ ការប្រើប្រាស់ ការស្រឡាញ់ ការចូលរួម​ថែរក្សា និង​ការដាំ​ដើមឈើ​ឡើងវិញ​។ លោក​រដ្ឋមន្ត្រី​បន្ថែមថា ទិវា​នេះដែរ នឹងមាន​កម្មវិធី​ជាច្រើន​ទៀត ដូចជា វេទិកា​វិទ្យាសាស្ត្រ សិប្បកម្ម​ឈើ រចនា​ឈើ ចម្លាក់​ឈើ ចម្លាក់​ក្រឡឹង ចម្លាក់​ប្រជា​ប្រី​យ៍ ការផលិត សង្ហារិម ស្ថាបត្យកម្ម​ពី​ឈើ ការអប់រំ​កុមារ​ស្ដីពី​ដើមឈើ ការសម្ដែង​សិល្បៈ​ដែល​ប្រើប្រាស់​ឧបករណ៍​ធ្វើ​ពី​ឈើ ការផ្សព្វផ្សាយ​ឯកសារ​ទេសចរណ៍ ស្ដីពី​វប្បធម៌​នៃ​ដើមឈើ និង​ការដាំ​ដើមឈើ​ជាដើម​។​

​ទិវា​ចម្លាក់​ឈើ ត្រូវបាន​រៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២១ ខែមីនា​។ ទិវា​នេះ បានចាប់ផ្តើម​ធ្វើ​នៅ​ឆ្នាំ​២០១៣ ដែល​រៀបចំ​នៅ​ប្រទេស តង់​សានី ក្នុង​ទ្វីបអាហ្វ្រិក លើក​ទី​២ ឆ្នាំ​២០១៤ នៅ​ប្រទេស​ចិន លើក​ទី​៣ ឆ្នាំ​២០១៥ នៅ​ប្រទេស​តួ​ក​គី លើក​៤ ឆ្នាំ​២០១៦ នៅ​ប្រទេស​នេ​ប៉ាល់ លើក​ទី​៥ ឆ្នាំ​២០១៧ ធ្វើ​នៅ​សហរដ្ឋអាមេរិក និង​លើក​ទី​៦ ឆ្នាំ​២០១៨ ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​កម្ពុជា នា​ខេត្តសៀមរាប​។​



​ទិវា​ចម្លាក់​ឈើ​ពិភពលោក​ឆ្នាំ​២០១៨ មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ ខែមីនា ដែល​រៀបចំ​ដោយ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក្រោម​ការឧបត្ថម្ភ​ដោយ អង្គការ​សង្គម​វប្បធម៌​ឈើ​អន្ដរជាតិ (IWCS) អង្គការ IUFOR និង​មូលនិធិ​ទិវា​ឈើ​ពិភពលោក​។ ស្ថាប័ន​អន្ដរជាតិ​ទាំងនេះ ជា​អង្គការ និង​មូលនិធិ​មិន​ស្វែងរក​ប្រាក់កម្រៃ និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ក​ការអប់រំ ការផ្សព្វផ្សាយ និង​លើកកម្ពស់​ការស្រឡាញ់​ដើមឈើ លើកកម្ពស់​មេត្រីភាព បរិស្ថាន ពង្រឹង​ឱ្យមាន​ការរីកដុះដាល​ឡើងវិញ​នូវ​ជីវ​វត្ថុ និង​ការពង្រីក​ការយល់ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ នូវ​ការប្រើប្រាស់​ឈើ​ប្រកបដោយ​និរន្ដរភាព​ទៅ​អនាគត​៕




Tag:
 ទិវា​ចម្លាក់​ឈើ
© រក្សាសិទ្ធិដោយ thmeythmey.com