កីឡាអន្តរជាតិ
អន្តរជាតិ
ស្ថានភាព​របួស Neymar ទំនង​អាចជួយ​ប្រេ​ស៊ី​ល ទាន់ World Cup នៅ​រុស្ស៊ី​
21, Mar 2018 , 10:39 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
Neymar អាច​នឹង​ជាសះស្បើយ​ទាន់ពេលវេលា​ដើម្បី​ជួយ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក្នុងការ​ប្រកួត FIFA World Cup នៅ​រុស្ស៊ី​ដែល​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​មិថុនា​ខាងមុខនេះ​។ នេះ​បើតាម​ការអះអាង​របស់​គ្រូពេទ្យ​ដែលជា​អ្នក​វះកាត់​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​រូបនេះ​។



​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា លោក Rodrigo Lasmar ដែលជា​គ្រូពេទ្យ​ជំនាញ​វះកាត់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២០ ខែមីនា​ថា ការវិលត្រឡប់​របស់ Neymar ពី​ការវះកាត់​ជើង កំពុងតែ​ដំណើរការ​បានល្អ ខណៈ​តារា​ឆ្នើម​របស់ Paris Saint-Germain រូបនេះ​បាន​ត្រៀមខ្លួន​រួចស្រេច​សម្រាប់​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​នេះ​។​
Lasmar បាន​ប្រាប់​កាសែត​បារាំង L'Equipe ដូច្នេះ​ថា​៖«​ឥឡូវនេះ​អ្វីៗ​គ្រប់យ៉ាង​កំពុងដំណើរការ​បានល្អ ហើយ​ពួកគេ​បាន​ប្រាប់​ខ្ញុំ​គ្រប់យ៉ាង​អំពី​ការ​ធូរស្បើយ​ឡើងវិញ​របស់ Neymar»​។​



​លោក​បាន​អះអាង​បន្ថែមថា ខ្សែប្រយុទ្ធ​វ័យ ២៦​នេះ​អាច​នឹង​ជាសះស្បើយ និង​ចូល​លេង​បាន​វិញ​នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ​នេះ​។​
​អតីត​សមាជិក Barcelona រូបនេះ​បាន​រងរបួស​កជើង​ក្នុងជំនួប​ដែល PSG ឈ្នះ Marseille ក្នុងការ​ប្រកួត​ពាន​ក្នុងស្រុក Ligue 1 កាល​ថ្ងៃទី​២៥ ខែកុម្ភៈ នៅពេល​ព្យាយាម​ប្រជែង​គ្នា​ជាមួយ​កីឡាករ Bouna Sarr​។ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ បាន​ពិនិត្យឃើញថា​រូបគេ​បាក់ឆ្អឹង​នៅក្នុង​ឆ្អឹង​សំខាន់​នៅ​ចំ​កណ្តាល​ជើង​ដែល​ត្រូវ​ទាមទារ​ឲ្យ​វះកាត់​។​
អត្ថបទទាក់ទង

Neymar ក៏​ធ្លាប់​រងរបួស​ខកខាន​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ឲ្យ​ប្រេ​ស៊ី​ល​ដែល​ចាញ់​អាល្លឺម៉ង់ ៧-១ កាលពី​៤​ឆ្នាំមុន​ម្តង​ដែរ​។ ដូច្នេះ​សម្រាប់​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​លើក​នេះ​ក្រុម​រហស្សនាម​សាំ​បា​សង្ឃឹមថា​តារា​ឆ្នើម​របស់ខ្លួន​នឹងមិន​មិន​ជួប​បញ្ហា​ទៀត​នោះទេ​៕


Tag:
 បាល់ទាត់​
  Neymar
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com