អន្តរជាតិ
​បារាំង​៖ ចំនួន​បក្សី​ធ្លាក់ចុះ​នៅតាម​ជនបទ ដោយសារ​មិនសូវមាន​សត្វល្អិត និង​ដំណាំ​កសិកម្ម​
22, Mar 2018 , 8:59 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ធីតា
​អ្នករស់នៅ​ក្រុង​អាច​បន្ត​ឮ​សំឡេង​រថយន្ត ប៉ុន្តែ​អ្នករស់នៅ​តាម​ទីជនបទ​ប្រឈម​នឹង​បាត់បង់​សំឡេង​បក្សី​។ តាម​ការសិក្សា​រួមគ្នា​របស់​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​ធម្មជាតិ (MNHN) និង​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ (CNRS) របស់​បារាំង បាន​បង្ហាញថា ចំនួន​សត្វ​បក្សី​នៅតាម​ទីជនបទ​នៃ​ប្រទេស​បារាំង ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​១៥​ឆ្នាំ​។



​ការសិក្សា​ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៤​មក បាន​រកឃើញ​ពី​ការបាត់បង់​បក្សី​ក្នុង​ចំនួន​ដ៏​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ MNHN និង CNRS បានប្រកាស​រួមគ្នា​ទាក់ទង​នឹង​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់ខ្លួន ហើយ​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន Le Monde​។​

​ជា​មធ្យម​ប្រភេទ​សត្វ​បក្សី​នីមួយៗ បាន​បាត់បង់​រហូតដល់​ទៅមួយ​ភាគបី ក្នុង​ចន្លោះពេល​១៥​ឆ្នាំ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​លើកឡើងថា ការផ្លាស់ប្តូរ​ការអនុវត្ត​គោលនយោបាយ​កសិកម្ម​នា​រយៈពេល​២៥​ឆ្នាំ​ចុងក្រោយ ជា​មូលហេតុ​ចម្បង​នៃ​ការបាត់បង់​ចំនួន​បក្សី​។​

​កសិកម្ម​ទំនើប បាន​កាត់បន្ថយ​វត្តមាន​របស់​ឃ្មុំ និង​សត្វល្អិត​ទូទៅ ដែលជា​ចំណី​បក្សី​។ អ្នកជំនាញ​បាន​ព្រមាន​ថា តួលេខ​បក្សី​នៅតាម​ជនបទ នឹង​បន្ត​ធ្លាក់ចុះ ខណៈ​ដំណាំ​កសិកម្ម​មិនសូវ​សម្បូរបែប​ដូច​មុន​។​

​លោក Frederic Jiguet សាស្ត្រាចារ្យ​ផ្នែក​ជីវវិទ្យា​របស់ MNHN បាន​ត្អូញត្អែរថា​៖ «​សត្វល្អិត​ថយចុះ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ ដំណាំ និង​ធញ្ញជាតិ ដែលជា​ចំណី​របស់​បក្សី​ក៏​ថយចុះ​ផងដែរ ដូច្នេះ​បក្សី​ពិតជា​ពិបាក​ចិញ្ចឹមជីវិត​ខ្លាំងណាស់​»៕



Tag:
 បក្សី​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com