ជាតិ
គ​.​ជ​.​ប សុំចូល​ជា​សមាជិក​អង្គការ​បោះឆ្នោត​ពិភពលោក ដើម្បី​បង្ហាញ​ពី​ភាព​អ​ព្យា​ក្រឹត្យ​ខ្លួន​នៅ​ឆាក​អន្តរជាតិ​
22, Mar 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​បោះឆ្នោត​ពិភពលោក​ហើយ ក្រោយពី​ពិចារណា​យ៉ាង​សុ​ក្រឹត្យ លើ​ស្ថាប័ន​ដែល​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​មួយ​នេះ​។ ឱកាស​ដែល គ​.​ជ​.​ប មើលឃើញ​នោះ គឺអាច​បង្ហាញ​ពី​សុក្រឹត្យភាព​របស់ខ្លួន ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​កម្ពុជា ដល់​បណ្ដា​ប្រទេស​នានា​ក្នុង​ឆាក​អន្តរជាតិ​ឲ្យ​បាន​យល់ និង​កុំ​ឲ្យ​វាយតម្លៃ​ខុស​លើ​កម្ពុជា​។​



​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អាច​ចូល​ជា​សមាជិក​អង្គការ​បោះឆ្នោត​សាកល​មែន​នោះ វា​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។ ប្រយោជន៍​ទី​១ គឺ គ​.​ជ​.​ប កម្ពុជា អាច​រៀនសូត្រ​ពី​ការរៀបចំ​ដំណើការ​បោះឆ្នោត ពី​បណ្ដា​ប្រទេស​ផ្សេងៗ​បន្ថែមទៀត និង​ទី​២ គ​.​ជ​.​ប អាច​បង្ហាញ​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន ទៅដល់​ប្រទេស​នានា ឲ្យ​បានដឹង​និង​ទទួលស្គាល់ ចំពោះ​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា អ្នក​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​បន្ថែមថា អង្គការ​បោះឆ្នោត​សាកល កំពុង​យក​សំណើ​រគ​.​ជ​.​ប ទៅពិនិត្យ​និង​ដាក់​ពិភាក្សា​ក្នុង​ស្ថាប័ន​នេះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា បាន​និយាយ​ដូច្នេះ​ថា​៖«​មុននឹង​សុំចូល​នេះ ក៏​ខាង​អគ្គលេខា​សមាគម​បោះឆ្នោត​សាកល បានមក​បញ្ចុះបញ្ចូល​ស្នើសុំ​ឲ្យ​គ​.​ជ​.​ប ចូល​ជា​សមាជិក ហើយ គ​.​ជ​.​ប រំពឹងថា គ្មានអ្វី​ជា​ឧបសគ្គ​ទេ ព្រោះ​ខាង​សមាគម​បោះឆ្នោត​ពិភពលោក​នេះ មក​អញ្ជើញ​យើង​ចូល​…​។ ទី​១ គឺ​គ​.​ជ​.​ប បាន​ផ្លាស់ប្ដូរ​បទពិសោធន៍​រៀបចំ​បោះឆ្នោត​ជាមួយ​ប្រទេស​នៅលើ​សាកលលោក​ជាង​១០០​ប្រទេស​។ ទី​២ គ​.​ជ​.​ប ទទួលបាន​វេទិកា​មួយ ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត ដែល​ត្រូវធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ផ្សេង​ស្គាល់​អ្វី​ដែលជា​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​កម្ពុជា ទៅ​មជ្ឈដ្ឋាន​មួយចំនួន ដែល​មិន​យល់​ពី​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​វាយតម្លៃ​ផ្ដេសផ្ដាស​ធ្វើ​ឲ្យ​ប៉ះពាល់​គជប ។ ដូច្នេះ​វា​ជា​ឱកាស​សម្រាប់​គ​.​ជ​.​ប​»​។​

​សំឡេង​លោក ហង្ស ពុទ្ធា​៖




​កាលពី​ចុងឆ្នាំ​២០១៧ អគ្គលេខា​នៃ​សមាគម​បោះឆ្នោត​ពិភពលោក (A-WEB) លោក គីម យ៉ុង ហ៊ី បាន​មកជួប​ជាមួយ​ប្រធាន​គ​.​ជ​.​ប​កម្ពុជា លោក ស៊ិ​ក ប៊ុន​ហុក ដើម្បី​ពិភាក្សា​លើ​ការចូលរួម​ជា​សមាជិក​របស់​ស្ថាប័ន​បោះឆ្នោត​ពិភពលោក​មួយ​នេះ​។​

​សមាគម​បោះឆ្នោត​ពិភពលោក A-WEB បង្កើត​កាលពី​ខែតុលា​ឆ្នាំ​២០១៣ ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​កូរ៉េខាងត្បូង ។ សមាគម​នេះ មាន​សមាជិក​១០៩ មកពី​១០៣​ប្រទេស​លើ​សកលលោក ដែល​កំពុងធ្វើការ​ងារ​រួមគ្នា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត​ក្នង​ប្រទេស​សមាជិក​នីមួយៗ ប្រព្រឹត្ត​ទៅកាន់​តែមាន​សុក្រឹត្យភាព និង​តម្លាភាព ។ សមាគម​បោះឆ្នោត​ពិភពលោក A-WEB ជា​សមាគម​មិន​ធ្វើ​នយោបាយ មាន​ស្វ័យភាព​និង​ឯករាជ្យ ដែល​រួមបញ្ចូល​សមាជិក​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពិភពលោក និង​គ្មាន​ឆន្ទៈ​លូកដៃ​ចូលក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​ជា​សមាជិក​នោះទេ​៕ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕



Tag:
 ហង្ស ពុទ្ធា
  គ​.​ជ​.​ប​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com