កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ជើងឯក​ពីរលើក អ៊ុយ​រូ​ហ្គា​យ​មិន​ងាយ​ធ្លាក់​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​ឡើយ​
22, Mar 2018 , 8:19 am        
រូបភាព
Luis Suarez អបអរក្រោយស៊ុត​បាល់ប៉េណាល់ទី​លើប៉ារ៉ាហ្គាយនាការប្រកួតវគ្គជម្រុះនៅ Montevideo កាលពីខែកញ្ញា ឆ្នាំ២០១៦។ រូបថត AFP
Luis Suarez អបអរក្រោយស៊ុត​បាល់ប៉េណាល់ទី​លើប៉ារ៉ាហ្គាយនាការប្រកួតវគ្គជម្រុះនៅ Montevideo កាលពីខែកញ្ញា ឆ្នាំ២០១៦។ រូបថត AFP
​ម្ចាស់​ជើងឯក​២​សម័យកាល អ៊ុយ​រូ​ហ្គា​យ​ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​រុស្ស៊ី​ពី​តំបន់​អឺរ៉ុប អា​រ៉ា​ប៊ី​សា​អូឌីត ពី​អាស៊ី និង​អេ​ហ្ស៊ី​ប​ពី​អាហ្វ្រិក សម្រាប់​ការប្រកួត​បាន​រង្វាន់ FIFA world Cup 2018 នៅ​រុស្ស៊ី​។ នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី ១៣​ហើយ របស់​ក្រុម​មកពី​តំបន់​អាមេរិក​ខាងត្បូង​មួយ​នេះ តាំងពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ ១៩៣០​។​



​គ្រូបង្វឹក​៖ លោក Oscar Washington Tabarez (​អ៊ុយ​រូ​ហ្គា​យ​)
​លោក Tabarez ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​ក្នុងការ​ប្រកួត World Cup ឆ្នាំ ១៩៩០  ដែល​អ៊ីតាលី​ធ្វើ​ម្ចាស់ផ្ទះ អាហ្វ្រិក​ខាងត្បូង​ឆ្នាំ ២០១០ និង​ប្រេ​ស៊ី​ល​ឆ្នាំ ២០១៤​។ អ្នកចាត់ការ​សញ្ជាតិ អ៊ុយ​រូ​ហ្គា​យ វ័យ​៧០​ឆ្នាំ ធ្លាប់​ដឹកនាំ​ក្រុម​ក្នុង​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ​ឈ្នះ​ពាន Copa America មួយ​លើក​ដែរ​កាលពី​ឆ្នាំ​២០១១​។​



​កីឡាករ​ឆ្នើម​៖ Luis Suarez
Suarez ជា​ខ្សែប្រយុទ្ធ​ដើរតួនាទី​សំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ និង​ក្លិប​ដែល​គេ​ប្រកប​អាជីព​។ អតីត​សមាជិក​របស់​ហង្ស​ក្រហម Liverpool តែង​រក​គ្រាប់​បាល់​ញឹកញាប់​ស្ទើ​គ្រប់​ការប្រកួត​។ ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ជួយ Barcelona ឈ្នះ​ជើងឯក Champion League និង​នាំ​អ៊ុយ​រូ​ហ្គា​យ​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១០ នៅ​អាហ្វ្រិក​ខាងត្បូង និង ២០១៤ នៅ​ប្រេ​ស៊ី​ល មុន​បន្តទៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជាការ​បង្ហាញ​វត្តមាន​លើក​ទី ១៣ សម្រាប់​អ៊ុយ​រូ​ហ្គា​យ​ចាប់តាំងពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ​១៩៣០ និង​ជា​ពេលដែល​ក្រុម​ប្រទេស​នេះ​លើក​ពាន​លំដាប់ ពិភពលោក​នេះដែរ​។ ជើងឯក​លើក​ទី​២ របស់​ក្រុម​មកពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ​ធ្វើបាន​នៅ​ឆ្នាំ​១៩៥០​។​
​អ៊ុយ​រូ​ហ្គា​យ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ២១ ពិភពលោក​ក្នុង​តារាង FIFA Ranking នាពេល​បច្ចុប្បន្ននេះ​។​



​កម្មវិធី​ប្រកួត​៖
-១៥ មិថុនា​៖ អេ​ហ្ស៊ី​ប vs អុ​យ​រូ​ហ្គា​យ (​ម៉ោង​៧​យប់​)
-២០ មិថុនា​៖ អ៊ុយ​រូ​ហ្គា​យ vs អា​រ៉ា​ប៊ី​សា​អូឌីត (​ម៉ោង​១០​យប់​)
-២៥ មិថុនា​៖ អ៊ុយ​រូ​ហ្គា​យ vs រុស្ស៊ី (​ម៉ោង​៩​យប់​)




Tag:
 បាល់ទាត់​
  FIFA World Cup
  អ៊ុយ​រូ​ហ្គា​យ
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com