ជាតិ
សេដ្ឋកិច្ច
ខេត្ត​ទាំង​៤​ជាប់​ព្រំប្រទល់​ថៃ មាន​សិទ្ធិ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​D
21, Mar 2018 , 5:32 pm        
រូបភាព
ដោយ:
​ប៉ៃលិន​៖ ដើម្បី​សម្រួលការ​នាំចេញ​កសិក​ផល​ជូន​ពាណិជ្ជករ និង​កសិករ​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្រសួងពាណិជ្ជកម្ម បានធ្វើ​ប្រិ​ភូ​កម្មសិទ្ធិ​អំណាច​ដល់​មន្ទី​រ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ចំនួន​បួន អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ទម្រង់ D ។



​ការផ្ដល់​សិទ្ធិ​ជា​ផ្លូវការ​ឲ្យ​ខេត្ត​ទាំង​បួន​អាច​ចេញ CO ទម្រង់​D ត្រូវបាន​ប្រកាស​ឡើងជា​ផ្លូវការ នៅ​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៨​។ ពិធី​ប្រកាស​នេះ ធ្វើឡើង​នៅ​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។ ខេត្ត​ទាំង​បួន​នោះ រួមមាន ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក ប៉ាន សូរ​ស័ក្ដិ បាន​គូសបញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​សិទ្ធិ​ចេញ CO ទម្រង់ D នេះ មន្ទីរ​ពាណិជ្ជកម្ម​ទាំង​បួន​ខេត្ត ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខងារ​ឲ្យ​មាន​ប្រសិទ្ធិភាព ចៀសវាង​បាតុភាព​អសកម្ម និង​ការកកស្ទះ​កសិផល​។

CO មាន​ច្រើន​ទម្រង់​។ ហើយ​ទម្រង់ D នេះ គ្រាន់តែ​ជា​ឈ្មោះ CO មួយ​ប្រភេទ​សម្រាប់​បញ្ជាក់​ប្រភពដើម​ទំនិញ​សម្រាប់​នាំចេញ​ពី​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។ នេះ​បើតាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។

​ការនាំចេញ​ផលិតផល តាមរយៈ CO ទម្រង់ D ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ មាន​ទឹកប្រាក់ ១២១៤ លាន​ដុល្លារ​អាមេរិក កើនឡើង ៦៦​ភាគរយ បើ​ធៀប​នឹង ៧២៨ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ៕


Tag:
 CO
© រក្សាសិទ្ធិដោយ thmeythmey.com