ភ្នំពេញ៖ លោក ដូ អេរិកសិន ដែលជាសមាជិកព្រឹទ្ធសភាអាមេរិកមួយរូប មិនគាំទ្រប្រទេសរបស់ខ្លួន ដែលចូលចិត្តដឹងឮពីកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោក ចង់ឲ្យសហរដ្ឋអាមេរិក រួមទាំងប្រទេសដទៃ គោរពអធិបតេយ្យរបស់កម្ពុជា។
លោក ដូ អេរិកសិន (Doug Eriksen) សមាជិកព្រឹទ្ធសភាមួយរូបនៃសហរដ្ឋអាមេរិក ហាក់មានទស្សនៈផ្ទុយពីគេឯង ចំពោះកម្ពុជា។ លោក បែរជាមានសុទិដ្ឋិនិយមខ្ពស់ និងវាយតម្លៃក្នុងផ្លូវវិជ្ជមានទៅវិញ មកលើស្ថានភាពនៅកម្ពុជានាពេលបច្ចុប្បន្ន ខណៈកម្ពុជា កំពុងរងការរិះគន់ និងការដាក់ទណ្ឌកម្មជាហូរហែ ពីព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសផ្សេងៗ ផងដែរ។
លោក អេរិកសិន ដែលអះអាងថាធ្លាប់មកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២0១៦ មើលឃើញពីជោគជ័យជាច្រើន ដែលកម្ពុជាសម្រេចបាន។ ទស្សនៈរបស់លោក អេរិកសិន បានបញ្ចេញនៅក្នុងលិខិតមួយ ដែលលោក បានផ្ញើមកកាន់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាចាំផ្ទះរបស់កម្ពុជា កាលពីពេលថ្មីៗនេះ។
បន្ទាប់ពីសរសើរបែបនេះរួចហើយ លោក អេរិកសិន ក៏បានរិះគន់ប្រទេសនានា ដែលលូកដៃចូលផ្ទៃក្នុងរបស់កម្ពុជា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក បានសម្តែងការមិនពេញចិត្តចំពោះប្រទេសរបស់ខ្លួន ដែលឈឺឆ្អាលនឹងកិច្ចការរបស់កម្ពុជា នាពេលកន្លងមក។
មកដល់ចំណុចនេះ លោក អេរិកសិន ក៏ទាមទារឲ្យសហរដ្ឋអាមេរិក និងកម្ពុជា កែប្រែឥរិយាបទរៀងៗខ្លួន ដើម្បីឲ្យទំនាក់ទំនងនៃប្រទេសពីរ វិលទៅរកសភាពដើម។ តាមរយៈលិខិត ដែលផ្ញើមកជូនសម្តេច សាយ ឈុំ ជាភាសាអង់គ្លេស ហើយត្រូវបានបកប្រែជាភាសាខ្មែរ លោក អេរិកសិន បានសង្កត់ធ្ងន់ៗ យ៉ាងដូច្នេះថា៖«កម្ពុជា និងសហរដ្ឋអាមេរិក គួរធ្វើការរួមគ្នា ដើម្បីកែលម្អទំនាក់ទំនងឲ្យបានប្រសើរឡើងវិញ ដោយផ្អែកលើការគោរពចំពោះអធិបតេយ្យភាពទៅវិញទៅមក។ [….] ខ្ញុំ ជឿជាក់ថា នេះជាឱកាសមួយដ៏ល្អ សម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការកែលម្អ ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ឲ្យបានប្រសើរឡើង។ យើង គួរតែផ្តោតលើការពង្រីកទំហំពាណិជ្ជកម្ម កំណើនភ្ញៀវទេសចរ និងការវិនិយោគផ្ទាល់រវាងប្រជាជាតិទាំងពីរ»។
សមាជិកព្រឹទ្ធសភារូបនេះ បន្តថា យុទ្ធសាស្ត្រថ្មីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក គឺមិនយកចិត្តទុកដាក់លើកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យឡើយ។ លោក បញ្ជាក់បែបនេះថា៖«គោលការណ៍មួយ ក្នុងចំណោមគោលការណ៍ជាច្រើនរបស់យើង គឺគោរពអធិបតេយ្យរបស់ប្រទេសដទៃ»។
ទស្សនៈរបស់លោក អេរិកសិន បញ្ច្រាស់ទាំងស្រុងពីទស្សនៈរបស់សមាជិកព្រឹទ្ធសភាអាមេរិកផ្សេងៗ ដូចជាលោក បេន កាឌិន (Ben Cardin) លោក ចន ម៉ាក់ខេន (John McCain) និងលោក ថេត ក្រូស (Ted Cruz) ជាដើម។ សមាជិកព្រឹទ្ធសភាទាំងនោះ នាំគ្នាវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង ដោយលើកហេតុផលថា ធ្វើឲ្យប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ធ្លាក់ចុះ។ ពួកគេ រឹតតែមិនពេញចិត្តនឹងរដ្ឋាភិបាលកម្ពុជា នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ហើយលោក កឹម សុខា ជាប្រធានគណបក្សនេះ ក៏ត្រូវបានចាប់ខ្លួន។
មិនមែនតែសមាជិកព្រឹទ្ធសភានោះទេ រហូតដល់រដ្ឋាភិបាលអាមេរិក ក៏ធ្លាប់លូកមាត់លូកកខ្លះៗ មកកាន់រដ្ឋាភិបាលកម្ពុជាដែរ។ ដោយទើសទាល់នឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអាមេរិក សម្រេចផ្តាច់ជំនួយផ្នែកការបោះឆ្នោត។ លើសពីនេះ រដ្ឋាភិបាលអាមេរិក បានរឹតបន្តឹងក្នុងការផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួនថែមទៀត។ ក្រៅពីសហរដ្ឋអាមេរិក ប្រទេសដទៃ ដូចជា សហភាពអឺរ៉ុប ជាដើម ក៏បានទិតៀន និងដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាដែរ។
យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលកម្ពុជា បានប្រកាសថា មិនភ័យខ្លាចនឹងសម្ពាធរបស់អន្តរជាតិឡើយ។ រដ្ឋាភិបាល នៅតែប្រកាន់ជំហរថា អ្វីដែលខ្លួន បានធ្វើនាពេលកន្លងមក គឺត្រឹមត្រូវ និងស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ដោយបរទេសមិនអាចជ្រៀតជ្រែកបាននោះទេ៕