ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភាសា​បារាំង​ធ្លាក់ចុះ​ឥទ្ធិពល​នៅ​កម្ពុជា ដោយសារតែ​បារាំង​មិន​ស្ដាប់​យោបល់​សម្ដេច ហ៊ុន សែន​?
22, Mar 2018 , 1:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភាសា​បារាំង​នៅ​កម្ពុជា​បច្ចុប្បន្ន ហាក់​ធ្លាក់ចុះ​ឥទ្ធិពល​ខ្លាំង ក្រោយពី​កម្ពុជា​ងើប​ខ្លួន​ចេញពី​នឹម​អាណានិគម​បារាំង​។ នេះ​ជាការ​មើលឃើញ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បន្ថែមថា មូលហេតុ​ដែល​ភាសា​បារាំង​ចុះ​ឥទ្ធិពល​នេះ ដោយសារតែ​បារាំង​មិន​ព្រម​ទទួលយក​យោបល់​សម្ដេច ដែល​បានស្នើ​ឲ្យ​មានការ​លើកស្ទួយ​ភាសា​បារាំង​នៅ​កម្ពុជា​។​


 
​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស​-​និស្សិត នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​នេះ សម្ដេច ហ៊ុន សែន បាន​រម្លឹកថា សម្ដេច​ធ្លាប់បាន​ផ្ដល់យោបល់​ឲ្យ​បារាំង​បង្កើត​សាលាបង្រៀន​ភាសា​នៅ​កម្ពុជា កាលពី​ឆ្នាំ​១៩៨២ ។ ប៉ុន្តែ​យោបល់​នេះ ត្រូវបាន​អ្នកនយោបាយ​បារាំង​បដិសេធ ហើយ​ឆ្លើយថា បារាំង​មិនបង្កើត​សាលា​ភាសា​បារាំង​នៅ​កម្ពុជា​ឡើយ ដោយសារ​ពួកគេ​មិន​ពេញចិត្ត​រដ្ឋាភិបាល​កម្ពុជា​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​និយាយថា ទស្សនៈ​របស់​បារាំង​នៅ​គ្រានោះ គឺជា​ការគិត​ខុសឆ្គង​មួយ​មកលើ​រដ្ឋាភិបាល​ក​ម្ពុ​ជា ទើប​ធ្វើ​ឲ្យ​ឥទ្ធិពល​ភាសា​បារាំង​នៅ​កម្ពុជា ធ្លាកចុះ​បែបនេះ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន​៖


 
​តែ​យ៉ាងណា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅតែ​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​បារាំង មក​ផ្សព្វផ្សាយ​ភាសា​បារាំង​នៅ​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ​ដូច​មុន តាមរយៈ​វិស័យ​អប់រំ ឬ​ការបង្កើត​សាលាបង្រៀន​ភាសា​បារាំង​ជាដើម​។​
 
​គួរ​បញ្ជាក់ថា បារាំង​បាន​បង្កើត​វិទ្យាស្ថាន​បារាំង​អា​លី​យ៉ង់ ហ្វ្រ​ង់​សេ (Alliance française )​មួយ នៅ​ឆ្នាំ​១៩៩០ ។ ប៉ុន្តែ​ក្រោយមក​វិទ្យាស្ថាន​បារាំង Alliance française បាន​ប្តូរ​ទៅជា​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​(CCF)​ខែមេសា ឆ្នាំ​១៩៩២ រហូតដល់​ខែមករា ឆ្នាំ​២០១១ មជ្ឈមណ្ឌល​វប្បធម៌​បារាំង​នៅ​កម្ពុជា​បាន​ប្តូរ​ទៅជា​វិទ្យាស្ថាន​បារាំង​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com