ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាការៈដែលបញ្ជាក់ថា អ្នកកំពុងតែអាឡែហ្ស៊ីនឹងអាហារហើយ
× រោគសញ្ញានៃការប្រតិកម្មអាឡែហ្ស៊ីនឹងអាហារអាចប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយដូចជា៖
ប្រព័ន្ធរំលាយអាហារ៖ រោគសញ្ញាដូចជា ការឈឺពោះបែបរមួលៗ ចង្អោ ក្អួត រាករូស រមាស់ក្នុងមាត់ និងបំពង់ករ និងការហូរឈាមតាមរន្ធគូថ (កម្រកើតឡើងលើមនុស្សធំណាស់)។ រោគសញ្ញាទាំងនេះកើតឡើងជាញឹកញាប់លើក្មេងៗច្រើនជាងមនុស្សធំ។
ស្បែក៖ រោគសញ្ញារបស់វាមានដូចជា ការហើមស្បែក រមាស់ស្បែក ក្រហមស្បែក និងរលាកស្បែក។ ការប្រតិកម្មស្បែកកើតមានជាញឹកញាប់លើកុមារជាងគេង។
ប្រព័ន្ធផ្លូវដង្ហើម៖ រោគសញ្ញាដូចជា ការក្អក ដកដង្ហើមលឺសូរដូចហួច រមាស់ច្រមុះ តឹងឬហៀរសម្បោរ កណ្តាស និងពិបាកដកដង្ហើម។
ក្មេងៗច្រើនតែមានរោគសញ្ញាដូចៗគ្នានឹងមនុស្សធំដែរ។ រោគសញ្ញានៃការប្រតិកម្មនឹងសណ្តែកសៀង ឬទឹកដោះគោលើក្មេងៗប្រហែលជាមានលក្ខណៈជាតាអក។ ពេលខ្លះ រោគសញ្ញាតែមួយគត់ដែលកើតឡើងនោះគឺ ការយំខ្លាំង ក្អួត មានឈាមក្នុងលាមក រាករូស ទល់លាមក ឬមិនសូវលូតលាស់។
រោគសញ្ញាអាចប្រែប្រួលពីតិចតួចទៅ ធ្ងន់ធ្ងររហូតគម្រាមគំហែងដល់អាយុជីវិត និងអាចកើតឡើងតែប៉ុន្មាននាទីរហូតដល់ច្រើនថ្ងៃក្រោយពីញ៉ាំរួច។ ប្រតិកម្មធ្ងន់ធ្ងរបំផុតគឺ Anaphylaxis ដែលប៉ះពាល់ដល់ប្រព័ន្ធរាងកាយជាច្រើន និងអាចបណ្តាលឲ្យស្លាប់បាន។
ប្រតិកម្ម Anaphylaxis អាចចាប់ផ្តើមជាមួយនឹងរយៈពេល ពីរបីនាទីទៅពីរបីម៉ោងក្រោយពីញ៉ាំអាហាររួច។ ហើយរោគសញ្ញាអាចបាត់ដោយខ្លួនឯង និងត្រឡប់មកវិញក្នុងរយៈពេលច្រើនម៉ោងក្រោយក៏មានដែរ។ មូលហេតុញឹកញាប់នៃប្រតិកម្មបែបនេះគឺសណ្តែកដី និងអាហារសមុទ្រ។ សម្រាប់ក្មេងៗ សណ្តែកដីនឹងធ្វើឲ្យមានប្រតិកម្ម Anaphylaxis ច្រើនជាងអាហារផ្សេងៗទៀត។ ថ្នាំអាស្ពីរីន ការហាត់ប្រាណ ឬញ៉ាំគ្រឿងស្រវឹង អាចបង្កើនការប្រឈមនឹងប្រតិកម្ម Anaphylaxis ដែរ។ មានជំងឺផ្សេងៗទៀតច្រើនណាស់ដែលមានរោគសញ្ញាស្រដៀងគ្នាដូចជា ការពុលអាហារ និងជំងឺរលាកពោះវៀនជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com