ជាតិ
សុខភាព
សុខាភិបាល ប្រាប់​ឲ្យ​ក្រុមហ៊ុន​នាំចូល​ផលិតផល​ផ្លូវ​ភេទបុរស​ឈ្មោះ MaKa បញ្ឈប់​សកម្មភាព​
22, Mar 2018 , 7:19 pm        
រូបភាព
​ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​ក្រុមហ៊ុន​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ MaKa បញ្ឈប់​សកម្មភាព​លក់ និង​ចែកចាយ​ផលិតផល​នេះ​ជាបន្ទាន់ មុននឹង​ក្រសួង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ការព្រមាន​របស់​ក្រសួងសុខាភិបាល ធ្វើឡើង​បន្ទាប់​ក្រសួង​ពិនិត្យឃើញថា ផលិតផល​ជំនួយ​ផ្លូវភេទ​បុរស​នេះ គ្មាន​ការទទួលស្គាល់​ត្រឹមត្រូវ​។​



​ក្រសួង​សុខ​ភិ​បាល បាន​បញ្ជាក់ថា ផលិតផល​ម៉ាក MaKa ដែល​ត្រូវបាន​ក្រុមហ៊ុន ឬ​អ្នក​ចែកចាយ​មួយចំនួន ផ្សព្វផ្សាយ​ពី​គុណភាព​ក្នុង​ការជួយ​បំប៉ន​ផ្លូវ​ភេទបុរស​នោះ គឺ​សុទ្ធតែជា​ពាក្យឃោសនា​បំផ្លើសការពិត​ប៉ុណ្ណោះ​។ ដើម្បី​កុំ​ឲ្យ​ខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាយុជីវិត​អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល ស្នើ​ឲ្យ​ពលរដ្ឋ​ឈប់​ជឿ​ការឃោសនា និង​ការ​ភូតកុហក ពី​ជនខិលខូច​ទាំងនោះ​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​១៦ មីនា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឱសថ​បំប៉ន​បុរស​ឈ្មោះ Maka មួយ​ប្រអប់​មាន​១០​គ្រាប់ នាំចូល​ពី​អាមេរិក ដែលជា​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ គ្មាន​ការអនុញ្ញាត​នាំចូល និង​គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង​ឡើយ​។

​បន្ថែម​ពីនេះ ក្រសួងសុខាភិបាល បញ្ជា​ឲ្យ​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ ផលិតផល​ជំនួយ​ផ្លូវ​ភេទបុរស​ខាងលើនេះ បញ្ឈប់​សកម្មភាព​លក់ និង​ផ្សព្វផ្សាយ ហើយ​ប្រមូលយក​ផលិតផល​ទាំងនោះ ពី​ទីផ្សារ​វិញ​ជាបន្ទាន់ មុននឹង​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

«​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរឹង ទៅតាម​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​ជន​ណា ដែល​នាំចូល ចែកចាយ និង​ផ្សព្វផ្សាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ MaKa គ្មាន​ការអនុញ្ញាត ពី​ក្រសួងសុខាភិបាល​»​។ នេះ​ជាការ​ព្រមាន​របស់​ក្រសួងសុខាភិបាល ដែល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ រាយការណ៍​មក​អាជ្ញាធរ ឬ​ក្រសួង ក្នុងករណី​ប្រទះឃើញ​ផលិតផល​ឈ្មោះ MaKa នៅ​បន្ត​ចរាចរណ៍​លើ​ទីផ្សារ​៕



Tag:
 សុខាភិបាល​
 ​ ភ្នំពេញ​
 ​ ឱសថ​
© រក្សាសិទ្ធិដោយ thmeythmey.com