ជាតិ
រកឃើញ​ពង​កន្ធាយ​ក្បាល​កង្កែប​ជាង​៦០០​នៅ​ទន្លេមេគង្គ​
22, Mar 2018 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពង​កូន​កន្ធាយ​ក្បាល​កង្កែប​ជាង​៦០០​ពង ក្នុង​សំបុក​ចំនួន​២០ ត្រូវបាន​ប្រជា​សហគមន៍ និង​ក្រុម​អភិរក្ស រកឃើញ​នៅតាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ សម្រាប់​រដូវ​ការពង​កូន​នេះ​។



​លោក លោក ងួន ចន្ទី អ្នកសម្របសម្រួល​គម្រោង​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​នៃ​អង្គការ​WCS បាន​និយាយថា ក្រុមការងារ​បាន​រក​ឃើញ​សំបុក​កន្ធាយ​ក្បាល​កង្កែប​ទាំងអស់​មាន​ចំនួន​៣៥​សំបុក ប៉ុន្តែ​ជា​អកុសល សំបុក​ចំនួន​១៥​ត្រូវបាន​ជន​ខិល​ខួច​លួច​ប្រមូលយក​ពង​របស់​វា​ទៅ​បាត់អស់ មុនពេល​ក្រុមការងារ​ទៅដល់​។ បើតាម​លោក ចន្ទី នៅពេលនេះ​ពង​កន្ធាយ​ក្បាល​កង្កែប នៅសល់តែ​២០​សំបុក ដែលមាន​ពង​ចំនួន​៦៦៣​គ្រាប់​ប៉ុណ្ណោះ ។

​អ្នកសម្របសម្រួល​គម្រោង​អភិរក្ស​អង្គការ​WCS រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​គិត​ត្រឹម​ខែមីនា​នេះ កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​១៣២​បាន​ញាស់​ដោយ​ជោគជ័យ ហើយ​យើង​កំពុងតែ​ថែរក្សា​ពួកវា​នៅ​ទីតាំង​មាន​សុវត្ថិភាព និង​លែង​ពួកវា​ទៅក្នុង​ទន្លេ​វិញ​នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​»​។​



​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល បាន​និយាយថា តម្រូវការ​នៅលើ​ទីផ្សារ គឺជា​កត្តា​ជម្រុញ​ឲ្យ​មានការ​ប្រមូលយក​ពង​កូន និង​មេ​ពូជ​សត្វ​កន្ធាយ​ក្បាល​កង្កែប​ដោយ​ខុសច្បាប់​នៅតាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ដែលជា​ក្តី​ព្រួយបារម្ភ​ដ៏​ធំ​មួយ​សម្រាប់​ការអភិរក្ស​។ លោក អ៊ុក វិបុល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ការពារ​កន្ធា​យ​ក្បាល​កង្កែប​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការបញ្ឈប់​ការទិញ ឬ​បរិភោគ​ពង ឬ​សាច់​កន្ធាយ​ក្បាល​កង្កែប ព្រោះ​ជា​អំពើ​ខុសច្បាប់​នៅក្នុង​កម្ពុជា​។​

​លោក វិបុល  បាន​បន្ថែមថា​៖ «​ដើម្បី​បង្កើន​ការយល់ដឹង​លើស​ត្វ​កន្ធាយ​ក្បាល​កង្កែប ដែល​កំពុង​រងគ្រោះថ្នាក់ ការចូលរួម​របស់​អា​ជ្ញា​ធរ និង​ប្រជា​សហគមន៍​ក្នុង​ការងារ​អភិរក្ស គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធិភាព ដើម្បី​ការពារ​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ​ឲ្យ​នៅ​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។

​សត្វ​កន្ធាយ​ក្បាល​កង្កែប ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ (IUCN) ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​នៅលើ​សាកលលោក និង​ស្ថិតក្នុង​បញ្ជី​នៃ​ប្រភេទ​ធនធាន​ជលផល​ដែល​កំពុង​រងគ្រោះថ្នាក់រ​បស់​ប្រទេស​កម្ពុជា​។  ពួកវា​ត្រូវបាន​គេ​គិតថា​ផុត​ពូជ​ពី​កម្ពុជា​ទៅហើយ រហូតដល់​ឆ្នាំ​២០០៧ ទើបត្រូវ​បាន​គេ​រកឃើញ​សារជាថ្មី​ម្តងទៀត​នៅ​ដង​ទន្លេមេគង្គ ក្នុង​បរិវេណ​៤៨​គីឡូម៉ែត្រ ចន្លោះ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​៕


Tag:
 ពង​កន្ធាយ​
  កម្ពុជា​
  ងួន ចន្ទី​
  អ៊ុក វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com