ជាតិ
សេដ្ឋកិច្ច
World Bank៖ រដ្ឋាភិបាល​ពង្រីក​បណ្ដា​ញ​អគ្គិសនី​បាន​យ៉ាង​លឿន តែ​នៅមាន​បញ្ហា​ត្រូវ​កែលម្អ​
22, Mar 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារពិភពលោក (World Bank) បាន​មើលឃើញ​ពី​ការពង្រីក​បណ្ដា​ណ​ចែកចាយ​អគ្គិសនី​បាន​យ៉ាង​លឿន​របស់​រដ្ឋាភិបាល ក្នុង​រយៈពេល​កន្លងមក​នេះ​។ ប៉ុន្តែ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ ប្រាប់ថា​នៅមាន​បញ្ហា​ប្រឈម​ខ្លះ ដូចជា​ការ​ដាច់​ចរន្តអគ្គិសនី និង​បញ្ហា​គុណភាព ដែល​ត្រូវ​កែលម្អ​។



​ធនាគារពិភពលោក បានចេញ​របាយការណ៍​មួយ​អំពី​លទ្ធភាព​ទទួលបាន​ថាមពល​ប្រើប្រាស់ ដែល​បានធ្វើ​ការអង្កេត​នៅក្នុង​ប្រទេស​ចំនួន ១៥ ហើយ​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​នោះ​។

​លទ្ធផល​អង្កេត​នេះ​បង្ហាញថា គ្រួសារ ៧១,៥​ភាគរយ​នៅ​កម្ពុជា មានលទ្ធភាព​ទទួលបាន​អគ្គិសនី​ពី​បណ្ដា​ណ​ចែកចាយ​របស់​រដ្ឋ នៅ​ឆ្នាំ​២០១៧​។ របាយការណ៍​ឲ្យ​ដឹងថា អត្រា​ទទួលបាន​អគ្គិសនី​របស់​រដ្ឋ​មាន​សន្ទុះ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ ដែល​កាលពី​ឆ្នាំ​១៩៩៧ អត្រា​នេះ​មាន​ត្រឹម​ជាង ១៦​ភាគរយ​ប៉ុណ្ណោះ​។​
​រីឯ​ចំនួន​គ្រួសារ​ដែល​មិន​ប្រើប្រាស់​អគ្គិសនី​រដ្ឋ គឺមាន​ស្ទើរតែ​ជិត​ពាក់កណ្ដាល ប្រើ​ឧបករណ៍​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ (​សូ​ឡា​)​។ នេះ​បើតាម​របាយការណ៍​ខាងលើ​។​

​ការផ្ដល់​ថាមពល​អគ្គិសនី​ទៅដល់​ប្រជាពលរដ្ឋ បាន​ជួប​បញ្ហា​ប្រឈម​ធំៗ ដូចជា ការ​ដាច់​ចរន្តអគ្គិសនី ដែល​ទាក់ទង​ដល់​ទំនុកចិត្ត​ចំពោះ​ការចែក​ចាយ​អគ្គិសនី​របស់​រដ្ឋ​។ ជាង​ពាក់កណ្ដាល​នៃ​លំនៅឋាន​ដែល​ភ្ជាប់​អគ្គិសនី​ពី​បណ្ដាញ​ចែកចាយ​របស់​រដ្ឋ រង​ការ​ដាច់​ចរន្ត ១៤​លើក​ក្នុង​មួយ​សប្ដាហ៍​។ បញ្ហា​មួយទៀត គឺ​អ្នកប្រើប្រាស់​អគ្គិសនី​តាម​បណ្ដាញ​របស់​រដ្ឋ ដល់​ទៅ ៣៣​ភាគរយ​ឧស្សាហ៍​ជួបប្រទះ​បញ្ហា​តង់ស្យុង​អគ្គិសនី​ឡើង​ចុះ​ខ្លាំង​។ នេះ​បើតាម​របាយការណ៍​រប​ស់ World Bank ដែល​បន្ថែមទៀតថា បញ្ហា​ទាំងនេះ​រឹតតែ​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​នៅ​ទីជនបទ​។​

​ក្រៅពី​ជំរុញ​ឲ្យ​មានការ​កែលម្អ​បញ្ហា​ដាច់​ចរន្ត និង​ការឡើង​ចុះ​តង់ស្យុង កម្ពុជា​ត្រូវ​កែលម្អ​តម្លៃ​អគ្គិសនី​ឲ្យ​សមស្រប​អាច​ជាវ​បាន​។ របាយការណ៍​ឲ្យ​ដឹងថា គ្រួសារ​កម្ពុ​ជាជាង ១​ភាគ​៣​នៅ​ទីប្រជុំជន​ដែល​ប្រើប្រាស់​អគ្គិសនី​តាម​បណ្ដាញ​ចែកចាយ ត្រូវ​ចំណាយ​ថ្លៃ​អគ្គិសនី​ជាង ៥​ភាគរយ​នៃ​ចំណាយ​ប្រចាំខែ​របស់គេ​។ លើសពីនេះ ធនាគារពិភពលោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​បន្ថែមទៀត​លើ​លទ្ធភាព​ពង្រីក​ការផ្ដល់​ថាមពល​អគ្គិសនី​ដល់ទី​ជនបទ ដោយ​អត្រា​អត់​អគ្គិសនី​បណ្ដាញ​ប្រើប្រាស់​មាន​ដល់​ជិត ៣៣​ភាគរយ​៕


Tag:
 អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com