ជាតិ
សម្ដេច ហ៊ុន សែន ស្នើឲ្យកងទ័ពមួកខៀវកម្ពុជានៅម៉ាលី ពង្រឹងស្មារតីការងារ ទោះជួបការវាយប្រហារក្តី
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព័ត៌មានថា គ្មានកងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់កម្ពុជា ស្លាប់ឬរងរបួស នៅក្នុងការវាយប្រហារនៅប្រទេសម៉ាលីឡើយ។ ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារមួយ ពីសំណាក់ពួកឧទ្ទាម ទៅលើជំរុំកងទ័ពមួកខៀវ ដែលកំពុងស្នាក់នៅក្នុងប្រទេសម៉ាលី កាលពីថ្ងៃទី២២ មីនា (ម៉ោង១៖ ៥៥នាទីរសៀល នៅកម្ពុជា) ដែលបណ្ដាឲ្យកងទ័ពបារាំងរបួស៥នាក់។
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ស្នើឲ្យកងទ័ពមួកខៀវកម្ពុជា ដែលស្ថិតនៅក្នុងហេតុការណ៍អាក្រក់នៅម៉ាលី ពង្រឹងស្មារតីបំពេញការងារឡើងវិញ បើទោះមានការវាយប្រហារបែបនេះក្តី។ ប្រមុខរដ្ឋាភិបាល ក៏អំពាវនាវឲ្យក្រុមគ្រួសារ ឬសាច់ញាតិ កងទ័ពមួកខៀវកម្ពុជា ដែលបំពេញការងារនៅម៉ាលី កុំមានការព្រួយបារម្ភ និងរក្សាភាពស្ងប់ស្ងាត់ ព្រោះក្រោយពីវាយប្រហារនេះ ស្ថានភាពបានវិលត្រឡប់មករកសភាពដើមវិញហើយ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថ្កោលទោសចំពោះទង្វើររបស់ក្រុមឧទ្ទាម ដែលលួចឆ្មកវាយប្រហារមកលើកងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចូលរួមបំពេញកិច្ចការមនុស្សសម្រាប់ប្រទេសម៉ាលីនេះ ។ សម្ដេច ចាត់ទុកទង្វើរក្រុមឧទ្ទាមនេះ ជាសកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌។
តែយ៉ាងណាប្រមុខរដ្ឋាភិបាល នៅតែប្រកាសជំហថា រដ្ឋាភិបាលមិនរាថយក្នុងការបញ្ជូនកងទ័ពមួកខៀវ ទៅចូលរួមសកម្មភាពមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិឡើយ បើទោះជាដឹងថា វាអាចប្រឈមនឹងការវាយប្រហារកើតឡើង ជាយថាហេតុណាមួយ ពីក្រុមពួកឧទ្ទាមក៏ដោយ។ ផ្ទុយទៅវិញរដ្ឋាភិបាល នឹងបង្កើនចំនួនកងទ័ពមួកខៀវ ចូលរួមបេសកកម្មមនុស្សធម៌នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៧កន្លងមក ក៏មានពួកឧទ្ទាម Anti-Balaka បានពួនស្ទាក់វាយប្រហារទៅលើក្បួនកងកម្លាំងរក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្តាល។ ការវាយប្រហារនោះ បានបណ្ដាឲ្យកងរក្សាសន្តិភាពកម្ពុជា៤នាក់បានស្លាប់ និងម្នាក់របួស។ ចំណែកកងទ័ពមួកខៀវមកពីម៉ារ៉ុកចំនួន៩នាក់របួស និងស្លាប់ម្នាក់៕
Tag:
ហ៊ុន សែន
កងទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com