ក្រុមកីឡាបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ដែលមានកីឡាករឆ្នើម Cristiano Ronaldo ស្ថិតក្នុងពូល B ត្រូវជួបម្ចាស់ជើងឯកឆ្នាំ ២០១០ អេស្ប៉ាញ រួមជាមួយអ៊ីរ៉ង់ ក្រុមខ្លាំងមកពីទ្វីបអាស៊ី និងម៉ារុកពីតំបន់អាហ្វ្រិក នៃព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី ឆ្នាំ២០១៨។
គ្រូបង្វឹក៖ Fernando Santos (ព័រទុយហ្គាល់)
លោក Santos ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិព័រទុយហ្គាល់នៅឆ្នាំ ២០១៤ បន្ទាប់ពីទទួលបានជោគជ័យជាមួយក្រិកដែលលោកបានដឹកនាំឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Euro ឆ្នាំ២០១២ និងវគ្គ ១៦ក្រុមចុងក្រោយ World Cup 2014 នៅប្រេស៊ីល។ អ្នកចាត់ការវ័យ៦៣ឆ្នាំ ដែលកើតនៅទីក្រុង Lisbon រូបនេះ បានបង្កើតប្រវត្តិសាស្ត្រដោយជួយព័រទុយហ្គាល់ឈ្នះពានកំពូលអឺរ៉ុប Euro 2016 ដែលបារាំងធ្វើជាម្ចាស់ផ្ទះ ហើយបន្តជួយក្រុមមកពីតំបន់អឺរ៉ុបមួយនេះឈានទៅព្រឹត្តិការណ៍លំដាប់ពិភពលោកឆ្នាំ២០១៨ នៅរុស្ស៊ីថែមទៀត។
កីឡាករឆ្នើម៖ Cristiano Ronaldo
Ronaldo គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្រ។ ខ្សែប្រយុទ្ធ វ័យ៣២ឆ្នាំ ដែលជាវីរបុរសសម្រាប់ក្លិប Real Madrid និងក្រុមជម្រើសជាតិ តែងតែស៊ុតបញ្ចូលទីនាំមុខគេស្ទើគ្រប់ព្រឹត្តិការណ៍ ព្រមទាំងជាប់ឈ្មោះកីឡាករល្អបំផុតរបស់ FIFA រយៈពេល២ឆ្នាំចុងក្រោយទៀតផង។
អតីតសមាជិកក្រុមបិសាចក្រហម Manchester United រូបនេះក៏ទើបតែឈ្នះពាន Ballon d’Or ឆ្នាំ២០១៧ របស់ទស្សនាវដ្តីបារាំង France Magazine ជាលើកទី៥ផងដែរ។
ជំនួបសំខាន់៖
ព័រទុយហ្គាល់បានយកឈ្នះ ស្វីស ២-០ ក្នុងការប្រកួតចុងក្រោយវគ្គជម្រុះតាមពូល ដើម្បីបានកៅអីទៅរុស្ស៊ីដោយមិនបាច់ឆ្លងកាត់ប្រកួត Play-off។ Man of the Match សម្រាប់ការប្រកួតនេះគឺបានទៅខ្សែប្រយុទ្ធ Andre Silva ដែលបច្ចុប្បន្នប្រកអាជីពជាមួយ AC Milan។
កម្មវិធីប្រកួត៖
-១៦ មិថុនា៖ ព័រទុយហ្គាល់ vs អេស្ប៉ាញ (ម៉ោង១អាធ្រាត)
-២០ មិថុនា៖ ព័រទុយហ្គាល់ vs ម៉ារ៉ុក (ម៉ោង៧ល្ងាច)
-២៦ មិថុនា៖ អ៊ីរ៉ង់ vs ព័រទុយហ្គាល់ (ម៉ោង១អាធ្រាត)