ជាតិ
ក្មេងស្រី​ថ្នាក់​ទី​១១ ស៊ឹម គីម​ឡេង ធ្វើ​ពិសោធ​ន៍រក​ដើមឈើ​ដែល​ជួយ​បន្ថយកម្តៅ​ផែនដី​
24, Mar 2018 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ យុវតី ស៊ឹម គីម​ឡេង សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជំនាន់​ថ្មី បាន​ព្យាយាម​ស្រាវជ្រាវ​ពី​ដើមឈើ​ដែល​បញ្ចេញ​អុកស៊ីសែន​ច្រើន ដែល​អាចជា​ផ្នែក​មួយ​ជួយ​ទប់ស្កាត់​ការ​កើន​កំដៅ​ផែនដី​។ មាន​វ័យ​១៦​ឆ្នាំ  គីម​ឡេង បាន​ស្រាវជ្រាវ​លើ​ដើមឈើ​២​ប្រភេទ គឺ​ដើម​ពោធិ៍ និង​ដើម​ក្រខុប ហើយ​លទ្ធផល​បង្ហាញថា ដើម​ពោធិ៍ បញ្ចេញ​ខ្យល់​អុកស៊ីសែន​ច្រើនជាង​ដើម​ក្រខុប​ទាំង​នៅពេល​យប់ និង​ពេល​ថ្ងៃ​។ យុវតី ស៊ឹម គីម​ឡេង បាន​អះអាងថា នាង​នឹង​បន្ត​ស្រាវជ្រាវ​លើ​ប្រភេទ​ដើមឈើ​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​បន្ថយកម្តៅ​ផែនដី​។



​យុវតី ស៊ឹម គីម​ឡេង ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជំនាន់​ថ្មី​។ យុវតី​រូបនេះ បាន​ព្យាយាម​ស្រាវជ្រាវ​ដើមឈើ​ដែល​អាច​បញ្ចេញ​អុកស៊ីសែន​ច្រើន ដែល​អាចជួយ​ដល់​ភពផែនដី ពោលគឺ​កាត់​បន្ថយកម្តៅ និង​ការប្រែប្រួល​អាកាសធាតុ​។​

​ជំ​ហ៊ាន​ដំបូង គីម​ឡេង បានធ្វើ​ពិសោធ​តែ​លើ​ប្រភេទ​ដើមឈើ​ពីរ​ប្រភេទ​ប៉ុណ្ណោះ គឺ​ដើម​ពោធិ៍ និង​ដើម​ក្រខុប​។ ការពិសោធន៍​បង្ហាញថា ដើម​ពោធិ៍ បាន​បញ្ចេញ​អុកស៊ីសែន​ទាំងយប់​ទាំង​ថ្ងៃ ច្រើនជាង​ដើម​ក្រខុប ខណៈ​ជាទូទៅ ដើមឈើ​បញ្ចេញ​អុកស៊ីសែន​នៅពេល​ថ្ងៃ និង​បញ្ចេញ​កាបូនឌីអុកស៊ីត​(CO2) នៅពេល​យប់​។ គីម​ឡេង បញ្ជាក់ថា​៖ «​យើង​អាច​ដឹងបាន​ថា រុក្ខជាតិ​មួយណា​បញ្ចេញ​អុកស៊ីសែន​ច្រើន ឬ​តិច​អាស្រ័យ​លើ​ការពិសោធន៍ និង​ស្រាវជ្រាវ​ច្រើន​ដំណាក់កាល​។ ដូចជា​នៅក្នុង​កែវពិសោធន៍​នេះ ដើម​ពោធិ៍ មាន​ចំហាយ​ទឹក​នៅ​គម្រប​តិច បានន័យថា​វា​បញ្ចេញ​អុកស៊ីសែន​ច្រើន​។ ហើយ​ដើម​ក្រខុប មាន​ចំហាយ​ទឹក​នៅ​គម្រប​ច្រើន បានន័យថា​ការបញ្ចេញ​អុកស៊ីសែន​តិច​»​។



​ទោះជា​យ៉ាងណា​សិស្ស​ថ្នាក់​ទី​១១​រូបនេះ នៅតែ​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​រក​មូលហេតុ​នៃ​ការ បញ្ចេញ​អុកស៊ីសែន​ច្រើន ទាំង​នៅពេល​ថ្ងៃ និង​ពេលយប់ និង​ការ​ស្រូបយក​កាបូនឌីអុកស៊ីត របស់​ដើម​ពោធិ៍​។
 
​យុវ​សិស្ស ស៊ឹម គីម​ឡេង បាន​បញ្ជាក់ថា នាង​ជ្រើសរើស​ដើម​ពោធិ៍​មក​ធ្វើ​ពិសោធ ពីព្រោះ​នាង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បានដឹង​ពី​គុណប្រយោជន៍​របស់​វា ខណៈដែល​ខ្មែរ​មានជំនឿថា ការ​មាន​ដើម​ពោធិ៍​នៅ​ជិត​ផ្ទះ​មិនល្អ​នោះ​។ យុវតី ស៊ឹម គីម​ឡេង បន្ថែម​ដូច្នេះ​៖ «​ខ្ញុំ​ឃើញ​ខ្មែរ​យើង​ភាគច្រើន មានជំនឿថា​ដាំ​ដើម​ពោធិ៍​នៅ​ជិត​ផ្ទះ មិនល្អ​ទេ ដូច្នេះ​បាន​ខ្ញុំ​ជ្រើស​រើសយក​ដើម​ពោធិ៍​ធ្វើ​ពិសោធន៍​មុនគេ​ចង់ដឹងថា តើ​វា​មាន​អុកស៊ីសែន​កម្រិតណា ជួយ​ដល់​ផែនដី​។ បើ​ឃើញ​លទ្ធផល​ល្អ គឺ​អាចឱ្យ​មនុស្ស ជាពិសេស​ខ្មែរ​យើង​ដឹង​ពី​គុណប្រយោជន៍​របស់​វា ហើយ​ដាំ​វា​ឱ្យបាន​ច្រើន​»​។​

​បន្ទាប់ពី​ដើម​ពោធិ៍  គីម​ឡេង ថា​នាង​នឹង​ស្រាវជ្រាវ​ដើមឈើ​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ដឹងថា​ដើមឈើ​ណាខ្លះ អាចជួយ​ដល់​ផែនដី​ភាគច្រើន​៕
 

Tag:
 ស៊ឹម គីម​ឡេង​
 ​ដើម​ពោធិ៍​
 ​ក្រខុប​
 ​ជំនឿ​
© រក្សាសិទ្ធិដោយ thmeythmey.com