អន្តរជាតិ
ហ្វីលីពីន ត្រៀមសាងសង់មូលដ្ឋានយោធាក្បែរតៃវ៉ាន់ដើម្បីការពារសកម្មភាពឈ្លានពាន
× រដ្ឋាភិបាលក្រុងម៉ានីល គ្រោងសាងសង់មូលដ្ឋានកងទ័ពជើងទឹកមួយក្បែរដែនសីមាជាមួយនឹងតៃវ៉ាន់ ។ ចំណាត់ការនេះ ធ្វើឡើងដើម្បីការពារ និងទប់ស្កាត់សកម្មភាពខុសច្បាប់នានា ដែលបង្កដោយអ្នកជិតខាង ដ្បិតកន្លងមក ទិសដៅមូលដ្ឋាននោះ ក៏ធា្លប់ជាកន្លែងប្រឈមភាពតានតឹងរវាងភាគីទាំងពីរស្រាប់នោះ ។
អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពជើងទឹកភាគខាងជើងរបស់ហ្វីលីពីនលោក Isagani Nato នៅថ្ងៃទី២២ មីនា បានអះអាងថា នៅខែក្រោយនេះ រដ្ឋាភិបាលហ្វីលីពីន នឹងផ្តើមសាងសង់មូលដ្ឋានទ័ពជើងទឹក នៅលើកោះ ភាគខាងជើងនៃប្រទេស ដែលស្ថិតក្បែរតៃវ៉ាន់ ក្នុងគោលដៅដើម្បីបង្កើនការការពារពីក្រុមចូលនេសាទ និងចូលដែនទឹកហ្វីលីពីនដោយខុសច្បាប់ ។
តាមភ្នាក់ងារព័ត៌មាន Reuters លោកអ្នកនាំពាក្យ បានលើកឡើងថា កោះដែលគ្រោងនឹងសាងសង់មូលដ្ឋានកងទ័ពនោះ មិនទាន់មានអ្នកណាទៅរស់នៅឡើយ ដែលហេតុនេះហើយ ទើបហ្វីលីពីនត្រូវតែបំពាក់សម្ភារយោធាផ្សេងៗដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់ការឈ្លានពានដែនទឹកខុសច្បាប់ ។
មួយវិញទៀតនោះ បើតាមអ្នកនាំពាក្យដដែលនោះ រដ្ឋាភិបាលហ្វីលីពីន ក៏រំពឹងផងដែរថា មូលដ្ឋាននោះ ក៏អាចនឹងជួយតាមដានសកម្មភាពនៃការឆ្លងកាត់ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិតាមនាវា ដោយត្រូវឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ដែលជាចំណែករបស់ហ្វីលីពីនទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ។
គួរជម្រាបផងដែរ ក្រៅពីព្រុយណេ ចិន ម៉ាឡេស៊ី និងវៀតណាម ហ្វីលីពីន ក៏បានមានវិវាទក្នុងការទាមទារតំបន់ដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងតៃវ៉ាន់នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ ។ បើ Reuters នៅប៉ុន្មានឆ្នាំមុន ទាហានល្បាតដែនសមុទ្រនៃភាគីទាំងពីរ ក៏ធ្លាប់ប្រឈមមុខគ្នានៅក្នុងដែនទឹកដែលសម្បូរទៅដោយត្រីទៀតផង ៕
Tag:
ហ្វីលីពីន
តៃវ៉ាន់
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com