ជាតិ
​បន្ទាប់ពី​ក្រដាស​១០​ម៉ឺន លោក រឹម រឿន គ្រោង​បន្ត​ឆ្លាក់​ក្រដាសប្រាក់​៥០០​រៀល​សម័យ​ចាស់​
23, Mar 2018 , 9:59 pm        
រូបភាព
​សៀមរាប​៖ ចម្លាក់​ឈើ​ក្រដាសប្រាក់​១០​ម៉ឺន​រៀល កំពុង​ទាក់ទាញ​ដល់​អ្នកទស្សនា​ក្នុង​ស្ដង់​ពិ​ព័រ​ណ៌​នា​ទិវា​ចម្លាក់​ឈើ​ពិភពលោក ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ ស៊ិន​ជូ​រី ក្រុង​សៀមរាប​។ ជាងចម្លាក់​លោក រឹម រឿន បាន​សម្ដែង​អារម្មណ៍​រីករាយ ក្រោយ​ចម្លាក់​ក្រដាសប្រាក់​១០​ម៉ឺន​រៀល​របស់លោក ទទួលបាន​កោតសរសើ​រ​ពី​សំណាក់​ភ្ញៀវ​។



​ចម្លាក់​ឈើ​ក្រដាសប្រាក់​១០​ម៉ឺន​រៀល​របស់លោក រឹម រឿន បានបង្ហាញ​ពី​ព្រះ​ភ័​ក្រលេច​ត្រដែ​តរបស់​អង្គ​សម្តេច​តា ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេច​យាយ នរោត្តម មុនិនាថ សីហនុ​។ លោក រឹម រឿន បាន​ចំណាយពេល​មួយខែ​ក្នុងការ​ឆ្លាក់​ក្រដាស​១០​ម៉ឺន​រៀល​នេះ​។​



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក រឹម រឿន ថ្លែងថា មូលហេតុ​ដែល​លោក​ជ្រើស​រើសយក​ក្រដាស​១០​ម៉ឺន​របស់​ខ្មែរ​មក​ឆ្លាក់ ព្រោះ​ចង់បង្ហាញ​ពី​រូបិយប័ណ្ណ​ជាតិ ក៏ដូចជា​ង​ស្នា​ដៃដល់​អស្ចារ្យ​របស់​វិចិត្រករ​ខ្មែរ ដល់​ពិភពលោក​បានដឹង​។ លោក​បន្ថែមថា ឈើ​ដែល​យកមក​ឆ្លាក់​នេះ ជា​ប្រភេទ​ឈើ​ធ្នង់ មាន​ទំហំ​មុខកាត់ ៥៩ និង​បណ្តោយ ១,១៤​ម៉ែត្រ​។ បច្ចុប្បន្ន រូបនេះ​ត្រូវបាន​គេ​ទិញយក​ហើយ ក្នុងតម្លៃ ១៦០០​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក រឹម រឿន​។​

​តាមពិតទៅ នេះ​ជា​លើក​ទី​២​ហើយ ដែល​វិចិត្រករ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ឆ្លាក់​ក្រដាសប្រាក់​ពី​ឈើ​បែបនេះ​។ ដំបូង​លោក រឹម រឿន បាន​ឆ្លាក់​ក្រដាស​២​ដុល្លារ ហើយ​ទៅមុខ លោក​គ្រោង​ឆ្លាក់​ក្រដាស ៥០០​រៀល​ពី​សម័យ​ដើម ដែល​លោក​អះអាងថា មាន​ភាពស្រស់ស្អាត និង​ចាប់អារម្មណ៍​ផងដែរ ដែល​នឹងមាន​ទំហំ​មុខកាត់ ៦០​គុណ​នឹង​១​ម៉​ជាង​។​



​សម្រាប់​វិចិត្រករ និង​ជា​អ្នកជំនាញ​ចម្លាក់​រូបនេះ លោក​ចង់ឱ្យ​យុវជន​ជំនាន់​ក្រោយ ដែល​ចង់​ស្វែងយល់​ពី​ចម្លាក់​ឈើ​នេះ ត្រូវ​ចូលរៀន​នៅ​សាលា​វិចិត្រសិល្បៈ ដើម្បី​ដឹង​ក្បួនខ្នាត​ត្រឹមត្រូវ សមជា​វិចិត្រករ​ល្អ​ម្នាក់​ទៅ​អនាគត​៕








Tag:
 រឹម រឿន
© រក្សាសិទ្ធិដោយ thmeythmey.com