ជាតិ
សេដ្ឋកិច្ច
ប៉េង​ហ៊ួ​ត បោះទុន​ជាង ៦០​លាន​ដុល្លារ​សង់​ផ្សារ​ទំនើប​អន្តរជាតិ​នៅ​ផ្លូវ ៦០​ម៉ែត្រ
24, Mar 2018 , 12:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន ប៉េង​ហួត គ្រុប នៅ​ថ្ងៃទី​២៤​ខែមីនា​នេះ បាន​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ ដែល​ហៅថា ផ្សារ​ទំនើប​ភី​អេ​ច ដាយ​មិន​ផ្លេ​ស (PH Diamond Place) ស្ថិត​នៅតាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ ឬ​ផ្លូវ ៦០​ម៉ែត្រ​។​



​ផ្សារ​ទំនើប PH Diamond Place នេះ ត្រូវបាន​ក្រុមហ៊ុន ប៉េង​ហួត បោះទុន​ជាង ៦០​លាន​ដុល្លារ​លើ​ផ្ទៃដី ៦​ហិកតា ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២០​។ លោក ថៃ ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន ប៉េង​ហួត គ្រុប បាន​ថ្លែង​ឲ្យ​ដឹង​ដូចនេះ​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​មួយ​នេះ​។​



​ផ្សារ​ទំនើប​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ The Star Diamond លើ​ផ្ទៃដី ៤០​ហិកតា​របស់​ក្រុមហ៊ុន​ប៉េង​ហួត​។ គម្រោង​នេះ​នឹង​អភិវឌ្ឍន៍​ជា​បុរី អគារ​ខ្ពស់ៗ សាល​សន្និបាទ និង​ផ្សារ​ទំនើប PH Diamond Place នេះ​។

​នេះ​ជា​គម្រោង​ផ្សារ​ទំនើប​ទី​ពីរ​របស់​ក្រុមហ៊ុន​ប៉េង​ហួត ដែល​ផ្សារ​ទំនើប​ទី​១ PH ECO MALL បាន​បើក​ការដ្ឋាន​សាងសង់​នៅ​តំបន់​បឹង​ស្នោរ តាមបណ្ដោយផ្លូវជាតិលេខ១ កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២១ ។ គម្រោងនេះ​ ត្រូវបាន​ក្រុមហ៊ុន​បុរី ប៉េង​ហួត ប្រកាសថា​មានតម្លៃ​ដល់​ទៅ​ជាង ២០០​លាន​ដុល្លារ ដែលប្រហាក់ប្រហែលនឹងទុនវិនិយោគផ្សារទំនើបអ៊ីអនទីមួយរបស់ជប៉ុន​នៅកម្ពុជា ដែលសម្ពោធកាលពីឆ្នាំ២០១៤៕


Tag:
 ប៉េង ហួត​
  ផ្សារ​ទំនើប​
  ផ្លូវ ៦០​ម៉ែត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com