ជាតិ
ជប៉ុន ចង់​ឲ្យ​កម្ពុជា រៀបចំ​ការបោះឆ្នោត ដែលមាន​លក្ខណៈ​សេរី និង​យុត្តិធម៌​
24, Mar 2018 , 1:59 pm        
រូបភាព
ជំនួបរវាងលោក កេនតារ៉ូ ស៊ូនូរ៉ា និងលោក ប្រាក់ សុខុន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២0១៨។ រូបពីក្រសួងការបរទេសកម្ពុជា
ជំនួបរវាងលោក កេនតារ៉ូ ស៊ូនូរ៉ា និងលោក ប្រាក់ សុខុន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២0១៨។ រូបពីក្រសួងការបរទេសកម្ពុជា
ដោយ: ថ្មីៗ
​លោក កេ​នតា​រ៉ូ ស៊ូ​នូ​រ៉ា (Kentaro Sonoura) ទីប្រឹក្សា​របស់​នាយករ​ដ្ឋ​មន្ត្រី​ជប៉ុន បាន​និយាយ​នៅ​ចំពោះមុខ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ថា ជប៉ុន ចង់ឃើញ​ការបោះឆ្នោត​នៅ​កម្ពុជា នា​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។



​ជំនួប​រវាង​អ្នក​ទាំងពីរ ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២0១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា ។ បើតាម AKP លោក ប្រាក់ សុខុន បាន​ប្រា​ប់លោក កេ​នតា​រ៉ូ ស៊ូ​នូ​រ៉ា ថា បច្ចុប្បន្ននេះ កម្ពុជា មាន​គណបក្សនយោបាយ​ចំនួន​២៥ ហើយ ដែល​បាន​ចុះបញ្ជី​សម្រាប់​ការចូលរួម​ប្រកួត ប្រជែង​ដោយ​សេរី និង យុត្តិធម៌ ។ លោក ប្រាក់ សុខុន បន្តថា នៅពេល​ខាង អាច​នឹងមាន​គណបក្ស​នយោបាយ​ច្រើន​ទៀត ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ដ្រ​ឆ្នាំ​នៅ​២០១៨​។​

​លោក កេ​ន តា​រ៉ូ ស៊ូ​នូ​រ៉ា ក៏បាន​ជួប​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ នៅ​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២0១៨​។ បើតាម​ទំព័រ​ហ្វេ​ស​បុក​របស់​សម្តេច ហ៊ុន សែន លោក កេ​ន តា​រ៉ូ ស៊ូ​នូ​រ៉ា បាន​អះអាងថា ជប៉ុន នឹង​បន្ត​គាំទ្រ​កម្ពុជា ក្នុងការ​អនុវត្ត​នីតិ​រដ្ឋ និង​ការថែរក្សា​សុខសន្តិភាព ដើម្បី​ជំរុញ​ការអភិវឌ្ឍ ឲ្យ​កាន់តែ​រីកចម្រើន​។

​គេ សង្កេតឃើញថា ប្រទេស​ជប៉ុន នៅតែ​បន្ត​សហការ​និង​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដដែល ទោះជា​ប្រទេស​កម្ពុជា រង​ការរិះគន់​ផ្ទួនៗ​ពី​សហគមន៍​អន្តរជាតិ ព្រោះតែ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការចាប់​លោក កឹម សុខា ដាក់​ព​ន្ធា​នាគារ ក៏ដោយ​។ ថ្មីៗ​នេះ  ជប៉ុន ទើបនឹង​ផ្តល់​ហិប​ឆ្នោត​១​ម៉ឺន​៥​ពាន់ ដែលមាន​តម្លៃ​ប្រមាណ​៧​លាន​ដុល្លារ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២0១៨​។
អត្ថបទទាក់ទង


​ដោយសារតែ​យល់ថា​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ធ្លាក់ចុះ សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប បាន​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​។ ប្រទេស​ធំៗ​ទាំងពីរ​នេះ នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ឡើយ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​ប្រកួតប្រជែង ហើយ​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​ត្រូវបាន​ដោះលែង​៕



© រក្សាសិទ្ធិដោយ thmeythmey.com