អន្តរជាតិ
ពួក​ឧទ្ទាម​ស៊ី​រី​ព្រមព្រៀង​ជាមួយ​យោធា​ដើម្បី​ជម្លៀស​អ្នកជំងឺ​និង​អ្នករបួស​ចេញពី​តំបន់ Ghouta
24, Mar 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ក្រុម​ឧទ្ទាម​ធំ​ទី​ពីរ​នៅក្នុង​តំបន់ Ghouta ប្រទេស​ស៊ី​រី​និយាយថា ពួកគេ​បាន​ព្រមព្រៀង​ជាមួយនឹង​កងទ័ព​រុស្ស៊ី​ដើម្បី​ធ្វើការ​ជម្លៀស​អ្នកជំងឺ​និង​អ្នករបួស​ចេញពី​តំបន់​នោះ និង​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌​ចូល​ទៅដល់​តំបន់ Ghouta ភាគ​ខាងកើត​ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​។​



​ក្រុម​ឧទ្ទាម Failaq al-Rahman បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា ជន​ស៊ីវិល​ដែល​សម្រេចចិត្ត​ស្នាក់នៅ​ក្នុង​តំបន់ Ghouta ភាគ​ខាងកើត​នេះ នឹងត្រូវ​បាន​គេ​ធានា​សុវត្ថិភាព​ជូន​។ កងកម្លាំង​រុស្ស៊ី​ត្រូវគេ​រំពឹងថា នឹងដាក់​ពង្រាយ​នៅក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម Failaq al-Rahman រួមទាំង​តំបន់​ជាយក្រុង​មួយចំនួន​មានដូចជា​តំបន់ Arbeen, Zamalka, EinTarma និង​តំបន់ Jobar ជាដើម​។​

​ក្រុម​ឧទ្ទាម​ចំនួន​ពីរ​ផ្សេងទៀត​ក៏បាន​យល់ព្រម​ផ្លាស់ប្តូរ​អ្នកទោស​ចំនួន​៣៥០០​នាក់​អ្នក​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ដើម្បី​ជម្លៀស​មនុស្ស​ចំនួន​៣០០០​នាក់​ក្នុងនាម​មនុស្សធម៌​។ បណ្តាញ​ផ្សព្វផ្សាយ​យោធា​មជ្ឈិម​របស់​ស៊ី​រី​ក៏បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​មួយ​បានទទួល​ការយល់ព្រម​រវាង​រដ្ឋា​ភិ​បាល​ស៊ី​រី និង​ក្រុម​ប្រដាប់អាវុធ​នៅក្នុង​តំបន់ Arbeen, Zamalka , Hazeh និង​តំបន់ Jobar​។ ពួក​ឧទ្ទាម​នឹង​ជម្លៀស​មនុស្ស​ទៅកាន់​ខេត្ត Idlib ភាគ​ពាយព្យ​។​

​ទីភ្នាក់ងារ​សារ​ព៌​ត​មាន​រដ្ឋ​ស៊ី​រី​ហៅ​កាត់​ថា SANA រាយការណ៍​ថា​មាន​មនុស្ស​ចំនួន ៤០០០​នាក់​បាន​ចាក​ចេញពី​តំបន់ Ghouta​កាលពី​ថ្ងៃ​សុក្រ​។ បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​រាយការណ៍​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​មនុស្ស​ជាង​៦០០០​នាក់​បាន​ចាក​ចេញពី​តំបន់​នោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com