ជាតិ
ព្រោះ​ខុស​នឹង​ច្បាប់ គណបក្ស កែម ឡី ត្រូវបាន​ប្តូរ​ឈ្មោះ​ជា​គណបក្ស​ខ្មែរ​តែមួយ វិញ
24, Mar 2018 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​ស្ថាបនិក  បានសម្រេច​ប្តូរ​ឈ្មោះ​គណបក្ស កែម ឡី ទៅជា​គណបក្ស​ខ្មែរ​តែមួយ​។  ក្រោយពី​បាន​ផ្តូ​រ​ឈ្មោះ​រួចហើយ គណបក្ស​ខ្មែរ​តែមួយ ដែលមាន​លោក កែម រិ​ទ្ធិ​សិត ជា​ប្រធាន ក៏បាន​ដាក់ពាក្យ​ទៅកាន់​ក្រសួងមហាផ្ទៃ​ម្តងទៀត កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២0១៨ ដើម្បី​សុំ​ចុះបញ្ជី​ជា​ផ្លូវការ​។



​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការប្តូរឈ្មោះ​គណបក្ស កែម ឡី ទៅជា​គណបក្ស​ខ្មែរ​តែមួយ និង​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់លោក គុជ លី ដែលជា​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែមួយ​។ លោក គុជ លី ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា យ៉ាង​ដូច្នេះ​ថា​៖«​តាមពិត​ក្រសួងមហាផ្ទៃ បានទទួល​ស្គាល់​រួចហើយ គ្រាន់តែ​ស្នើ​ឲ្យ​ប្តូរ​ឈ្មោះ​តែប៉ុណ្ណោះ​។ ឥឡូវ តំណាក់កាល​ចុងក្រោយ គឺ​យើង​សុំ​ចុះបញ្ជី​គណបក្ស ដោយ​ច្បាប់​ទាមទារ​ឲ្យ​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ​៤​ពាន់​នាក់ និង​ស្ថាបនិក ចាប់ពី​៧​នាក់​ឡើងទៅ​»​។

​បើតាម​លោក គុជ លី គណបក្ស​ខ្មែរ​តែមួយ នឹងធ្វើ​សមាជ​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២0១៨ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​នៃ​ថ្នាក់ដឹកនាំ រួមទាំង​ធ្វើ​សម្រេច​ពី​បញ្ហាសំខាន់ៗ​មួយចំនួន​។ អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​តែមួយ​រូបនេះ បញ្ជាក់ថា​៖«​បើ​កិច្ចការ​របស់​យើង ដំណើរការ​បានល្អ យើង​នឹង​ពិចារណា​ពី​ការចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២0១៨»​។

​មុនដំបូង លោក កែម រិ​ទ្ធិ​សិត បាន​យកឈ្មោះ​លោក​បណ្ឌិត កែម ឡី ដែលជា​បងប្រុស​បង្កើត ដាក់​ជា​ឈ្មោះ​គណបក្ស​តែម្តង​។ ប៉ុន្តែ ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​តំណាង​គណបក្ស កែម ឡី កែសម្រួល​ឡើងវិញ ដើម្បី​ឲ្យ​ស្រប​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។

​ច្បាប់​ស្តីពី​គណបក្សនយោបាយ ពុំ​អនុញ្ញាត​ឲ្យ​យកឈ្មោះ​បុគ្គល​ណា​ម្នាក់ ដាក់​ជា​ឈ្មោះ​គណបក្ស​នោះទេ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​យក​រូប​បុគ្គល ទៅធ្វើជា​សញ្ញា​សម្គាល់ (Logo) របស់​គណបក្ស​ដែរ​។ ព្រោះតែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​បែបនេះហើយ ទើប​គណបក្ស សម  រង្ស៊ី ត្រូវ​បង្ខំចិត្ត​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស​ភ្លើងទៀន ឯ​រូប​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​សញ្ញា​សម្គាល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​ដកចេញ​៕


Tag:
 គណបក្ស​ខ្មែរ​តែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com