កីឡាជាតិ
ជាតិ
អុកចត្រង្គ​ជា​កីឡា​ជួយ​បង្កើន​ការគិត និង​ធ្វើ​ឲ្យ​គំនិត​ចាស់​ជាង​វ័យ​
24, Mar 2018 , 7:19 pm        
រូបភាព
កីឡាករ ឆយ វីរ៉ា ពេលចូលរួមប្រកួតអុកចត្រង្គចម្រាញ់ជើងខ្លាំងប្រចាំមណ្ឌលភ្នំពេញក្នុងពិធីបុណ្យទន្លេ
កីឡាករ ឆយ វីរ៉ា ពេលចូលរួមប្រកួតអុកចត្រង្គចម្រាញ់ជើងខ្លាំងប្រចាំមណ្ឌលភ្នំពេញក្នុងពិធីបុណ្យទន្លេ
ដោយ:
​អុកចត្រង្គ​ជា​កីឡា​អត្តសញ្ញាណ​ជាតិ​មួយ​ដែល​ជួយ​បង្កើន​ការគិត និង​ធ្វើ​ឲ្យ​ចិត្ត​កីឡាករ​មាន​ភាពស្ងប់ស្ងាត់​។ ទន្ទឹមនឹងនេះ​កម្ពុជា ក៏​គ្រោង​យក​កីឡា​នេះ​ដាក់​ក្នុង​កម្មសិក្សា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ផងដែរ ព្រោះ​មាន​បណ្តា​ប្រទេសមួយ​ចំនួន​បាន​យក​កីឡា​នេះ​ដាក់​ក្នុង​វិធី​សិក្សា​របស់គេ​រួចទៅហើយ​។ ជាមួយគ្នានេះ​កីឡាករ ឆ​យ វី​រ៉ា ដែលជា​អ្នកលេង​អុកចត្រង្គ​មួយ​ដ៏​ពូកែ បាន​លើក​ជា​បទពិសោធ​ថា កីឡា​នេះ​អាចជួយ​រម្ងាប់​ភាព​ខឹង​ក្រោធ និង​ធ្វើ​ឲ្យ​ចិត្ត​មិន​ងាយ​ងាករេ​។



​មិន​ខុសពី​កីឡាករ​ដទៃ​ឡើយ កីឡាករ ឆ​យ វី​រ៉ា ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១០ បាន​អះអាងថា អុកចត្រង្គ​ជា​កីឡា​មួយ​ដែល​ជួយ​បង្កើន​ការគិត​ខ្លាំង​បំផុត​ដល់​កីឡាករ ពោលគឺ​ធ្វើ​ឲ្យ​កីឡាករ​គិត​បាន​វែងឆ្ងាយ និង​មាន​ស្មារតីរ​ហ័យរ​ហួន​។ លើសពីនេះ​កីឡាករ​រូបនេះ បានចាត់ទុក​អុកចត្រង្គ​ជា​កីឡា​សម្មាធិ ព្រោះ​វា​អាចជួយ​ឲ្យ​មនុស្ស​មានចិត្ត​ស្ងប់ និង​មិន​ងាយ​ងាករេ​។

​ក្នុង​បទ​សម្ភាស​ជាមួយ​ព័ត៌មាន thmeythmey.com ម្ចាស់​លេខ​៣​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​រូបនេះ​បាន​អះអាងថា​៖«​កីឡាករ​អុកចត្រង្គ​វា​ជួយ​ឲ្យ​យើង​គិត​បានល្អ ហើយ​ចិត្ត​យើង​ក៏​ស្ងប់​...​។ ប្រសិនបើ​យើង​លេងអុក​ចត្រង្គ​ពូកែ​មែន វា​ធ្វើ​ឲ្យ​យើង​មានចិត្ត​ស្ងប់ស្ងាត់ គឺ​មិន​ងាយ​ងាករេ​ម្តង​ទៅនេះ ម្តង​ទៅនោះ​ឡើយ​។ ក្នុង​កម្មវិធី​ហ្វឹកហាត់​របស់​ជម្រើសជាតិ គេ​ឲ្យ​កីឡាករ​ធ្វើ​សមាធិ ដើម្បី​ហាត់ពត់​ចិត្ត​ឲ្យ​ស្ងប់ និង​បំបាត់​ភាព​ខឹង​ក្រោធ​»​។



​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​និយាយថា អុកចត្រង្គ​ជា​កីឡា​មួយ​ដែល​អាច​សង្រួម​អារម្មណ៍ ស្មារតី និង​បង្កើន​ការ​គិតដល់​មនុស្ស ពិសេស​ធ្វើ​គំនិត​របស់​មនុស្ស​ចាស់​ជាង​វ័យ​។ ត្រង់ចំណុច​នេះ​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​កុមារ​អាយុ​៦​ឆ្នាំ​អង្គុយលេង​អុកចត្រង្គ គាត់​ក្លាយជា​មនុស្ស ដែលមាន​ភាព​នឹងធឹង​ដូច​មនុស្ស​មាន​វ័យ​ពី​២០​ទៅ​៣០​ឆ្នាំ​។ តែបើ​គាត់​មាន​អាយុ​ជាង​១០​ឆ្នាំ មើលទៅ​មាន​ឥរិយាបទ​ដូច​មនុស្ស​ចាស់​»​។​

​ដោយ​មើលឃើញ​ពី​គុណសម្បត្តិ​នៃ​វិស័យ​កីឡា​អុកចត្រង្គ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​យក​កីឡា​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ដាក់​ក្នុង​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ក្នុង​កម្រិត​បឋមសិក្សារ​ហូត​ដល់​កម្រិត​វិទ្យាល័យ​។ នៅ​ប្រទេស​មួយចំនួន​រួមមាន​សិង្ហ​បុរី ម៉ាឡេស៊ី និង​រុស្ស៊ី​ជាដើម​បាន​អនុវត្ត​កម្មវិធី​តាមរយៈ​ការ​ក្នុង​កម្មវិធីសិក្សា​នៅ​កម្រិត​បឋម ដើម្បី​បង្រៀន​ពី​ការ​សង្រួម​អារម្មណ៍​របស់​កុមារ​។

«​យើង​គ្រោង​នឹង​បញ្ជ្រាប​កីឡា​អុកចត្រង្គ​ក្នុង​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ ព្រោះ​កីឡា​នេះ​ជួយ​អប់រំ​ខាង​ផ្លូវចិត្ត ស្មារតី និង​បញ្ញា​របស់​ក្មេង​ឲ្យ​មានការ​លូតលាស់​ផ្នែក​សង្រួម​អារម្មណ៍ និង​ការគិត​ពិចារណា ដូច​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី និង​ប្រទេស​ចំនួន​ទៀត​រួមទាំង​រុស្ស៊ី​ជាដើម គេ​បានដាក់​កីឡា​នេះ​ក្នុង​កម្មសិក្សា ដើម្បី​បង្រៀន​ក្មេង​ពី​ការ​សង្រួម​អារម្មណ៍ និង​ចិត្តសាស្ត្រ​»​។ នេះ​ជា​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន ដែល​លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​គ្រោង​ដាក់​កីឡា​អុកចត្រង្គ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​៕


Tag:
 អុកចត្រង្គ​
  ឆ​យ វិ​រ៉ា​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com