អន្តរជាតិ
មេធាវី​៖ «​កូនប្រុស​បង្កើត​មេដឹកនាំ​ផ្តាច់ការ ហា្ក​ដាវី អាច​បង្រួបបង្រួម​ប្រជាជាតិ​លី​ប៊ី​បាន​»
24, Mar 2018 , 8:59 pm        
រូបភាព
​កូនប្រុស​លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វី អតីត​មេដឹកនាំ​លី​ប៊ី​លោក Saif Al-Islam Gaddafi នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​លី​ប៊ី​នៅក្នុង​ឆ្នាំនេះ​។ មេធាវី​ការពារ​លោក​ផ្ទាល់​បាន​បញ្ជាក់ថា លោក Al-Islam ប្រហែលជា​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង្រួបបង្រួម​លី​ប៊ី និង​រក្សា​ប្រយោជន៍​ជាតិ​លី​ប៊ី​បាន ក្នុងពេលដែល​ប្រទេសជាតិ​កំពុង​បន្ត​ប្រឈម​បញ្ហា​។​



​លី​ប៊ី​នឹង​រៀបចំ​ការបោះឆ្នោត​ក្នុងឆ្នាំនេះ​ប៉ុន្តែ​ពេលវេលា​ពិតប្រាកដ​នោះ​មិនទាន់​ត្រូវបាន​គេ​កំណត់​នៅឡើយ​ទេ​ដោយសារ​បញ្ហានយោបាយ​នៅ​មិនទាន់​ប្រសើរ​។ ប៉ុន្តែ​គេ​ត្រឹម​ដឹងថា កូនប្រុស​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី​លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វី ដែល​ត្រូវ​ប្រជាជន​លី​ប៊ី​និង​លោកខាងលិច​ទម្លាក់​ពី​តំណែង​នោះ នឹង​ឈរឈ្មោះ​ក្នុងការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​លី​ប៊ី​ដែរ​។​

​កូនប្រុស​លោក ហ្កា​ដា​ហ្វី គឺ​លោក Saif Al-Islam Gaddafi បានប្រកាសថា​លោក​នឹងចូលរួម​ក្នុងការ​ប្រជែង​តំណែង​នេះ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី RT​ដែល​ស្រង់​សម្តី​មេធាវី​ផ្ទាល់ខ្លួន​របស់លោក គឺ​លោក Khaled Al-Ghwail​។

​សារព័ត៌មាន​រុស្ស៊ី​ដដែល​ផ្សាយ​ថា មេធាវី​ខាងលើ​យល់ថា លោក Al-Islam  មានលទ្ធភាព​ច្រើន​ក្នុងការ​ឈ្នះ​ការបោះឆ្នោត​នេះ​។ «​លោក Saif Al-Islam មាន​អ្នកគាំទ្រ​ច្រើន​។ ពួកគេ​ជា​ប្រជាជន​សាមញ្ញ​។ សូម្បីតែ​ប្រជាជន​ដែល​នាំគ្នា​គាំទ្រ​ចលនា​បដិវត្តន៍​អារ៉ាប់​កន្លងមក​នោះ​ក៏​ងាក​មក​គាំទ្រ​លោក​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Khaled​។​
​លោក​បន្ថែមថា លោក Al-Islam មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បង្រួបបង្រួម​ប្រជាជន​លី​ប៊ី​ដែល​នៅ​ជុំវិញ​លោក​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ការពារ​ប្រយោជន៍​ជាតិ ហើយ​លោ​ក៏មាន​លទ្ធភាព​ដឹកនាំ​កំណែទម្រង់​នៅក្នុង​ប្រទេស​ដើម្បី​នាំមុខ​ការអភិវឌ្ឍ និង​សន្តិភាព​ដូចគ្នា​។​

​តាមពិតទៅ​កូនប្រុស​របស់លោក ហ្កា​ដា​ហ្វី ត្រូវ​ស្ថិតក្រោម​ការចាប់ខ្លួន​ពី​សំណាក់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពាក់ព័ន្ធ​ការបង្ក្រាប​បាតុករ​ក្នុងពេល​ឪពុក​លោក​នៅ​កាន់តំណែង​នោះ​។ លោក​មិនដែល​បង្ហាញ​មុខជា​សាធារណៈ​រហូតមកដល់​បច្ចុប្បន្ន​ចាប់ពី​ពេលដែល​លោក​ត្រូវបាន​គេ​ដោះលែង​ចេញពី​ការចាប់ខ្លួន​របស​ក្រុម​ឧទ្ទាម​កាលពី​ឆ្នាំ ២០១៧ មក​។ លោក​ត្រូវបាន​ក្រុម​ឧទ្ទាម​ចាប់ខ្លួន​ចាប់ពី​ឆ្នាំ ២០១១​ម្ល៉េះ​។

​ក្នុងពេលដែល​លោក​ត្រូវគេ​ចាប់ខ្លួន តុលាការក្រុង​ទ្រី​ប៉ូ​លី​ដែលមាន​អង្គការសហប្រជាជាតិ​ជា​ខ្នងបង្អែក​នោះបាន​កាត់ទោស​កំបាំងមុខ​ឲ្យ​មានការ​ប្រហារជីវិត​រូបលោក​ផង​។ ប៉ុន្តែ​ពីរ​ឆ្នាំ​ក្រោយមក សភា​លី​ប៊ី​ដែ​ស្ថិតនៅ Tobruk ដែល​ប្រកួតប្រជែង​អំណាច​គ្នា​ជាមួយ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​នោះបាន​សម្រេច​លើកលែងទោស​ដល់​លោក ហើយ​បន្ទាប់មក​ក៏មាន​ការដោះលែង​លោក​ឲ្យ​មាន​សេរីភាព​តែម្តង​។​

​បើតាម​មេធាវី​ខាងលើ ទីតាំង​ដែល​លោក Al-Islam ស្ថិតនៅ​នោះ​មិនអាច​បង្ហើប​ឲ្យ​គេ​ដឹង​ជា​សាធារណៈ​បានឡើយ​ដោយសារ​វា​ពាក់ព័ន្ធ​នឹង​សុវត្ថិ​របស់លោក​។ លោក​អះអាងថា បើ​លោក​ហ៊ាន​ចេញមុខ​នៅពេល​បច្ចុប្បន្ន លោក​នឹង​ត្រូវគេ​ធ្វើឃាត​ភ្លាមៗ​។ យ៉ាងណាក៏ដោយ មេធាវី​រូបនេះ​បង្ហើប​ថា លោក Al-Islam នឹង​ផ្តល់​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​លី​ប៊ី​តាម​កញ្ចក់​ទូរទស្សន៍​នៅពេលដែល​វេលា​សមស្រប​មកដល់​នោះ​ដើម្បី​ឈានទៅ​ការបោះឆ្នោត ហើយ​លោក​សង្កត់ធ្ងន់ថា ការ​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​នេះ​មិនមែន​លោក Al-Islam ចង់​សងសឹក​ឲ្យ​ឱ​ពុក​លោក​ដែល​ត្រូវគេ​ធ្វើឃាត​ឡើយ​៕ 


Tag:
 លី​ប៊ី​
  Saif Al-Islam Gaddafi
© រក្សាសិទ្ធិដោយ thmeythmey.com