ជាតិ
សង្គមជាតិ
ចូលឆ្នាំ​ខ្មែរ​៖ ក្រសួង​ការងារ​ប្រកាស​ឲ្យ​និយោជិត​ឈប់សម្រាក​៤​ថ្ងៃ
24, Mar 2018 , 9:19 pm        
រូបភាព
ដោយ:
​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាស​ឲ្យ​កម្មករ​-​និយោជិត អាច​ឈប់សម្រាក​ការងារ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤​ដល់​១៧​មេសា សម្រាប់​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។ ការឈប់​សម្រាក​៤​ថ្ងៃនេះ ដោយសារ​ក្រសួង​ការងារ បន្ថែម​ថ្ងៃ​ឈប់​មួយថ្ងៃ​ទៀត ជំនួស​ឲ្យ​ថ្ងៃអាទិត្យ​ទី​១៥ មេសា ។​



​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ការងារ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែមីនា បានបញ្ជាក់​ដូច្នេះ​ថា​៖ ក្នុងករណី​ចាំបាច់​បំផុត ដែល​សហគ្រាស​គ្រឹះស្ថាន មិនអាច​បញ្ឈប់​សកម្ម​ភាព​របស់ខ្លួន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខ ត្រូវ​សម្រួល​ជាមួយ​កម្មករនិយោជិត​របស់ខ្លួន ឲ្យ​មានការ​ស្ម័គ្រចិត្ត ហើយ​បែង​ចែកពេល​សម្រាក​ឲ្យ​បាន​សមស្រប​។ កម្មករនិយោជិត​ដែល​ធ្វើការ​នៅ​ថ្ងៃ​ចូលឆ្នាំ មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​បន្ថែម ដែលមាន​ចំណូល​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​»​។​

​បន្ថែម​ពីនេះ​ក្រសួង​ការងារ ក៏​អំពាវនាវ​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស និង​គ្រឹះស្ថាន គួរ​ចាត់តាំង​ឲ្យ​មានការ​លេងល្បែង​ប្រជាប្រិយ ដើម្បី​លើកទឹកចិត្ត​ដល់​កម្មករនិយោជិតរ​បស់​ខ្លួន និង​អបអរសាទរ​ពិធីបុណ្យ​ពិធីបុណ្យ​ចូលឆ្នាំ​ផង​៕


Tag:
 បុណ្យចូលឆ្នាំ​ខ្មែរ​
  ថ្ងៃ​ឈប់សម្រាក​
 ​ ឆ្នាំ​ថ្មី​
  ​ក្រសួង​ការងារ​
  ​កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com