អន្តរជាតិ
វៀតណាម ត្រៀម​ដំឡើងរថយន្ត​តាម​ផ្សារ​ដើម្បី​ពិនិត្យ​អាហារ​គីមី និង​អាហារ​គ្មាន​គុណភាព​
25, Mar 2018 , 1:59 pm        
រូបភាព
ដោយ:
​ក្រុង​ហាណូយ ត្រៀម​ដំឡើងរថយន្ត ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​ផ្នែក​ចំណីអាហារ​ច្រើន​គ្រឿង​ដើម្បី​ពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​ផ្សារ​, ផ្សារ​ទំនើប និង​អាហារ​តាម​ហាង​នានា ។ ចំណាត់ការ​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់ និង​ការដាក់​អាហារ​ដែល​គ្មាន​គុណភាព​នៅតាម​ទីផ្សារ ។



​អនុប្រធាន​មន្ទីរ​សុខាភិបាល​វៀតណាម លោក Trần Văn Chung នៅ​ថ្ងៃ​២១ មីនា បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨​នេះ ក្រុង​ហាណូយ នឹង​បំពាក់​រថយន្ត​ពិនិត្យ​ចំណីអាហារ​ចំនួន​ប្រាំ​គ្រឿង​នៅតាម​ផ្សារ​នានា ដើម្បី​ពិនិត្យ​គុណភាព​ចំណីអាហារ មុនពេល​ប្រជាជន​ជាវ​យកទៅ​បរិភោគ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam News

​តាម​អះអាង​របស់លោក​អនុប្រធាន​មន្ទីរ​ដដែល​នោះ នៅពេលដែល​រថយន្ត​ទាំងនោះ បាន​ពិនិត្យ​លើ​ចំណីអាហារ​រួចហើយ គេ នឹង​បង្ហាញ​ពី​លទ្ធផល​ទៅលើ​ផ្ទាំង​កញ្ចក់​តែម្តង ហើយ ប្រសិនបើ ផលិតផល​ចំណីអាហារ​ណាមួយ រកឃើញថា មាន​ផ្ទុក​សារធាតុ​គីមី អាជ្ញាធរ នឹង​រឹបអូស​ផលិតផល​ទាំងនោះ​តែម្តង ។

​លោក សង្កត់ធ្ងន់ថា​៖« នេះ គឺជា​គោលនយោបាយ​មួយ ដែល​បង្ហាញថា រដ្ឋាភិបាល​ពិតជា​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ចំណីអាហារ​ក្នុងការ​រស់នៅ​របស់​ប្រជាជន​» ។

​បើតាម​អនុប្រធាន​មន្ទីរ នេះ មិនមែនជា​លើកដំបូង​ឡើយ ដែល ក្រុង​ហាណូយ បំពាក់​រថយន្ត​តាម​ផ្សារ​នានា​ដើម្បី​ពិនិត្យ​គុណភាព​ចំណីអាហារ​នោះ ។ លោក អះអាងថា កន្លងមក រដ្ឋាភិបាល​វៀតណាម បាន​ដំឡើង​ឧបករណ៍​បច្ចេកវិទ្យា​តាម​មធ្យោបាយ​ជាច្រើន​នៅក្នុង​សង្វាក់​ផលិតកម្ម និង​ធ្វើការ​ជាមួយនឹង​ប្រជាជន​តាម​តំបន់​ក្នុងការ​គ្រប់គ្រង​ចំណីអាហារ ដែលមាន​បន្លែ​ជាដើម ។

​ខណៈ​ទទួលស្គាល់​ពី​បញ្ហា​ជាច្រើន ដែល រដ្ឋាភិបាល​វៀតណាម ត្រូវ​ប្រឈម លោក​អនុប្រធាន បានលើកឡើង​ប្រជាជន ដែល​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ចំណីអាហារ និង​អាជីវកម្ម តែងតែ​មើល​ផលប្រយោជន៍​ជាធំ ដែល​កត្តា​នេះ ធ្វើ​ឲ្យ​ពួកគេ បរាជ័យ​ក្នុង​ការគោរព​តាមច្បាប់​សុវត្ថិភាព​ចំណីអាហារ និង​ខ្វះ​ការទទួលខុសត្រូវ ក្នុងការ​ធានា​ឲ្យ​បាន​សុខភាព​សហគមន៍ ៕



Tag:
 វៀតណាម​
  ចំណីអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com