អន្តរជាតិ
បាតុករ​ថៃ​ទាមទារ​ឲ្យ​កងទ័ព​ឈប់​គាំទ្រ​របប​សឹក​
25, Mar 2018 , 3:59 pm        
រូបភាព
រូបភាព៖ Bangkok Post
រូបភាព៖ Bangkok Post
​នៅ​ថ្ងៃទី​២៤ ខែមីនា ក្រុមបាតុករ​ថៃ​ប្រមាណ​បួន​រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ខាងមុខ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​ដើម្បី​ទាមទារ​ឲ្យ​យោធា​ឈប់​គាំទ្រ​របប​សឹក​ដែល​កំពុង​ដឹកនាំ​ប្រទេស​។ នេះ​គឺជា​រលក​តវ៉ា​ដ៏​ធំ​មួយទៀត​ប្រឆាំង​រដ្ឋាភិបាល​របស់​ក្រុម​ឧ​ត្ត​ម​សេនីយ៍​កាន់អំណាច ដែល​ចោមរោម​ដោយ​អំពើពុករលួយ និង​បរាជ័យ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ម្ដង​ហើយ​ម្ដងទៀត​។ បាតុករ​ក៏​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​នៅក្នុង​ឆ្នាំ​២០១៨ នេះដែរ​។​



​កម្សួល​នៃ​ការមិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​របប​សឹក​ថៃ​ដែល​កាន់អំណាច​ដោយសា​រដ្ឋប្រហា​រ បាន​កើន​ឡើងជា​លំដាប់​។ នៅ​ថ្ងៃទី​២៤ ខែមីនា​ម្សិលមិញ ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​បាន​ដង្ហែរ​ក្បួន​ពី​សាកលវិទ្យាល័យ​ធម្មសាស្ត្រ រួច​ធ្វើដំណើរ​ទៅ​ប្រមូលផ្ដុំ​នៅខាងមុខ​ទីបញ្ជាការ​កងទ័ពជើងគោក​តែម្ដង​។ បាតុករ​ប្រមាណ​បួន​រយ​នាក់​បានស្នើ​ឲ្យ​យោធា​ឈប់​គាំទ្រ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់ (NCPO) ដែលជា​របប​សឹក​ដឹកនាំ​ប្រទេស​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ កម្លាំង​សន្តិសុខ​ប្រមាណ​៦០០​នាក់​មាន​ប៉ូលិស និង​កម្លាំង​បង្ក្រាប​បាតុកម្ម ត្រូវបាន​ពង្រាយ​ដើម្បី​ទប់ទល់​ស្ថានការណ៍​។ នៅពេល​ព្រលប់ ក្រុមបាតុករ​បាន​ទម្លាយ​រនាំង​ការពារ​សន្តិសុខ រួច​ក៏បាន​ប្រមូលផ្ដុំ​ខាងមុខ​ច្រកចូល​បញ្ជាការដ្ឋាន​។ មេដឹកនាំ​ការប្រមូលផ្ដុំ​លោក Rangsiman និយាយថា ក្បួន​ដង្ហែរ​លើក​នេះ​មាន​គោលដៅ​ទាមទារ​ឲ្យ​កងទ័ព​ឈប់​គាំទ្រ NCPO និង​គាំទ្រ​ប្រជាជន​វិញ មិនមែន​ស្នើ​ឲ្យ​មានការ​លាលែង​តំណែង​អ្វី​ទេ​។​

​ដោយឡែក លោក Sirawith Seritiwat មេដឹកនាំ​ក្រុមបាតុករ​ម្នាក់ទៀត ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាលយោធា​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ នេះ ហើយ​បើ​កងទ័ព​មិន​ធ្វើតាម​សំណើ​ទេ នោះ​បាតុករ​នឹង​ទាមទារ​ឲ្យ​មេទ័ព​ជើងគោក​លាលែង​ពី​តំណែង​មិន​ខាន​។ មេដឹកនាំ​បាតុករ​រូបនេះ ទំនងជា​ចង់​និយាយ​គំរាម​ឧ​ត្ត​ម​សេនីយ៍ Chalermchai Sitthisad មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អគ្គលេខាធិការ NCPO ដែលមាន​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​ប្រធាន​។​

​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ទាំងនេះ​ក៏បាន​កំណត់​ថ្ងៃ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ខែឧសភា ក្នុង​គោលដៅ​ទាមទារ​ឲ្យ NCPO ចុះចេញ និង​រៀបចំ​ការបោះឆ្នោត ខណៈ​ឆ្នាំ​២០០១៨ គឺជា​ខួប​ទី​៤ នៃ​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ ។ ការបោះឆ្នោត​ត្រូវបាន​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត ហើយ​ចុង​ក្រោយនេះ​ការសន្យា​រៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ក៏​ត្រូវបាន​ពន្យារពេល​ទៀត​រហូតដល់​ខែកុម្ភៈ ឆ្នាំ​២០១៩ ឯណោះ​។  

​ប្រជាជន​ថៃ​កាន់តែ​មិន​សប្បាយ​ចិត្តនឹង​ការដឹកនាំ​របស់​ក្រុម​យោធា និង​បានរៀបចំ​ការតវ៉ា​ជា​បន្តបន្ទាប់​។ ទោះជា​បើកដៃ​ឲ្យ​មាន​ការតវ៉ា​ក្ដី របប​សឹក​ថៃ​នៅតែ​រឹតបន្តឹង​ការជួបជុំ​ផ្នែក​នយោបាយ​ដដែល ហើយ​មេដឹកនាំ​បាតុកម្ម​ខ្លះ​ជាប់​ពាក់ព័ន្ធ​ក្ដីក្ដាំ​នៅឯ​តុលាការ​ទៀតផង​។ ការហាមឃាត់​ផ្នែក​នយោបាយ គ្រោង​នឹង​លុបចោល​នៅ​ខែមេសា ដើម្បី​ឲ្យ​ស្របតាម​ច្បាប់​ថ្មី និង​ផ្ដល់ឱកាស​ឲ្យ​បក្សនយោបាយ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត ទោះជា​មិនទាន់មាន​កាលបរិច្ឆេទ​ច្បាស់​ក្ដី​៕ 


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com