អន្តរជាតិ
លោក ស៊ី ជិនភីង៖ ចិនជាមិត្តស្មោះត្រង់ និងជាដៃគូគួរឲ្យទុកចិត្តរបស់ប្រទេសកំពុងអភិវឌ្ឍ ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីកាមេរូន ផូល ប៊ីយ៉ា ដើរត្រួតពល (រូបភាព៖ Xinhua
× ប្រធានាធិបតីចិន ស៊ី ជិនភីង និយាយថា ចិនគឺជាមិត្តស្មោះត្រង់ និងជាដៃគូគួរឲ្យទុកចិត្តរបស់ប្រទេសកំពុងអភិវឌ្ឍ។ លោក ស៊ី ជិនភីង និយាយបែបនេះក្នុងជំនួបជាមួយប្រធានាធិបតីកាមេរូន ផូល ប៊ីយ៉ា ដែលធ្វើទស្សនកិច្ចនៅទឹកដីចិននៅពាក់កណ្ដាលសប្ដាហ៍នេះ។
លោក ស៊ី ជិនភីង ដែលទើបឆ្នោតជាប្រធានាធិបតីចិនអាណត្តិទីពីរ បានជួបជាមួយមេដឹកនាំរដ្ឋអាហ្វ្រិកកាម៉េរូន ផូល ប៊ីយ៉ា នៅថ្ងៃទី២២ ខែមីនា។ ប្រធានាធិបតីចិនរូបនេះបានបញ្ជាក់ពីជំហររបស់ចិនក្នុងការពង្រឹងទំនាក់ទំនងជាមួយអាហ្វ្រិកដោយឈរលើគោលការណ៍ស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក ស៊ី ជិនភីង និយាយថា ចិនត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយកាមេរូនលើការរក្សាសន្តិភព សន្តិសុខ និងកិច្ចការអន្តរជាតិដើម្បីការពារផលប្រយោជន៍ប្រទេសអាហ្វ្រិក និងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត។ លោកប្រធានាធិបតីក៏បានលើកទឹកចិត្តឲ្យកាមេរូនចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាចាប់ដៃចិនដើម្បីជំរុញការកសាងទំនាក់ទំនងអន្តរជាតិដោយពឹងផ្អែកលើការគោរពគ្នា សមភាព យុត្តិធម៌និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
«ចិនប្រកាន់ខ្ជាប់គោលការណ៍យុត្តិធម៌ និងផលប្រយោជន៍រួម ព្រមទាំងកសាងទំនាក់ទំនងជាមួយអាហ្វ្រិកដោយឈរលើគោលការណ៍ស្មោះត្រង់ និងទំនាក់ទំនងស្អិតល្មួត»។ នេះជាសម្ដីរបស់ប្រមុខរដ្ឋចិនក្នុងជំនួបជាមួយសមភាគីកាមេរូន មុននឹងបន្តថា ចិននឹងឈរជាមួយប្រទេសកំពុងអភិវឌ្ឍជានិច្ច និងធ្វើជាមិត្តភក្តិស្មោះត្រង់ និងជាដៃគូទុកចិត្តបាន មិនថាស្ថានភាពអន្តរជាតិប្រែប្រួល ឬចិនអភិវឌ្ឍដល់ណាឡើយ។
ជាការឆ្លើយតប លោក ប៊ីយ៉ា បានអរគុណចិន និងនិយាយលើកសរសើរគម្រោងរបស់ចិននៅកាមេរូន ដែលបានផ្ដល់បានផ្ដល់ប្រយោជន៍ផ្ទាល់ដល់ប្រជាជនកាមេរូន។ ប្រធានាធិបតីកាមេរូនរូបនេះសង្កត់ធ្ងន់ថា ជំនួយរយៈពេលវែងរបស់ចិនបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកាមេរូន ហើយប្រទេសលោកស្វាគមន៍ការវិនិយោគកាន់តែច្រើនរបស់ចិនលើគ្រប់វិស័យទាំងអស់។
សូមរម្លឹកបន្តិចថា វត្តមានរបស់ចិននៅអាហ្វ្រិក បានរងការរិះគន់ខ្លាំងពីសំណាក់អាមេរិក។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិនបានហៅជំនួយរបស់ចិន ជាការលើកទឹកចិត្តឲ្យមានការពឹងផ្អែកគេ តាមរយៈការប្រើប្រាស់កិច្ចសន្យាដែលស្រពេចស្រពិល ការផ្តល់កម្ចីដែលមានការកេងប្រវ័ញ្ច។ លើសពីនោះ កិច្ចព្រមព្រៀងទាំងឡាយក៏ជាប់ពាក់ព័ន្ធអំពើពុករលួយ ដែលធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងបំណុល និងបាត់បង់ដែនអធិបតេយ្យភាពរបស់ខ្លួនផងដែរ៕
Tag:
ចិន
ស៊ី ជិនភីង
កាមេរូន
© រក្សាសិទ្ធិដោយ thmeythmey.com