ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នារី​គួរ​កាត់បន្ថយ​ក្តី​រំពឹង​ខ្ពស់​ក្នុង​រឿង​ស្នេហា ដើម្បី​ការពារ​ភាពឈឺចាប់​
25, Mar 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ «​មាន​ស្នេហា មានការ​ឈឺចាប់​»​។ នេះ​គឺជា​សុភាសិត​មួយ​ឃ្លា ដែល​ផ្ដល់​ដំបូន្មាន និង​ដាស់តឿន​យុវជន​ប្រុស​-​ស្រី កុំ​ឲ្យ​លលេង​ជាមួយ​រឿង​ស្នេហា​។ សុភាសិត​នេះ នៅតែ​បន្ត​មក​ដាស់​អារម្មណ៍​នារី​នាពេល​បច្ចុប្បន្ន ឲ្យ​គិត​ច្បាស់លាស់​មុន នឹង​ចង់​ផ្ដើម​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់ ព្រោះថា​មាន​ស្នេហា​ត្រូវ​ប្រឈមមុខ​នឹង​ភាពឈឺចាប់​គ្រប់ពេលវេលា​។



«​បុប្ផា​» គឺជា​ឈ្មោះ​ប្រឌិត សម្រាប់​នារី​ម្នាក់ ដែល​ធ្លាប់​រងគ្រោះ​ព្រោះ​ស្នេហា​។ ស្នេហា​ដំបូង​របស់​ស្ត្រី​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​ផ្ដើម​នៅពេលដែល​នាង​រៀន​ថ្នាក់​ទី​១១ ហើយ​ពួកគេ​សន្យាថា នឹង​រៀបការ​ជាមួយគ្នា​ពេល​រៀន​ចប់​។ ដោយសារតែ​ការទុកចិត្ត នាង​ក៏​ព្រម​ប្រគល់​ខ្លួន​ឲ្យ​ទៅ​សង្សារ​របស់​នាង តែមួយ​ឆ្នាំ​ក្រោយមក សង្សារ​របស់​នាង​បាន​សុំ​បែក​ពី​នាង​។

​ការឈឺចាប់​ក្នុង​ស្នេហា​ដំបូង បុប្ផា បាន​ប្ដូរ​ពី​នារី​ដែលមាន​ភាព​រីករាយ ក្លាយជា​ស្ត្រី​ម្នាក់​ដែល​ចូលចិត្ត​ដើរលេង​ច្រើន និង​ចូលចិត្ត​ផឹកស្រា ដើម្បី​បំភ្លេច​ភាពឈឺចាប់​។ ទីបំផុត​នាង​ក៏​រត់​ចេញពីផ្ទះ ហើយ​ក្លាយខ្លួនជា​ស្ត្រី​បម្រើសេវា​ផ្លូវភេទ​។ នារី​សម្បុរ​ស និង​មាន​រាង​តូច​ស្ដើង​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖ «​ក្រោយ​ពេលដែល​ប៉ា​ម៉ាក់​ខ្ញុំ​ដឹង គាត់​តែងតែ​ស្ដីបន្ទោស​ឲ្យ​ខ្ញុំ​។ ពេលនោះ​ខ្ញុំ​មិន​ចង់​នៅផ្ទះ​ទេ ខ្ញុំ​ធុញថប់ គឺមាន​តែ​ចេញ​ក្រៅ ផឹកស្រា ទើប​ខ្ញុំ​ភ្លេច​រឿង​ពិបាក​ចិត្តបាន​មួយគ្រាៗ​»​។​

​ក្លាយជា​នារី​បម្រើ​ផ្លូវភេទ ជា​លទ្ធផល​មួយរបស់បុប្ផា ​បន្ទាប់ពី​បែកបាក់​ស្នេហា​។ ប៉ុន្តែ​ជម្រើស​របស់ បុប្ផា ដែល​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយជា​នារី​បម្រើ​ផ្លូវភេទ​នេះ ជា​ជម្រើស​មិន​សមស្រប​នឹង​ទស្សនៈ​សង្គម ដែល​កំពុង​លើ​កម្ពស់​តម្លៃ​ស្ត្រី​ឡើយ​។​

​ផ្ទុយ​ពី បុប្ផា ដែល​បណ្ដោយ​ខ្លួន​ចូល​ភព​ងងឹត​កាន់តែ​ជ្រៅ​នេះ កញ្ញា គ​ន្ធា បាន​យក​ការឈឺចាប់​នេះ មក​ធ្វើជា​បទពិសោធន៍​នៅក្នុង​ជីវិត ដើម្បី​ជ្រើសរើស​បុរស​ដែល​ល្អ​សម្រាប់​រូបនាង​។ គ​ន្ធា ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ឆ្នាំ​ទី​៣ បាន​ខកចិត្ត​ក្នុង​រឿង​ស្នេហា​ចំនួន​៣​ដង​រួចមកហើយ​ក្ដី ក៏​វា​មិនមែនជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​នាង គិត​ខ្លី​ចំពោះ​អនាគត​ខ្លួន​ឡើយ​។ សម្រាប់​ គ​ន្ធា ក្រោយពី​ទំនេរ​ពី​ការសិក្សា កញ្ញា​តែងតែ​ឆ្លៀត​ទៅ​ចូលរួម​សិក្ខាសាលា និង​ការងារ​សង្គម ដែល​កញ្ញា​ចូលចិត្ត ដើម្បី​បំបាត់​ទុក​ក្រៀមក្រំ ដែល​កើតចេញពី​ការបែកបាក់​ស្នេហា​នេះ​។

​ស្ត្រី​មាន​សម្បុរ​ស្រអែម​ស្រស់​រូបនេះ និយាយថា​៖ «​ឈឺចាប់​ណាស់​ពេល​បែក​គ្នា​ដំបូង ប៉ុន្តែ​មានតែ​កាត់ចិត្ត បើ​ប្រឹង​ពិបាកចិត្ត​ក៏​គេ​មិន​មកវិញ​ដែរ មានតែ​គេ​មើលងាយ​ថែម​។ បើ​អ្នកថ្មី​មក ខ្ញុំ​មើលទៅ​ថា​អាច​ទទួលយកបាន​ខ្ញុំ​នឹង​ទទួលយក​»​។​

​អ្នកជំនាញ​ដោះស្រាយ​វិបត្តិ​ស្នេហា កញ្ញា នាង សុ​វ៉ាត​នា ហៅ Dj NaNa លើកឡើងថា ការបែកបាក់​ស្នេហា​ដំបូង អាចធ្វើ​ឲ្យ​មនុស្ស​ស្រី​មានការ​ខ្លាចរអា ឬ​សម្រេចចិត្ត​លើ​អ្វីមួយ​ដែល​ខុស​លើ​បញ្ហា​អនាគត​ខ្លួន​។ ប៉ុន្តែ​ពេលខ្លះ​ភាពឈឺចាប់​ក្នុង​រឿង​ស្នេហា​នេះ ក៏​ធ្វើ​ឲ្យ​ស្ត្រី​មាន​ភាពរឹងមាំ​ច្រើនជាង​មុន ក្នុងការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ដែលមាន​ការគិត​ពិចារណា​ឲ្យ​បានច្បាស់លាស់ ជាជាង​ការសម្រេចចិត្ត​ទៅ​តាមតែ​បេះដូង​។ ដើម្បី​កាត់បន្ថយ​ការឈឺចាប់ ក្រោយពេល​បែកបាក់ស្នេហានោះ ​កញ្ញា ណា​ណា លើកឡើងថា ស្ត្រី​កុំ​រំពឹងទុក​ខ្ពស់​ក្នុង​រឿង​ស្នេហា ព្រោះ​បុរស​អាចមាន​ចិត្ត​ផ្ដល់​តម្លៃ​ទាប ក្នុង​រឿង​ស្នេហា​ជាង​ស្ត្រី ដើម្បី​ទុក​ផ្លូវ​ដើរ​ផ្សេង​ក្នុង​រឿង​ស្នេហា​របស់​ពួកគេ​។​

Dj NaNa ដែល​ល្បី​ខាង​ដោះស្រាយ​វិបត្តិ​ស្នេហា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ « មនុស្ស​ស្រី​ត្រូវ​បន្ថយ​ការរំពឹងទុក​ខ្ពស់​របស់ខ្លួន លើ​ស្នេហា​ដែល​កំពុងមាន​។ ត្រូវ​ចាំ​ថា​មនុស្ស​យើង​ទោះជា​កំពុង​ស្រលាញ់គ្នា ក៏​នៅតែមាន​ជម្រើស​សម្រាប់​ខ្លួនឯង​រៀងៗ​ខ្លួន​ដែរ ដូច្នេះ​ត្រូវ​គិតពី​ជីវិត​ខ្លួនឯង​សិន​មុនពេល​គិតដល់​ជីវិត​គូ​»​។​

​លោក​វេជ្ជបណ្ឌិត​ចិត្តសាស្ត្រ ឈឹម សុធា​រ៉ា បាន​និយាយថា វិបត្តិ​ស្នេហា អាចធ្វើ​ឲ្យ​មនុស្ស​លែង​ហ៊ាន​ទទួល​ស្នេហា​ថ្មី មាន​ជំងឺ​បាក់​ទឹកចិត្ត ផ្លាស់​ទៅ​ស្រលាញ់​មនុស្ស​ភេទ​ដូចគ្នា ឬ​ទៅជា​ស្រលាញ់​សត្វ​វិញ​ម្ដង​។ បើ​កាន់តែ​ធ្ងន់ធ្ងរ វិបត្តិ​ស្នេហា​អាចធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​សម្លាប់ខ្លួន ឬ​សម្លាប់​មនុស្ស​ដែល​ខ្លួនឯង​ស្រលាញ់​ទៀតផង​។ បើតាម​លោក ឈឹម សុធា​រ៉ា វិធី​ព្យាបាល ឬ​កាត់បន្ថយ​ការឈឺចាប់​ដោយសារ​ស្នេហា​ទាំងនេះ គឺមាន​តែ​ការព្យាបាល​តាមរយៈ​ចិត្តសាស្ត្រ ឬ​ពី​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់​វិបត្តិ​ស្នេហា កុំ​ឲ្យ​ឈានទៅ​កាន់​ភាព​ធ្ងន់ធ្ងរ ៕


Tag:
 សង្គម​
 ​ស្នេហា​
 ​ការសិក្សា​
 ​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com