អន្តរជាតិ
ម៉ុលដូវ៉ា៖ បុរសបោកគ្រាប់បែកព្រោះខឹងអ្នកលក់មិនលក់ស្រាឲ្យខ្លួន
× បុរសម្នាក់បានបោកគ្រាប់បែកចូលទៅក្នុងហាងទំនិញមួយនៅក្រុង Chisinau ប្រទេសម៉ុលដូវ៉ា កាលពីពេលថ្មីៗកន្លងមកនេះ ដោយសារតែរូបគេខឹងអ្នកលក់មិនលក់ស្រាឲ្យខ្លួន និងមិត្តភក្តិម្នាក់ទៀត។ នេះបើតាមការផ្សាយរបស់កាសែតបារាំង 20minutes.fr ។
ឈានដល់ម៉ោង១២យប់ទៅហើយ បុរសពីរនាក់បានចូលទៅក្នុងហាងទំនិញមួយដើម្បីទិញស្រា ប៉ុន្តែអ្នកលក់បានបដិសេធ។ ក្រសួងមហាផ្ទៃរបស់សាធារណរដ្ឋម៉ុលដូវ៉ា បានបញ្ជាក់ឲ្យដឹង ថា បុរសម្នាក់ខឹងសម្បាយ៉ាងខ្លាំង បន្ទាប់គេបានសម្រេចបោកគ្រាប់បែក ដែលបណ្តាលឲ្យស្លាប់ខ្លួនឯង និងបុរសម្នាក់ទៀត ហើយមនុស្សជាច្រើននាក់បានរងរបួស។
បើតាមប្រធានការិយាល័យប៉ូលិសស៊ើបអង្កេតរបស់ម៉ុលដូវ៉ា លោក Alexandre Panzari ដំបូងឡើយ បុរសដែលបង្កហេតុនោះ មានជម្លោះជាមួយអ្នកលក់តាំងពីដំបូង ដោយសារតែគេមិនចង់បង់លុយថ្លៃបារីពីរកញ្ចប់ ហើយបន្ទាប់មកចង់ទិញស្រាបន្ថែមទៀត។
ប៉ូលិសជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀតលើករណីនេះ។ សាធារណរដ្ឋម៉ុលដូវ៉ា (ម៉ុលដាវី តាមសំនៀងជាភាសាបារាំង) ស្ថិតនៅចន្លោះប្រទេសរូម៉ានី និងអ៊ុយក្រែន ហើយក៏ជាប្រទេសក្រីក្រមួយជាងគេនៅទ្វីបអឺរ៉ុប។
តួលេខមួយរបស់ធនាគារពិភពលោកកាលពីឆ្នាំ២០១៥ បានបង្ហាញថា អត្រានៃការផឹកស្រារបស់ពលរដ្ឋម្នាក់ៗនៅប្រទេសដែលបំបែកចេញពីអតីតសហភាពសូវៀតមួយនេះ គឺ១៧.៤លីត្រ ៕
Tag:
ស្រវឹង
ម៉ុលដូវ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com